កីឡាជាតិ
ជាតិ
ពានរង្វាន់​ខេ​ម​អេ​ដ​នារី​២០១៦ ចាប់ផ្តើម​យុទ្ធនាការ​ស្វែងរក​ជើង​ឯក​
29, Feb 2016 , 7:39 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ហ្វុ​ត​សាល​នារី​រដូវ​កាល​ទី​៣ ដណ្តើមពាន​រង្វាន់​ខេ​ម​អេ​ដ​ឆ្នាំ​២០១៦(CamEd Women's Futsal Tournament 2016) បានចាប់ផ្តើម​ការប្រកួត​បើកឆាក​របស់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ នាទី​លាន KB Sport Club ដោយ​អ្នករៀបចំ​បាន​អះអាងថា ក្រុម​ចូលរួម​ប្រកួត​មានការ​កើនឡើង និង​កម្រិត​បច្ចេកទេស ក៏មាន​ការកើនឡើង​។



​សម្រាប់​រដូវ​កាល​ថ្មី​២០១៦ នេះ ការប្រកួត​បាល់ទាត់​ហ្វុ​ត​សាល​នារី​ដ​ណ្តើ​ពានរង្វាន់​ខេ​ម​អេ​ដ ឆ្នាំ​២០១៦ មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​២០​ក្រុម គឺមាន​ការកើនឡើង​ចំនួន​២​ក្រុម បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥ មាន​១៨​ក្រុម​ចូលរួម​នោះទេ ខណៈ​កាលពី​ឆ្នាំ​២០១៤ មាន​ក្រុម​ចូលរួម​តែ​៩​ប៉ុណ្ណោះ​។ ការកើនឡើង​ឆ្នាំនេះ​ដោយសារ​មានការ​ចូលរួម​បន្ថែម​របស់​ក្រុម​មកពី​ខាងក្រៅ ដូចជា​ក្រុម​វិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ក្រុម​មកពី​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​។​នេះ​បើ​យោងតាម លោក ខេ​ស៊ី បា​ណេ​ត (Casey Barnett) នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​ជា​អ្នក​ផ្តួចផ្តើម និង​ឧបត្ថម្ភ​កម្មវិធី​នេះ​។​

​ទន្ទឹមនឹង​នឹង​នេះ កម្រិត​បច្ចេកទេស និង​សមត្ថភាព​នៃ​ការប្រកួត​របស់​កីឡាការិនី ក៏មាន​ការកើនឡើង​ផងដែរ ព្រោះ​នៅលើ​ទីលាន​ប្រកួត​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ​ក្នុងអំឡុងពេល​នៃ​ការប្រកួត​ដូចជា ការបោះ​បាល់ ការ​បណ្តើ​របាល់ និង​បច្ចេកទេស​នៃ​ការ​ស៊ុត​បញ្ចូល​ទី​។ ហើយ​លោក​សង្ឃឹមថា ការរីកចម្រើន​វា​នឹង​ក្លាយជា​ឱកាស​មួយ​ដ៏​ល្អ​របស់​កីឡាការិនី ក្នុងការ​ឈានទៅ​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​ទៅ​ថ្ងៃ​ខាងមុខ​។



​លោក ខេ​ស៊ី បា​ណេ​ត បញ្ជាក់ថា​៖«​ឆ្នាំនេះ​ខ្ញុំ​គត់​សម្គាល់​ឃើញថា កីឡាការិនី​របស់​យើង​ធ្វើ​បានល្អ ទាំង​បច្ចេកទេស​នៃ​ការទា​ត់បាល់ បណ្តើ​របាល់ និង​ការ​ស៊ុត​បញ្ចូល​ទី ហើយ​ការរីកចម្រើន​នេះ ខ្ញុំ​សង្ឃឹមថា ទៅ​ថ្ងៃ​ខាងមុខ​កីឡាការិនី​របស់​យើង នឹង​អាច​ចូលរួម​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​»​។​

