អន្តរជាតិ
មេទ័ព​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​ដ​ង្ហើ​យ​ឲ្យ​សភា​ផ្គត់ផ្គង់​អាវុធ​បន្ថែម​ដើម្បី​ទប់ទល់​ចិន​
24, Feb 2016 , 9:39 pm        
រូបភាព
​មេបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​អំពាវនាវ​ឲ្យ​សភា​អាមេរិក​បន្ត​គាំទ្រ​គម្រោង​វិនិយោគ​ដើម្បី​បង្កើន​សមត្ថភាព​យោធា​អាមេរិក នៅពេល​លោក​ចូលខ្លួន​បំភ្លឺ​ចំពោះមុខ​គណកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​វិស័យ​យោធា​អាមេរិក​ថ្ងៃ ២៣ កុម្ភៈ​ម្សិលមិញ​។ មន្ត្រី​យោធា​អាមេរិក​រូបនេះ​បាន​សង្កត់ធ្ងន់ថា អាមេរិក​អាច​បាត់បង់​សមត្ថភាព​ប្រយុទ្ធ បើ​ថវិកា​ផ្គត់ផ្គង់​សម្រាប់​យោធា​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​ដូច​បច្ចុប្បន្ន  ។ សកម្មភាព​យោ​ធូប​នីយកម្ម​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ភេរវកម្ម   បញ្ហា​រុស្ស៊ី បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង សុទ្ធតែជា​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​យោធា​អាមេរិក​និង​ជា​ឧបសគ្គ​រារាំង​ការពង្រឹង​ឥទ្ធិពល​អាមេរិក​ឡើងវិញ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។

 


​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ការកើនឡើង​នៃ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ជាពិសេស​ទីបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​តែម្តង​។ បញ្ហា​ទាំងនោះ​មាន​ទាំង​ការកើនឡើង​សកម្មភាព​ភេរវកម្ម បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការបង្កើន​សកម្មភាព​និង​ទំនើបកម្ម​យោធា​រុស្ស៊ី និង​ចុងក្រោយ​ការ​វាតទី និង​ធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​។ ថ្វីបើ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា ជំហរ​អាមេរិក​គឺ​ទប់ស្កាត់​ការ​វាតទី​របស់​ចិន​និង​បញ្ចប់​ការកសាង​កម្លាំងយោធា​នៅ​សមុទ្រ​ចិន​ក៏ដោយ អាមេរិក​បរាជ័យ​រួចទៅហើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ ចិន​កាន់​ឡើងចាង បញ្ចេញ​សាច់ដុំ​កាន់តែខ្លាំង និង​ចាប់ផ្តើម​ពង្រាយ​សព្វាវុធ​ដែលមាន​ទាំង​មី​ស៊ី​ល និង​យន្តហោះ​ចម្បាំង​ទៅកាន់​កោះ  Woody នៃ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ថែមទៀត​។ 

​ការ​ផុស​ឡើង​នៃ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ថ្មី​នេះ វា​ទាមទារ​ឲ្យ​រដ្ឋបាល​អាមេរិក ផ្តោតលើ​ការពង្រឹង​សមត្ថភាព​យោធា​អាមេរិក​ដែល​ទទួលខុសត្រូវ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តែម្តង​។ ការផ្គត់ផ្គង់​សព្វាវុធ​ថ្មី ការបង្កើន​ថវិកា​យោធា​សម្រាប់​វិនិយោគ​ជំរុញ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព​ជាដើម​សុទ្ធសឹងតែ​ជា​យន្តការ​ថ្មី​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​។ បើ​យោធា​អាមេរិក​មិនអាច​ទប់ទល់​ការគំរាមកំហែង​ថ្មី​ទេ នយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក៏​ពិបាក​ទៅមុខ​ដែរ ថ្វីបើ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​រដ្ឋ​អាស៊ី​ប៉ាស៊ីហ្វិក​កើនឡើង​ក៏ដោយ​។ 

