ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើ​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត មន្ត្រី ប្តី ប្រពន្ធ កូន និង​ចៅ​មន្ត្រី​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ទាំងអស់​
29, Feb 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ហូ វ៉ាន់ សមាជិកសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ប្រសិនបើ​យើង​ចង់បាន​ប្រសិទ្ធភាព​នៅក្នុង​ការងារ​គ្រប់គ្រង ការងាររដ្ឋបាល បម្រើសេវា​សាធារណៈ​ដល់​មហាជន​ឲ្យ​មាន​តម្លាភាព កាត់បន្ថយ​អំពើរ​ពុករលួយ និង​ត្រូវ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នោះ​គឺ​មន្ត្រី​ទាំងអស់​ត្រូវ​ហ៊ាន​ប្រកាស​ទ្រព្យសម្បត្តិ ។



​លោក ហូ វ៉ាន់ ដែលជា​ប្រធាន​គណៈកម្មការ អង្កេត បោសសំអាត និង ប្រឆាំង​អំពើពុករលួយ​នៃ​រដ្ឋសភា ផងដែរ​នោះ បានលើកឡើង​អំពី​ជំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អះអាងថា ប្រសិនបើ​គណបក្ស​ខ្លួន ឈ្នះឆ្នោត​បាន​ទៅ​ដឹកនាំ​រដ្ឋាភិបាល នៅ​អាណត្តិ​ទី​៦ គឺ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ គ្រប់​សមាជិក​ទាំងអស់​ត្រូវតែ​ក្លាយជា​គំរូ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​។ លោក​បានលើកឡើង​បែបនេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន នៅក្នុង​សន្និសីទ​ស្ដីពី «​ការប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ស្ម័គ្រចិត្ត​» ដែល​រៀ​ចំ​ឡើង​ដោយ អង្គការ​គណនេយ្យភាព​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា នៅពេល​ឈ្នះឆ្នោត ថ្នាក់ដឹកនាំ​របស់​គណ​បក្ស ដែល​ត្រូវ​ទទួល​តំណែង​នានា​ត្រូវតែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន មុន​ពេលដែល​ខ្លួន​ចូលកាន់​តំណែង ហើយ​ក្រោយពេល​ចប់​អាណត្តិ ចប់​តំណែង​របស់ខ្លួន ក៏ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ជាថ្មី​ម្ដងទៀត គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿទុកចិត្ត​។ ប៉ុន្តែ​ការប្រកាស​នេះ​គឺមាន​លក្ខណៈពិសេស​ជាង​អ្វីដែល​ច្បាប់​បានកំណត់​កន្លងមក​។​

​លោក​បាន​មានប្រសាសន៍ថា​៖ « ការប្រកាស​ទ្រព្យសម្បត្តិ​នៅក្នុង​ច្បាប់​សព្វថ្ងៃនេះ គឺ​ត្រូវ​ប្រកាស​តែ​អ្នក​ដែល​បម្រើ​ការងារ​ទេ​។ ឧទាហរណ៍​ថា ប្រសិនបើ​យើង​ជា​ប្រធាន​នាយកដ្ឋាន គឺ​យើង​ប្រកាស​តែ​ប្រធាន​នាយកដ្ឋាន​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ចុះ​ប្រពន្ធ ចុះ​កូន ចុះ​ចៅ​ទៀត ប្រសិនបើ​បុគ្គល​នោះ​ផ្ទេរ​ទៅ​ឲ្យ​កូន ឬ​ចៅ​អស់​ទៅ នៅពេលដែល​ប្រកាស​ទៅ​វា​នៅតែ​មិន​ច្បាស់លាស់​ដដែល​»​។ 

​លោក ហូ វ៉ាន់ ក៏បាន​បន្តថា​៖ «​ហេតុនេះ​គឺ​យើង​ត្រូវ​ប្រកា​សទាំង​ប្រពន្ធ ទាំង​កូន ទាំង​ចៅ ដើម្បី​បញ្ជាក់ថា ទ្រព្យសម្បត្តិ​យើង​គឺ​មានតែ​ប៉ុណ្ណឹង នោះ​ទើប​អាច​បញ្ហា​ញ​ពី​តម្លាភាព និង​គណនេយ្យភាព​ពិតប្រាកដ​បាន​»៕


Tag:
 ​លោក ហូ វ៉ាន់​
  សង្គ្រោះ​ជាតិ​
  ទ្រព្យសម្បត្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com