​លោកនាយក​រូបនេះ បាន​សម្តែង​ការ​អារម្មណ៍​សប្បាយរីករាយ ដែល​ទទួលបាន​ការចួលរួម​បន្ថែម​ពី​សំណាក់​ក្រុម​ដែល​មកពី​ខាងក្រៅ​វិទ្យាស្ថាន​របស់ខ្លួន ដូចជា​ក្រុម​មកពី​វិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ក្រុម​ពី​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ហើយ លោក សង្ឃឹមថា នៅ​ឆ្នាំក្រោយ​នឹងមាន​ការចូលរួម​កាន់​តែ​ច្រើន​ពី​សំណាក់​សាកលវិទ្យាល័យ វិទ្យាស្ថាន និង​វិទ្យាល័យ​ដទៃទៀត ព្រោះ​កម្មវិធី​នេះ​បើក​សេរី​សម្រាប់​ក្រុម​ដែល​ចង់​ចូលរួម​។​




​គួរបញ្ជាក់​ផងដែរ​ថា ទាក់ទង​ទៅនឹង​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ប្រកួត​ពានរង្វាន់​ខេ​ម​អេ​ដ​នេះ លោក Casey Barnett បាន​បញ្ជាក់ថា​៖«​លោក​ចង់​អប់រំ និង​ចង់​ឲ្យ​សិស្ស​នារី​ថ្នាក់​ឧ​ត្ត​ម​សិក្សា​យល់ដឹង និង​ក្លាយជា​អ្នកដឹកនាំ​ម្នាក់ ព្រោះ​ការដឹកនាំ​ត្រូវការ​ពឹងផ្អែក​ទៅលើ​កត្តា​៣​យ៉ាង​គឺ បច្ចេកទេស ការសហការ និង​ឆន្ទៈ​។ អាស្រ័យហេតុនេះ ការលេង​កីឡា​អាចជួយ​ឲ្យ​ពួកគេ​សិក្សា​ស្វែងយល់​ពី​ចំណុច​ទាំង​៣​នេះ​បាន ព្រោះ​ការលេង​កីឡា​វា​បានរួម​បញ្ចូល​ទាំង​បច្ចេកទេស ការសហការ និង​ឆន្ទៈ​។ លើ​ល​ពីនេះ​វា​ជួយ​ឲ្យ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ និង​សុខ​ភាពល្អ​ទៀតផង អ្វីដែល​សំខាន់​គឺ​ចង់​លើកកម្ពស់​នារី​ក្នុង​វិស័យ​កីឡា​»​។​

​សម្រាប់​រូបមន្ត និង​លក្ខណៈ​នៃ​ការប្រកួត​នៅ​ឆ្នាំនេះ​គឺមាន​ការផ្លាស់ប្តូរ​ខុសប្លែក​ពី​ការប្រកួត ២ ឆ្នាំកន្លងមក​។ សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​១ គឺ​ក្រុម​ទាំង​២០ ត្រូវបាន​បែងចែក​ការប្រកួត​ជា​ពូ​ល​(៤ ពូ​ល​) ដូច​២​ឆ្នាំមុន​ដែរ ប៉ុន្តែ​សម្រាប់​ការប្រកួត​នៅ​វគ្គ​បន្តបន្ទាប់​ទៀត អត់​មានការ​ប្រកួត​២​ជើង​ដូច​មុន​ឡើយ គឺ​ក្រុម​ទទួលបាន​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ទាំង​៤ ត្រូវ​ឡើងទៅ​ប្រកួត​ខ្វែង​នៅ​វគ្គ​៨​ក្រុម រួច​យក​ក្រុម​ឈ្នះ​៤​ក្រុម​ឡើងទៅ​ប្រកួត​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​តែម្តង​។​




​សម្រាប់​ការប្រកួត​បើកឆាក​កាលពី​ថ្ងៃ​ពី​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ នាទី​លាន​សិប្ប​និម្មិត្ត KB Sport Club ក្រុម Natural Football ចាញ់​ក្រុម PP Revolution ៥-១ ខណៈ​ក្រុម Jumbo លត់​ក្រុម Elite Frozen ៤-០ ចំ​ណែ​ក្រុម I CamEd United ចាញ់​ក្រុម Double Kick ១-០​។ ជាមួយគ្នានេះ​ក្រុម Spirit Girl ចាញ់​ក្រុម The Green ៥-១ ខណៈ​ក្រុម Ayo GG បាន​លត់​ក្រុម CamEd All Star ៥-០ ចំណែក D Deers បាន​ត្រឹម​ស្មើ​ក្រុម Devil Queen ១-១៕  












Tag:
 CamEd
© រក្សាសិទ្ធិដោយ thmeythmey.com