ជាតិ
សង្គមជាតិ
រថយន្ត​ពាក់​ស្លាក​លេខប៉ូលិស​ត្រូវ​បិទ​រូប​សញ្ញា​នគរបាលជាតិ ឈ្មោះ​អង្គភាព និង​អក្សរ POLICE
24, Feb 2016 , 9:42 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បង្គាប់​ប្រធាន​សេនា​ធិការដ្ឋាន ​នាយក​ដ្ឋាន អង្គភាព និង​ស្នងការ​នគរបាល​ទាំង ២៥រាជធានី ​ខេត្ត​ ឲ្យ​បិទ​រូប​សញ្ញា​នគរបាលជាតិ ឈ្មោះ​អង្គភាព និង​អក្សរ POLICE នៅ​ទ្វា​រមុខ​សងខាង​រថយន្ត និងលើ​គូទ​ជលយាន​យន្តទាំងអស់ដែល​ពាក់​ស្លាក​លេខ​នគរបាល។ នេះ​​បើតាម​​លិខិត​​ជូន​​​ដំណឹង​​អគ្គស្នងការដ្ឋាននគរបាលជាតិចុះ​ថ្ងៃទី១៥ ​ខែកុម្ភៈ ឆ្នាំ២០១៦នេះ។



បើ​យោងតាម​​លិខិត​​ស្តីពី ការបិទរូបសញ្ញា​​​នគរបាលជាតិ នៅទ្វារ​​​មុខ​​សង​​​​ខាងរថយន្ត ឬលើគូទ​ជលយានយន្ត​ពាក់​ស្លាក​លេខនគរបាល​ដែលបាន​ចុះបញ្ជីសារពើភណ្ឌ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ក្រសួង​មហា​ផ្ទៃ លោក គៀត ច័ន្ទ​​ថា​រិ​ទ្ធ  អ្នកនាំ​ពាក្យ​​អគ្គស្នង​ការ​​ដ្ឋាន​​នគរបាល​ជាតិ​​​​​​បាន​​បង្គាប់​​​​​​​​​​ប្រធាន​​​សេនា​​​ធិការដ្ឋាន​​ ប្រធាន​នាយកដ្ឋាន​​​​​​កណ្តាល ប្រធាន​នាយកដ្ឋាន អង្គភាព និង​ស្នងការ​នគរបាល​​​​រាជធានី​​ ខេត្ត​​ទូទាំង​​​ប្រទេស ឲ្យ​​​អនុវត្ត​​តាម​ការ​​ណែនាំ​​​​​នេះ ដើម្បីបំពេញបែបបទ​សុំ​លតា​ប​ត្រ​បង់ពន្ធ​យានយន្ត​ជា​បន្ទុក​របស់​រដ្ឋ។ តាមលិខិតខាងលើ សេចក្តី​​ណែ​​​នាំ​​​​នេះ ​ផ្អែក​​​តាម​​​​ប្រកា​សលេខ ៣៥៥៩ ប្រក​ចុះ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣ ស្តីពី កា​ចុះបញ្ជី ការផ្តល់​បណ្ណសម្គាល់ និង​ស្លាកលេខ​យានយន្ត​គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ។

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់ថា៖«ចំពោះ​រថយន្ត និង​ជលយាន​ពាក់​ផ្លាកលេខ​នគរបាល​ដែល បាន​ចុះបញ្ជី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ក្រសួងមហាផ្ទៃ តម្រូវ​ឲ្យ​បិទ​រូប​សញ្ញា​នគរបាលជាតិ ឈ្មោះ​អង្គភាព និង​អក្សរ (POLICE) នៅ​ទ្វារ​មុខ​សងខាង​រថយន្ត ឬ​លើ​គូទ​ជលយាន​យន្ត សម្រាប់​បំពេញបែបបទ​សុំ​លតា​ប​ត្រ​បង់ពន្ធ​យានយន្ត​ជា​បន្ទុក​របស់​រដ្ឋ»៕


Tag:
 ប៉ូលិស
  គៀត ច័ន្ទថារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com