ពីនេះ ពីនោះ
កូន​ខ្មែរ​ចង់​ធ្វើ​ធំ​តែ​មិន​ស្គាល់​ជាតិ​ខ្លួនឯង​ច្បាស់
26, Feb 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បច្ចុប្បន្ន​កូន​ខ្មែរ​រៀនសូត្រ​បាន​ច្រើន ហើយក៏​សម្បូរ​អ្នកមាន​មហិច្ឆតា​ចង់​ធ្វើ​ធំ ចង់​ក្លាយជា​អ្នកដឹកនាំ​ប្រទេស​ក៏​ច្រើន​។ ជា​រៀងរាល់ថ្ងៃ​អ្នក​ទាំងនោះ បាន​បញ្ចូល​ខ្លួនឯង​ទៅតាម​បក្សនយោបាយ​នានា​ដែល​ខ្លួន​ពេញចិត្ត ក្នុង​ឆន្ទៈ​មួយ​ថា​ចង់​ជួយ​ជាតិ​។



​កូន​ខ្មែរ​ចង់​ធ្វើ​ធំ ចង់​ក្លាយជា​អ្នកដឹកនាំ​ប្រទេស ចង់​គ្រប់គ្រង​លើ​ប្រជាជន មិនមែនជា​រឿង​ដែល​ខុសឆ្គង និង​អាក្រក់​នោះទេ​។ ប៉ុន្តែ កំហុស​ដ៏​ធំ​របស់​កូន​ខ្មែរ​ដែល​ចង់ទៅ​កាន់​កិច្ចការ​ទាំងនោះ​គឺ​នៅត្រង់ថា ពួកគេ​រៀនសូត្រ​មានចំណេះដឹង​តិចតួច មាន​ពិសោធន៍​ជីវិត​នយោបាយ​តិច​តូច អាន​សៀវភៅ​បាន​តិច​តូច គេ​ចាប់ផ្ដើម​តម្លើង​តម្លៃ​ខ្លួន​ខ្ពស់​ជ្រុល មើលងាយ​អ្នកមាន​ពិសោធន៍​ជើងចាស់​ក្នុង​វិស័យ​ដឹកនាំ​ប្រទេស​។​

​ជាការ​ពិត មាន​ទស្សនៈ​មួយ​បាន​លើកឡើងថា​«​អ្នកដឹកនាំ​ចាំបាច់​ត្រូវតែ​ជា​អាន​សៀវភៅ​, ប៉ុន្តែ​គ្រប់​អ្នកអាន​សៀវភៅ​មិនអាច​ក្លាយជា​អ្នកដឹកនាំ​ទាំងអស់​នោះទេ​»​។ គំនិត​នេះ​មានន័យថា ការអាន​សៀវភៅ​គឺជា​ផ្នែក​មួយ​សំខាន់​ដើម្បី​ឲ្យ​មនុស្ស​មានចំណេះដឹង​។ ប៉ុន្តែ​ចំណេះដឹង​នេះ​មិន​គ្រប់គ្រាន់​នោះទេ​។ ជាពិសេស​ចំពោះ​អ្នក​ដែលមាន​បំណង​ចង់​ក្លាយជា​អ្នកដឹកនាំ​ប្រទេស ចង់​ក្លាយជា​អ្នកដឹកនាំ​។

​យ៉ាងណា​ម៉ិ​ញ ដើម្បី​សុវត្ថិភាព​ប្រជាជន សេចក្ដីសុខ​របស់​ប្រជាជន អ្នកដឹកនាំ អ្នកគ្រប់គ្រង ព្រមទាំង​អ្នក​ដែលមាន​គោលដៅ​ចង់ទៅ​កាន់​ការងារ​ទាំង​នេះ ត្រូវតែ​ដឹង​អំពី​ស្ថានភាព​ទាំងអស់​របស់​ប្រជាជន ចាប់តាំងពី​ប្រជាជន​ក្រីក្រ​ដែល​រស់​នៅតាម​ស្រុកស្រែ​ចំការ ប្រជាជន​ក្រីក្រ​នៅតាម​ទីក្រុង និង ប្រជាជន​ដែលមាន​ប្រភព​មកពី​គ្រប់​ស្រទាប់ គ្រប់​កម្រិត​សេដ្ឋកិច្ច​គ្រួសារ ព្រមទាំង​ទឹកចិត្ត​របស់​ពួកគាត់ ថា​គាត់​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ​ដើម្បី​ឲ្យ​ដំណើការ​នៃ​ការរៀបចំ​គោលនយោបាយ​ជាតិ​មាន​ប្រសិទ្ធភាព​។

