ជាតិ
លោក លី សុវណ្ណ ថា មាន​អ្នកជំងឺ​ផ្ដាសាយជ្រូក​ សម្រាក​ព្យាបាល​ជា​រៀងរាល់ថ្ងៃ
19, Feb 2016 , 5:17 pm        
រូបភាព
​អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល លោក លី សុវណ្ណ បាន​បញ្ជាក់ថា នៅ​កម្ពុ​ជាមាន​អ្នក​កើត​ជំងឺ​ផ្ដាសាយ H1N1 ដែល​គេ​ស្គាល់​ថា​ជា​ផ្តាសាយ​ជ្រូក​នោះ មក​ព្យាបាល​រាល់ថ្ងៃ រាល់​សប្ដាហ៍ ហើយ​ត្រូវបាន​ព្យាបាល​សះស្បើយ​។​



​លោក លី សុវណ្ណ បាន​បញ្ជាក់ថា ជំងឺ​ផ្ដាសាយ​ប្រភេទ​នេះ គឺ​តែងមាន​ឆ្លង​ជាធម្មតា ដែលមាន​អ្នកជំងឺ​មក​ព្យាបាល​នៅតាម​បណ្ដា​សុខាភិបាល ។ តែ​លោ​កថា បើ​អ្នក​កើត​ជំងឺ​ផ្ដាសាយ​H1N1 នេះ មានការ​រលាក​សួត នោះ​ពួកគេ​ត្រូវ​ទទួលបាន​ការព្យាបាល​ដោយ​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ និង​ព្យាបាល​ពិនិត្យ​លើ​បា​តេ​រី​នោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ជំងឺ​ផ្ដាសាយ​H1N1​នេះ គឺជា​ជំងឺ​ផ្ដាសាយ​ប្រភេទ​ចាស់ ដែល​យើង​បាន​ព្យាបាល​ជាធម្មតា ដូចជា​ការព្យាបាល​បញ្ចុះ​កំដៅ ឲ្យ​អ្នកជំងឺ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ហាត់ប្រាណ​ឲ្យ​ទៀងទាត់​ជាដើម​។ ហើយ​វា​មិនមែនជា​ជំងឺ​ដែល​យើង​មានការ​ព្រួយបារម្ភ​ដូច​មុន​ឡើយ សូម្បីតែ​រាល់ថ្ងៃនេះ​ក៏មាន​អ្នក​មក​ព្យាបាល​ជំងឺ​នេះដែរ​»​។​

​បើតាម​លោក លី សុវណ្ណ អ្នក​ដែល​កើត​ជំងឺ​ផ្ដាសាយ​H1N1​នេះ ហើយ​ប៉ះពាល់​ដល់​ជីវិត​នោះ លុះត្រាតែ​ភាពស៊ាំ​របស់​ពួកគេ​ខ្សោយ​ខ្លាំងពេក ដែល​អាចធ្វើ​ឲ្យ​មេរោគ​ចូលក្នុង​ខ្លួន​ពួកគេ បង្ក​ទៅ​ឲ្យ​ប៉ះពាល់​ដល​បេះដូង និង​ផ្លូវដង្ហើម​ជាដើម​។ លោក​ថា ជំងឺ​ផ្ដាសាយ​H1N1 អាច​គឺ​កើតឡើង​ប្រែប្រួល​តាម​រដូវ ដូច្នេះ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ និង​មនុស្ស​ចាស់​ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើងទៅ គួរតែ​ទៅ​ចាក់​វ៉ាកសាំង​ការពារ​ជំងឺ​ផ្ដាសាយ​នេះ និង​ជំងឺ​ផ្សេងៗ​។​

​ជំងឺ​ផ្ដាសាយ H1N1 ដែល​គេ​ស្គាល់​ថា​ជា​ផ្តាសាយ​ជ្រូក បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០០៩ នៅតាម​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក ហើយ​ជំងឺ​នេះ​ក៏បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់បាត់​បង់ជីវិត​ច្រើន​ផងដែរ ក្នុងអំឡុង​ឆ្នាំ​២០០៩ និង​២០១០ ។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ​៕


© រក្សាសិទ្ធិដោយ thmeythmey.com