អន្តរជាតិ
អាមេរិក​ទាត់ចោល​ការ​សុំ​ចរចា​សន្តិភាព​របស់​កូរ៉េខាងជើង​
22, Feb 2016 , 8:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby
​សហរដ្ឋអាមេរិក​បាន​ទាត់ចោល​សំណើរ​ចរចា​សន្ធិសញ្ញា​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ ដែល​ស្នើ​ដោយ​កូរ៉េខាងជើង នៅមុន​ពេលដែល​កូរ៉េខាងជើង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ក្នុង​ខែមករា​កន្លងទៅ​។ អាមេរិក​បាន​បដិសេធ​សំណើរ​នេះ ព្រោះតែ​កូរ៉េខាងជើង​មិន​ព្រម​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ដែល​អាមេរិក​ចាត់ទុក​ជាការ​គំរាមកំហែង​ដល់​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​និង​ពិភពលោក​ទាំងមូល​។



លម្អិតព័ត៌មានដោយ មុំ ពិទូរ្យ​



​របប​កុម្មុយនីស្ត​កូរ៉េខាងជើង​បានដាក់​សំណើ​រ​ចរចា​សន្តិភាព​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៥៣​។ ប៉ុន្តែ​សំណើរ​នេះ​ត្រូវបាន​បដិសេធ​ដោយ​អាមេរិក ពី​ព្រោះតែ​កូរ៉េខាងជើង​នៅតែ​បន្ត​សាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន​ដដែល​។ ក្រោយពី​អាមេរិក​បដិសេធ​ចរចា កូរ៉េខាងជើង​ក៏បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់ខ្លួន​នៅ​ថ្ងៃទី​៦ ខែមករា​។

​ព័ត៌មាន​នៃ​ការចរចា​សម្ងាត់​នេះ​ត្រូវបាន​ទម្លាយ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក John Kirby នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ខណៈ​លោក​ត្រូវបាន​អ្នកកាសែត​សួរនាំ​ពីរ​បាយ​ការ​ណ៏​របស់​កាសែត Wall Street Journal​។ បើតាម​កាសែត Wall Street Journal ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ព្យុងយ៉ាង​បាន​ចរចា​ជាសម្ងាត់​នៅ​អង្គការសហប្រជាជាតិ​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ជា​ផ្លូវការ​។

​ឆ្លើយតប​ពី​ហ្ស៊​កដា​នី លោក John Kirby និយាយថា កូ​រ៉​ខាងជើង​បាន​បញ្ជូន​សំណើរ​នេះ​មក​អាមេរិក​ដើម្បី​ពិភាក្សា​រឿង​សន្ធិសញ្ញា​សន្តិភាព​។ លោក Kirby បន្ថែមទៀតថា អាមេរិក​បាន​ពិចារណា​យ៉ាង​ដិតដល់​លើ​សំណើរ​នេះ និង​បានដាក់​លក្ខខណ្ឌ​ថា ការបោះបង់​កម្មវិធី​នុយក្លេអ៊ែ​ត្រូវតែ​ដាក់បញ្ចូល​ក្នុងការ​ពិភាក្សា​។ ប៉ុន្តែ​កូរ៉េខាងជើង​បាន​បដិសេធ​លក្ខខណ្ឌ​នេះ បើទោះបី​នេះ​ជា​គោលជំហរ​របស់​អាមេរិក​ក៏ដោយ​។       

​មិនយូរប៉ុន្មាន​ក្រោយ​ការចរចា​មិនបាន​សម្រេច កូរ៉េខាងជើង​ក៏បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ដែល​នោះ​ជាការ​សាកល្បង​លើក​ទី​៤​។ ការសាកល្បង​៣​លើក​កន្លងមក​ធ្វើឡើង​នៅ​ឆ្នាំ​២០០៦ ២០០៩ និង​២០១៣ ដែល​ការសាកល្បង​ទាំងនេះ​បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ខឹងសម្បារ​យ៉ាងខ្លាំង​។ ទណ្ឌកម្ម​ជាច្រើន​ត្រូវបាន​ដាក់​លើ​របប​កុ​ម្មុនី​ស្ត​ដើម្បី​ដាក់​គំនាប​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​នេះ តែ​ហាក់ដូចជា​មិនសូវ​បាន​ផល​នោះទេ​។

​សូមបញ្ជាក់ថា សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​១៩៥០ នៅពេល​កូរ៉េខាងជើង​ដែលមាន​ចិន​នៅ​ពីក្រោយ​លើកទ័ព​ចូល​កូរ៉េខាងត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។ សង្គ្រាម​នេះ​បញ្ចប់​នៅ​ឆ្នាំ​១៩៥៣ ដោយមាន​ការចុះ​យុទ្ធសន្តិភាព​រវាង​ភាគី​ជម្លោះ​នៅ​ភូមិ​ប៉ាន់​មុន​ជុម​។ យ៉ាងណាមិញ បើតាម​ផ្លូវច្បាប់ សង្គ្រាម​កូរ៉េ​នៅ​មិនទាន់​ចប់​ជា​ផ្លូវការ​នៅឡើយ​ទេ គឺ​កូរ៉េ​ទាំងពីរ​ស្ថិតនៅ​ជា​លក្ខណៈ​សង្គ្រាម ពីព្រោះ​មិនទាន់មាន​ការចុះ​សន្ធិសញ្ញា​សន្តិភាព​នោះឡើយ​៕


Tag:
 អាមេរិក​
 ​ ឧបទ្វីប​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com