​បន្ថែម​ពីនេះ​ទៀត គឺ​អ្នក​ទាំងនោះ​មិនអាច​ស្គាល់​ប្រទេស​តែ​ក្នុង​ក្រដាស់ មានន័យថា មិនមែន​អាន​តែ​សៀវភៅ​ទេ ព្រោះ​ពេលខ្លះ​សៀវភៅ​វា​អាច​ផ្ទុយ​ពី​ការពិត ព្រោះ​អាស្រ័យទៅលើ​ប្រភេទ​ស្នាដៃ​របស់​អ្នកនិពន្ធ​។ ផ្ទុយទៅវិញ តថភាព​នៃ​ជីវិត​របស់​ប្រជាជន ទើប​ជា​ប្រភព​នៃ​ការរៀបចំ​គោលនយោបាយ​ជាតិ​។ ហើយ​មិនត្រូវ​ប្រកាន់​គំនិត​មួយ​បន្ទោស​រាស្ត្រ​ថា​ល្ងង់ ខ្ជិល មិន​ខំប្រឹងប្រែង​ទើបបានជា​ខ្លួន​ក្រ​។

​ធាតុពិត ប្រជាជន​ខ្មែរ​មិនមែនជា​មនុស្ស​ខ្ជិល មិនមែនជា​មនុស្ស​គ្មាន​សណ្ដាប់ធ្នាប់ មិនមែនជា​មនុស្ស​គ្មាន​អនាម័យ មិនមែនជា​មនុស្ស​គ្មាន​ឆន្ទៈ មនសិកា​នោះទេ ប៉ុន្តែ​ព្រោះតែ​ចំណេះដឹង កង្វះ​សេវា​អប់រំ​ដល់​ប្រជាពលរដ្ឋ ទើប​រយៈពេល​ជាង​ពីរ​ទស្សវត្ស​ទៅហើយ​ប្រជាជន​ខ្មែរ​នៅមាន​អ្នកក្រីក្រ​នៅ​ច្រើន​ដដែល​។ ថ្វីត្បិតតែ​សេវា​អប់រំ​បាន​យកចិត្តទុកដាក់​បង្រៀន​ក្មេងជំនាន់ក្រោយ ប៉ុន្តែ​កន្លងទៅ​រដ្ឋ​ហាក់​មើលរំលង​ក្រពះ​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទាំងនោះ​ទៅវិញ នោះ​គឺ​ការបង្រៀន​មនុស្ស​ខ្មែរ​ជំនាន់​ចាស់​ឲ្យ​រស់នៅក្នុង​ភាពថ្លៃថ្នូរ មានចំណេះ មាន​ជំនាញ​ពិតប្រាកដ​។

​ជារួម​មក ប្រសិនបើ​កូន​ខ្មែរ​ជំនាន់​ថ្មី​នេះ​ចង់ទៅ​ដឹកនាំ​ប្រទេស គឺ​ត្រូវ​អាន​ឲ្យ​ច្រើន គិត​ឲ្យ​ជ្រៅ ពី​បញ្ហា​ប្រទេសជាតិ​។ ថែម​ពី​នោះ​ទៅទៀត ត្រូវ​ស្គាល់​ប្រទេស​ខ្លួនឯង​ឲ្យ​ច្បាស់ ទាក់ទង​ស្ថានភាព​ប្រជាជន​គ្រប់​ទីកន្លែង ជីវភាព​ប្រជាជន​ឲ្យ​ច្បាស់ ទីតាំង​ភូមិសាស្ត្រ​ប្រទេស​ឲ្យ​បាន​ច្បាស់​ទើប​សមជា​អ្នកដឹកនាំ​ប្រទេស​ដែលមាន​សមត្ថភាព​៕


© រក្សាសិទ្ធិដោយ thmeythmey.com