  យោងតាម​សេចក្តីប្រកាសព័ត៌មានទីបញ្ជាការ​យោធា​អាមេរិកនៅប៉ាស៊ីហ្វិកដែលចុះ​កាលពីថ្ងៃ​អង្គារ​ទី ២៣ កុម្ភៈ​ម្សិលមិញ​ ក្នុងពេល​បំភ្លឺ​ចំពោះមុខ​គណកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​វិស័យ​យោធា មេបញ្ជាការ​កងទ័ពជើងទឹក ​ប្រចាំ​ទីបញ្ជាការ​យោធា​ប៉ាស៊ីហ្វិក (PACOM) លោកឧត្តមនាវីឯក Harry B. Harris, Jr. បាន​ថ្លែង​រៀបរាប់​ពី​បញ្ហា​នានា​ដែល​កងទ័ព​លោក​កំពុង​ប្រឈម​និង​សមិទ្ធផល​នានា​ដែល​ទីបញ្ជាការ​យោធា​លោក​សម្រេចបាន​កន្លងមក​ជាពិសេស​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​។ លោក ទទួលស្គាល់ថា ចិន​ពិតជា​កំពុង​កសាង​កម្លាំង​ទ័ព​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ពង្រាយ​អាវុធ និង​បន្តសកម្មភាព​ឯកតោភាគី​ដែល​រំលោភច្បាប់​អន្តរជាតិ​ផង​។ លោក​ក៏​ឆ្លៀតឱកាស​អំពាវនាវ​ឲ្យ​គណកម្មាធិការ​នេះ ពិចារណា​បន្ត​គាំទ្រ​និង​ចាត់ចែង​បន្ថែម​ថវិកា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​យោធា​អាមេរិក​អាច​សម្រប​ខ្លួន​និង​ទប់ទល់​ជាមួយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ថ្មី​ទាំងនេះ​បាន​។

 លោក សង្កត់ធ្ងន់​ផងដែរ​ថា​៖ « វា​នៅមាន​ការងារ​ច្រើន​ដែល​យើង​ត្រូវធ្វើ ហើយ​យើង​មិនអាច​បាត់បង់​ការប្រឹងប្រែង​នេះ​។ ដូច្នេះ​ខ្ញុំ​ស្នើ​ឲ្យ​គណកម្មាធិការ​បន្ត​គាំទ្រ​ការវិនិយោគ​លើ​ការកសាង​សមត្ថភាព​យោធា​សម្រាប់​ពេលអនាគត​។ បើសិន​កញ្ចប់​ថវិកា​ដែល​ផ្តល់​ឲ្យ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​យោធា​អាមេរិក​នៅ​បន្ត​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​បែបនេះ នៅពេល​អនាគត​សមត្ថភាព​ប្រយុទ្ធ​របស់​យោធា​អាមេរិក​នឹង​ប្រឈម​បញ្ហាលំបាក​ច្រើន​»​។​

​លោក​ស្នើ​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​ពិចារណា​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ថ្មី នាវាមុជទឹក មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ និង​សព្វាវុធ​យុទ្ធសាស្ត្រ​ផ្សេងទៀត​ដែល​ជួយ​ឲ្យ​កងទ័ព​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់​និង​ស៊ើបការណ៍​ផង​។​

