ពីនេះ ពីនោះ
កុំ​អាង​កេរ​ឪ​!
21, Feb 2016 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
 កុំ​អាង​កេរ​ឪ​!
​កំណាព្យ ពាក្យ​៨


 
-​ថ្លែង​ពី​គ្រួសារ​មហា​សម្បូរ​ ​សម្បត្តិ​ហៀរហូរ​សម្បូរ​មិន​ខ្វះ​
​ក្នុង​ទឹក​មាន​ត្រី​ដី​រ៉ែ​ព្រៃ​ក្រាស់​ ​កូន​សប្បាយ​ណាស់​ចាយ​មិន​ស្រណោះ​។​
-​លក់​ចាយ ចាយ​លក់​វក់​នឹង​ហ៊ឺហា​ ​មិនដែល​ខ្វល់​ថា​មាន​ថ្ងៃ​ណា​អស់​
​កេរ​ឪ​ចែក​ឲ្យ​ក្រពះ​ក្រៀមក្រោះ​ ​ខ្លួនឯង​ចាយ​អស់​កូនចៅ​បាន​អី​?
-​ចំណេះ​មិនមាន​រៀន​ក៏​មិន​ប្រឹង​ ​គេ​ថា​អាង​ខឹង​ប្រឹង​ប្រាប់​កុំ​ស្តី​
​គិតថា​ខ្លួន​ខ្លាំង​តាំង​ជា​សេដ្ឋី​ ​ចាយ​កេរ​ខុស​អី​កេរ​ឪ​ខ្ញុំ​ទេ​។​
-​បើ​ចាយ​ភ្លេច​គិត​ពិតណាស់​ធ្លាក់​ជ្រោះ ​មាន​គ្រា​ជូ​ប​គ្រោះ​ព្រោះ​ភ្លេច​រិះរេ​
​អាង​កេរ​ស្តុកស្តម្ភ​មិន​ខំ​នឹង​គេ​ ​ក្រែង​ដល់​វ័យ​ជ្រេ​ជ្រែ​ចេញ​លែងរួច​។​
-​ឈប់​អាង​កេរ​ឪ​ប្រឹង​ទៅ​អ្នក នាង​ ​ឈប់ឈ​កាច់រាង​សប្បាយ​ច្រៀង​ហួច​
​ប្រឹងរក​វិជ្ជា​គិត​គ្នា​ផ្តើម​ផ្តួច​ ​គំនិត​គិត​កួច​ផ្តួច​ផ្តុំ​ផ្គុំ​ទ្រព្យ​។​
-​ខ្មាស​អ្នកជិតខាង​គេ​សាង​ស្នាដៃ​ ​ប្រឹង​ទាំងយប់​ថ្ងៃ​គេ​កែច្នៃ​ជាប់​
​ស្វែង​គ្មាន​ទំនេរ​គេ​ខ្លាច​អភ័ព្វ​ ​គេ​មិន​ទម្លាប់​លក់​កេរ​ដូច​យើង​៕​
 
​និពន្ធ​ដោយ ប៉ា​កា​ខ្មៅ​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com