អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​និង​កូរ៉េខាងត្បូង​ពន្យារពេល​ចរចា​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​
24, Feb 2016 , 8:39 am        
រូបភាព
​កិច្ចពិភាក្សា​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​ ស្ដីពី​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង ​ត្រូវបាន​ពន្យារពេល​សិន ខណៈ​រដ្ឋមន្ត្រីការបរទេស​ចិន ​នឹង​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ​ដើម្បី​ពិភាក្សា​បញ្ហា​នេះ​។ គម្រោង​ពង្រាយ​នេះ ​លេច​ជា​រូបរាង​នៅក្រោយ​ការបាញ់​រ៉ុក្កែត​របស់​កូរ៉េខាងជើង​ កាលពីដើម​ខែកុម្ភៈ​នេះ តែ​ត្រូវបាន​ចិន​ប្រឆាំង​យ៉ាងខ្លាំង​ ដោយ​អះអាងថា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ខ្លួន​។

 
​គម្រោង​ពិភាក្សា​ស្ដីពី​ការពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស (THAAD) របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​ ត្រូវបាន​ពន្យារពេល ដ្បិត​ចិន​បង្ហាញ​ការមិនសប្បាយចិត្ត​ ចំពោះ​ការពង្រាយ​នេះ​។ គម្រោង​ពង្រាយ​នេះ នឹង​ក្លាយជា​ប្រធានបទ​ក្ដៅ​ នៅពេលដែល​រដ្ឋមន្ត្រីការបរទេស​ចិន ​លោក វ៉ាង​យី ធ្វើ​ទស្សនកិច្ច​នៅ​វ៉ាស៊ីនតោន ដើម្បី​បង្ហាញ​ជំហរ​របស់​ចិន​ដែល​ប្រឆាំង ដាច់ខាត​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD​។  
 
​អាមេរិក ​និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​របស់ខ្លួន​ គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​ក្រុមការងារ​មួយ​ ដែល​នឹង​ឈានដល់​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ លោក Moon Sang-gyun បាន​បញ្ជាក់ថា ផែនការ​នេះ ​ត្រូវបាន​ពន្យារពេល បើទោះជា​ភាគី​ទាំងពីរ​ មានការ​ឯកភាពគ្នា​លើ​ឯកសារ​ពាក់ព័ន្ធ​អស់​ទៅហើយ​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការពន្យារ​ពេលនេះ​ ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង​យី នឹង​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​២៣​នេះ​។ ទស្សនកិច្ច​របស់​លោក វ៉ាង​យី លើក​នេះ ​ទំនងជា​ទៅ​បញ្ជាក់​ពី​គោលជំហរ​របស់​ចិន​ ចំពោះ​បញ្ហា​កូរ៉េខាងជើង ជាពិសេស ​គឺ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​តែម្ដង​។ ​អ្វី​គេ​យល់ច្បាស់​នោះ​គឺ ចិន​មិន​ព្រម​ឲ្យ​អាមេរិក​ យក​រឿងនេះ​ ដើម្បី​ពង្រឹង​ឥទ្ធិពល​ហ៊ុមព័ទ្ធ​ចិន​នោះទេ​។​
 
​បន្ទាប់ពី​ការបាញ់​រ៉ុក្កែត​ដោយ​កូរ៉េខាងជើង​នៅ​ដើមខែ​កុម្ភៈ កូរ៉េខាងត្បូង​បាន​ទទូច​ដល់​អាមេរិក​ ឲ្យ​ពង្រាយ​កាំជ្រួច​ការពារ​អាកាស ដើម្បី​ការពារ​ការវាយប្រហារ​ណាមួយ​ពី​កូរ៉េ​ខាងជើង​។ យ៉ាងណាមិញ ចិន​ដែលជា​អ្នកជិតខាង​របស់​កូរ៉េខាងត្បូង ​បាន​ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ​។ ជារឿយៗ ចិន​បាន​ប្រាប់​ឲ្យ​អាមេរិក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​ពង្រាយ​នេះ ពីព្រោះ​វា​បាន​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទាល់​របស់​ចិន ហើយ​អាច​នឹងធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ស្ថិរភាព​តំបន់​ទៀតផង​។ ម្យ៉ាងប៉េកាំង​ក៏​ធ្លាប់​ប្រាប់​វ៉ាស៊ីនតោន​ថា ការពង្រាយ​ឧបករណ៍​យោធា ​មិនមែនជា​ដំណោះស្រាយ​នោះទេ ហើយ​ព្យុងយ៉ាង​ក៏​មិន​ព្រម​បញ្ឈប់​ការអភិវឌ្ឍ​កម្មវិធី​អាវុធ​របស់ខ្លួន​នោះដែរ​។  
 
​យ៉ាងណាក្ដី កូរ៉េខាងត្បូង​អះអាង​ហើយ​ថា ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នេះ គឺ​គ្រាន់តែ​ការពារ​ពី​ការវាយប្រហារ​ពី​កូរ៉េខាងជើង​ប៉ុណ្ណោះ មិនមែន​សំដៅលើ​ប្រទេស​ណា​ទេ​។ ហើយ​ការពង្រាយ​នេះ ជា​រឿង​របស់​អាមេរិក ​និង​កូរ៉េខាងត្បូង​តែប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​អ្នកផ្សេង​ទេ​។ ចំណែក​ការចរចា​នេះ ​រំពឹងថា នឹង​ចាប់ផ្ដើម​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយនេះ​៕

Tag:
 អាមេរិក​
 ​កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com