​ទីបញ្ជាការ​យោធា​នេះ​ត្រូវការ​នាវាមុជទឹក​បន្ថែ​ម​ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​និង​ការពារ​នាវា​ដឹក​យន្តហោះ​ជាដើម​ផង​។ ហើយ​ស្របពេល​ជាមួយគ្នា​នោះ មេបញ្ជាការ​រូបនេះ​ស្នើ​ឲ្យ​សភា​អាមេរិក​បង្កើន​ថវិកា​សម្រាប់​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ប្រភេទ F-35 ដែល​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការចូលរួម​ក្នុងការ​វាយប្រហារ ហើយក៏​អាច​ពង្រាយ​ទៅកាន់​មូលដ្ឋាន​យោធា​បាន​រហ័ស​ក្នុងស្ថានភាព​ចាំបាច់​ដែរ​។
​ដោយឡែក ក្រៅពី​ស្នើ​ឲ្យ​មានការ​បង្កើន​ថវិកា និង​ផ្គត់ផ្គង់​សព្វាវុធ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​យោធា​នៅ​ប៉ាស៊ីហ្វិក លោក​ក៏​សរសើរ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​និង​ដៃគូ​ក្នុង​តំបន់​ដែល​គាំទ្រ​និង​ពង្រឹង​កិច្ចសហការ​ផ្នែក​សន្តិសុខ​ជាមួយ​អាមេរិក​ដែរ​។ លោក​លើកឡើង​ពី អនាគត​នៃ​សម្ព័ន្ធភាព​រវាង​ហ្វីលីពីន និង​អាមេរិក​ក្រោយពេល​តុលាការ​កំពូល​ហ្វីលីពីន​គាំទ្រ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​ដែល​នឹង​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើប្រាស់​មូលដ្ឋានទ័ព​នៅ​ហ្វីលីពីន​នោះ​។ 

​មួយវិញទៀត​លោក​បាន​សរសើរ​មហា​យ​ក្ស​ប្រជាធិបតេយ្យ​ឥណ្ឌា​ដែល​កំពុង​ពង្រឹង​តួនាទី​របស់ខ្លួន​ក្នុង​តំបន់​អាស៊ី ហើយ​លោក​ក៏​ចាត់ទុក​នយោបាយ​ការបរទេស​ថ្មី​របស់​ឥណ្ឌា «​ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត​» ជា​យុទ្ធសាស្ត្រ​បំពេញបន្ថែម​ដល់​នយោបាយ​ការបរទេស​អាមេរិក​ផង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផង​។ លោក​ជឿជាក់ថា​នយោបាយ​ទាំងពីរ​នឹង​នាំមក​នូវ​សន្តិសុខ ស្ថិរភាព​និង​សន្តិភាព​ដល់​តំបន់​ទាំងមូល​ផង​។ ទំនាក់ទំនង​អាមេរិក​និង​ឥណ្ឌា​កាន់តែ​ប្រសើរ​ឡើងលើ​គ្រប់​វិស័យ ហើយ​មេបញ្ជាការ​កងទ័ព​អាមេរិក​នឹង​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា​នៅ​សប្តាហ៍​ក្រោយ​ផង​ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​និង​ការពារជាតិ​ផង​។ សូម​រំលឹក​បន្តិច​ដែរ កាលពីដើម​ខែកុម្ភៈ​កន្លងទៅ​ឥណ្ឌា​បាន​បង្ហើប​ថា​ខ្លួន​កំពុង​ពិចារណា​ចូលរួម​ក្នុង​ប្រតិបត្តិការ​ល្បាត​រួមគ្នា​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផង ហើយ​អាមេរិក​ក៏​ស្វាគមន៍​គោលបំណង​នេះដែរ​។

​កន្លងមក​ចិន​បាន​ប្រតិកម្ម​តប​យ៉ាង​ក្រេវក្រោធ​ចំពោះ​ព័ត៌មាន​ថា​ឥណ្ឌា​ចង់​ចូលរួម​ល្បាត​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ចិន​បាន​ព្រមាន​អាមេរិក​និង​ឥណ្ឌា​ថា កុំ​ព្យាយាម​ធ្វើ​ឲ្យ​ការកសាង​កម្លាំង​ទ័ព​និង​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា​កើនឡើង​ឲ្យ​សោះ​។  ក្រៅពីនេះ ក្រុង​ប៉េកាំង រិះគន់​អាមេរិក​ថា ពូកែ​រករឿង​និង​ចោទប្រកាន់​ខ្លួន ខុស​រឿង ហើយ​របប​ដឹកនាំ​នេះ​ក៏​រំលឹក​ផងដែរ​ថា កន្លងមក​អាមេរិក​ដាក់​ទ័ព និង​បន្ត​បង្កើន​វត្តមាន​សព្វាវុធ​និង​កងទ័ព​នៅ​ហា​វ៉ៃ ខ្លួន​មិនបាន​រករឿង​ចោទប្រកាន់​អាមេរិក​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com