កីឡាជាតិ
ជាតិ
យុទ្ធ​គុន ១១​ប្រភេទ​សម្តែង​រួមគ្នា​ក្នុង​«​រាត្រី​យុទ្ធ​គុន​»​ល្ងាច​នេះ​
26, Feb 2016 , 11:27 am        
រូបភាព
ដោយ:
 
​គណៈកម្មាធិការ​កីឡា​យុទ្ធសិល្ប៍​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​រាត្រី​យុទ្ធ​គុន​លើក​ទី​២ (2nd Martial Arts Night) នា​ល្ងាច​ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ​នេះ នៅ​សាល​ជាន់​ផ្ទាល់​ដី​នៃ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដោយមាន​ការសម្តែង​យុទ្ធ​គុន​១១​ប្រភេទ​មកពី​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី​។​

 
​យុទ្ធ​គុន​របស់​កម្ពុជា កូរ៉េ ជប៉ុន ចិន វៀតណាម និង​ឥណ្ឌូនេស៊ី សរុប​១១​ប្រភេទ នឹង​សម្តែង​រួមគ្នា​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នា​ព្រឹត្តិការណ៍​រាត្រី​យុទ្ធ​គុន​លើក​ទី​២ (2nd Martial Arts Night)  ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​កម្ពុជា (Cambodin Martial Arts Games Commmettee) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នា​ល្ងាច​នេះ នៅ​សាល​ជាន់​ផ្ទាល់​ដី​របស់​ទី​ស្នាក់ NOCC​។​
 
​កីឡា​១១​ប្រភេទ​ដែលមាន​ប្រភព​មកពី​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​រួមមាន យុទ្ធ​គុន​ល្បុក្កតោ​របស់​កម្ពុជា ហាប់​គី​ដូ​, តុង​ហ្គី​ល​ម៉ូ​ដូ និង​តេ​ក្វាន់​ដូ ITF របស់​កូរ៉េ​, កា​រ៉ា​តេ​ដូ​, អៃ​គី​ដូ​,​គែន​ដូ និង​Kobudo របស់​ជប៉ុន​, វ៉ូ​ស៊ូ របស់​ចិន​, វ៉ូ​វី​ណា​ម របស់​វៀតណាម និង​យុទ្ធ​គុន​បញ្ច​សិលា របស់​ឥណ្ឌូនេស៊ី​។​
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា កីឡាករ​កីឡាការិនី​នៃ​យុទ្ធ​គុន​ទាំងនេះ​សម្តែង​លើ​វិញ្ញាសា​ដូចជា សម្តែង​កត្តា​យុទ្ធ​គុន​ម្តង​រយៈពេល​៥​នាទី សម្តែង​ប្រយុទ្ធ​គ្មាន​អាវុធ​ឯកត្តជន សម្តែង​គ្មាន​អាវុធ​ជា​ក្រុម សម្តែង​មាន​អាវុធ​ឯកត្តជន និង​សម្តែង​មាន​អាវុធ​ជា​ក្រុម​។​
 
 អគ្គលេខាធិការ NOCC បាន​បន្ថែមថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​យុទ្ធ​គុន​ដែល​មិន​ធ្លាប់បាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ដែល​បាន​ហាត់​កាលពីពេល​កន្លងមក មានឱកាស​បង្ហាញ​ពី​សមត្ថភាព ទេពកោសល្យ និង​ភាព​អស្ចារ្យ​ក្នុងការ​ប្រកួត និង​សម្តែង​ក្បាច់គុន​របស់​ពួកគេ ជាពិសេស​ដើម្បី​រឹតចំណង​សាមគ្គីភាព បង្កើន​មិត្តភាព និង​ភាព​សុខដុម​ក្នុង​រង្វង់​គ្រួសារ​យុទ្ធ​គុន ដែលមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ជាមួយគ្នានេះ​កាលពីពេល​កន្លងទៅ​ថ្មីៗ លោក ណឹ​ម សុវត្ថិ ប្រធាន​គណៈកម្មាធិការ​កីឡា​យុទ្ធសិល្ប៍​កម្ពុជា​បាន​មានប្រសាសន៍ថា​៖«​ការរៀប​កម្មវិធី​យុទ្ធ​គុន​នេះ​ឡើង​ក្នុង​គោលបំណង​ចង់បង្ហាញ​ថា សង្គម​កម្ពុ​ជាមាន​ភាព​សុខដុម​រម្យ​នា​គ្រប់ពេលវេលា មិន​ត្រឹមតែ​វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង​វិស័យ​ណាមួយ​នោះទេ សូម្បីតែ​វិស័យ​កីឡា​ក៏មាន​ការឯកភាព​គ្នា ស្រុះស្រួល​គ្នា និង​ស្រលាញ់គ្នា​ជា​គ្រួសារ​ធំ​មួយ​ដែរ​។ ហើយ​យើង​ចង់បង្ហាញ​ពី​ការ​សាមគ្គីភាព មិត្តភាព សម្រាប់​ការសម្តែង​យុទ្ធ​គុន​ចម្រុះ​ដែលមាន​ប្រភព​មកពី​ប្រទេស​ផ្សេងៗ​គ្នា​»​។​
 
​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ខណៈ​លើក​ទី​១ បាន​ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ​២០១៤ ។ បើតាម លោក ណឹ​ម សុវត្ថិ ការរៀបចំ​ព្រឹត្តិការណ៍​នេះ​មិនមែន​មានការ​បង្ខំ​នោះទេ គឺ​រៀបចំ​ដោយ​ស្ម័គ្រចិត្ត និង​ដោយ​ឆន្ទៈ​រួមគ្នា ដើម្បី​បង្ហាញ​ពី​ការ​មានគំនិត​រួមគ្នា​តែមួយ និង​ដើម្បី​បង្ហាញ​ការជួប​ជុំគ្នា​ជា​លក្ខណៈ​មហា​គ្រួសារ​របស់​យុទ្ធ​គុន​ដែលមាន​ប្រភព​ខុសៗ​គ្នា​។ 
 
​គួរ​បញ្ជាក់ថា នៅ​ការប្រកួត​សម្តែង​ក្បាច់គុន ក្នុង​រាត្រី​យុទ្ធ​គុន នេះ​គឺមាន​ការដាក់​ពិន្ទុ​យ៉ាង​ត្រឹមត្រូវ​ពី​អ្នកជំនាញ​កីឡា ត្រូវបាន​ជ្រើសរើស​ដោយ គណៈកម្មាធិការ​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​កម្ពុជា និង​NOCC ដើម្បី​ស្វែងរក​ប្រភេទ​កីឡា ដែល​ទទួលបាន​ជយលាភី ក្នុង​រាត្រី​យុទ្ធ​គុន លើក​ទី​២ ឆ្នាំ​២០១៦​នេះ​៕
 
 
 

Tag:
 យុទ្ធ​គុន​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com