អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​-​ចិន កំពុង​ចរចា​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​
25, Feb 2016 , 8:39 am        
រូបភាព
ដោយ:
 ​អាមេរិក​និង​ចិន​កំពុងតែ​ចរចា​គ្នា​ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​ចេញ​ដំណោះស្រាយ​ដាក់​សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង ដែល​បាន​ល្មើស​បម្រាម​បាញ់​រ៉ុក្កែត​ទៅ​លំហ​អាកាស​។ ការចរចា​ហាក់ដូច​ជាមាន​ដំណើរកា​រ​ទៅមុខ ហើយ​រំពឹងថា ឯកសារ​ចរចា​នឹងត្រូវ​បញ្ជូនទៅ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​អនុម័ត​នៅពេល​ខាងមុខ​។​

 
​ចិន​និង​អាមេរិក​បានបង្ហាញ​ជំហរ​ដូចគ្នា​ចំពោះ​សកម្មភាព​ផ្គើន​ម្ដង​ហើយ​ម្ដងទៀត​របស់​កូរ៉េខាងជើង​នា​រយៈពេល​ចុងក្រោយ​នេះ​។ នៅ​ថ្ងៃ​អង្គារ​ទី ២៣ កុម្ភៈ​កិច្ចចរចា​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង​យី និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃេ​រី​បាន​ប្រព្រឹត្ត​ដោយ​រលូន​ដើម្បី​ដាក់​សម្ពាធ​កាន់តែខ្លាំង​ទៅលើ​របប​កុម្មុយនីស្ត​កូរ៉េខាងជើង​ឲ្យ​បោះបង់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​។   
 
​និយាយ​ក្នុង​សន្និសីទ​រួមគ្នា​ក្រោយ​ការប្រជុំ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង​យី ដែល​កំពុង​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាង​ស៊ីន​តោន បានបញ្ជាក់​ពី​ដំណើរការ​ទៅមុខ​នៃ​ការចរចា ដើម្បី​ព្រាង​ដំណោះស្រាយ​ស្ដី​បញ្ហា​កូរ៉េខាងជើង​។ ប៉ុន្តែ​ដំណោះស្រាយ​នេះ​នឹងត្រូវ​មន្ត្រី​ចិន​និង​អាមេរិក​ពិនិត្យ​ជាមុនសិន មុននឹង​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ លោក វ៉ាង​យី និយាយថា នៅពេលដែល​ដំណោះស្រាយ​នេះ​ត្រូវដាក់​អនុវត្ត វា​នឹង​ជួយ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​
 
​លើសពីនេះទៅទៀត​នោះ មហាអំណាច​ទាំងពីរ​ក៏បាន​ប្រកាស​មិន​ទទួលស្គាល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​បានបង្ហាញ​ជំនឿ​ចិត្ត​ថា ដំណោះស្រាយ​ថ្មី​នេះ​នឹងមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ឲ្យ​កូរ៉េខាងជើង​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​។ ទាំង​លោក វ៉ាង​យី និង​លោក ឃេ​រី បញ្ជាក់ទៀតថា ដំណោះស្រាយ​នេះ​មិនមែន​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​នោះទេ តែ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​វិល​រក​ការចរចា​។  
 
​ចិន​ដែលជា​អ្នកជិតខាង​របស់​កូរ៉េខាងជើង​ចង់បាន​ដំណោះស្រាយ​សន្តិភាព​សម្រាប់​វិបត្តិ​ឧបទ្វីប​កូរ៉េ​។ ទីក្រុង​ប៉េកាំង​ចង់​ឲ្យ​ព្យុងយ៉ាង​បោះបង់​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​ងាក​មក​ចូល​តុ​ចរចា​៦​ភាគី​វិញ​។ យ៉ាងណាមិញ មេដឹកនាំ​កូរ៉េខាងជើង ហាក់ដូចជា​មិន​ស្ដាប់​យោបល់​អន្តរជាតិ​នោះទេ ថែមទាំង​បញ្ចេញ​សកម្មភាព​ឌឺដង​ថែមទៀត ជាក់ស្ដែង​នោះ​គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៦ កូរ៉េខាងជើង​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​និង​បាញ់​រ៉ុក្កែត​បន្តបន្ទាប់​គ្នា​។​
 
​សកម្មភាព​ចុងក្រោយ​នេះហើយ​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ទទូច​ចង់បាន​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​(THAAD) របស់​អាមេរិក តែ​ចិន​មិនសូវ​សប្បាយចិត្ត​នោះទេ​។ ចិន​ថា​ការពង្រាយ​នេះ​បាន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិចិន ក៏ដូចជា​ស្ថិរភាព​តំបន់​។ មួយវិញទៀត ចិន អះអាងថា នេះ​មិនមែនជា​ដំណោះស្រាយ​នោះទេ​៕   
 

Tag:
 ចិន​
 ​អាមេរិក​
 ​កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com