ជាតិ
រដ្ឋមន្ត្រីការបរទេស​អាស៊ាន​និយាយ​គ្នា​ស្តីពី​ជំហរជាមួយ​ចិន អាមេរិក និង​រុស្ស៊ី​
01, Mar 2016 , 11:35 am        
រូបភាព
  
​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ពិភាក្សាគ្នា​លើ​បញ្ហា​ជាច្រើន នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​បានរៀបចំ​រយៈពេល​២​ថ្ងៃនេះ  នៅ​ប្រទេស​ឡាវ​។ បញ្ហា​ទាំងនោះ​រួមមាន ការអនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​ការអនុវត្ត​ផែនការ​លម្អិត​របស់​ស​ហគ​មន៍​សន្តិសុខ និង​នយោបាយ​អាស៊ាន ទំនាក់ទំនង​ក្រៅ​តំបន់  បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ភេ​វរ​កម្ម និង​ក្រុម​ជ្រុលនិយម​(ISIS-IS)​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត​មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​



​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​របស់ខ្លួន រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​សង្កត់​ទៅលើ​ការពង្រឹង​តួនាទី​ស្នូល និង​ការឯកភាព​របស់​អាស៊ាន ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច ពិសេស​ជាមួយ​ចិន អាមេរិក និង​រុស្ស៊ី ដែល​កំពុងតែ​ប្រជែង​ឥទ្ធិពល​គ្នា​ក្នុង​តំបន់​។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ដែលមាន​វត្ត​មាននៅ ក្នុង​កិច្ចប្រជុំ​ដែល​បាន​លើកឡើងថា  តួនាទី​ស្នូល​របស់​អាស៊ាន​គឺ​សំខាន់​ណាស់​។ អាស៊ាន ត្រូវ​បន្ត​រក្សា​ជំហរ​របស់ខ្លួន មិនត្រូវ​ចូលរួម​ក្នុង​យុទ្ធសាស្ត្រ​សាកល​របស់​ប្រទេស​មហាអំណាច​ណាមួយ​នោះទេ​។ 
 
​នាបច្ចុប្បន្ន​នេះ អាស៊ាន​ត្រូវបាន​គេ​មើលឃើញថា ជា​តំបន់​ប្រទាញប្រទង់​ឥទ្ធិពល​របស់​មហាអំណាច ដែល​នេះ​តម្រូវ​ឲ្យ​អាស៊ាន​ត្រូវ​ប្រកាន់​ជំហរ​កណ្ដាល និង​ត្រូវ​ពង្រឹង​តួនាទី​ស្នូល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ វា​ពិតណាស់ថា មហាអំណាច​ទាំងនោះ​បាន​ឲ្យ​តម្លៃ​និង​ព្យាយាម​អួ​សទាញ​សមាជិក​អាស៊ាន​ឲ្យ​ងាក​ទៅរក​ខ្លួន ដើម្បី​ពង្រីក​ឥ​ទ្ធ​ពល​មក​ក្នុង​តំបន់​។ 
 
​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​វិញ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ នៅក្នុង​តំបន់ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព និង​ពេញលេញ នូវ​សេចក្តីថ្លែងការណ៍​ការប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​(DOC)​។ ជាមួយគ្នា​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏​ជំរុញ​ការពិគ្រោះ​យោបល់​ស្តីពី​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​(COC) ដើម្បី​ឈានទៅ​សម្រេចបាន​ក្រម​ប្រតិបត្តិ​នេះ​ឲ្យ​បាន​ឆាប់​។ 
 
​ក្រៅពីនោះ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល  រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​គូសបញ្ជាក់​ពី​សេរីភាព​នៃ​ការធ្វើ​វា​នាច​រណ៍​នៅក្នុង​ការហោះហើរ​លើ​សមុទ្រ​ខាងត្បូង​ដែរ​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏​ឯកភាព​ឲ្យ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​ចិន​នៅពេល​ខាងមុខ ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​អាស៊ាន​-​ចិន រួម​ទាង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​រិះរក​វិធានការ​សមស្រប ដើម្បី​បន្ថយ​ភាព​តានតឹង និង​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
 
​បញ្ហា​តំបន់ និង​អន្តរជាតិ​ផ្សេងទៀត ពិសេស​បញ្ហា​ភេរវកម្ម និង​ក្រុម​ជ្រុលនិយម​(ISIS-IS) ក៏​ជា​ក្តីកង្វល់​របស់​អាស៊ាន ហើយ​ត្រូវបាន​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ពិភាក្សា និង​ស្វែងរក​វិធានការ​ផ្សេងៗ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​បញ្ហា​ទាំងនេះ​មក​ក្នុង​តំបន់​។ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បានស្នើ អាស៊ាន​គួរ​ពង្រឹង​ការអនុវត្ត​ច្បាប់ ការផ្លាស់ប្តូរ​ពត៌មាន​សម្ងាត់ និង​ការគ្រប់គ្រង​ព្រំដែន តាមរយៈ​ការអនុវត្ត​ផែនការ​ការងារ​អាស៊ាន ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភ​វរ​កម្ម (២០១៦-២០១៨) អោយមាន​ប្រសិទ្ធភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភេ​វរ​កម្ម និង​ក្រុម​ជ្រុលនិយម​ទាំងនោះ​៕
 
 
 

Tag:
 អាស៊ាន​
 ​​ ចិន​
 ​ អាមេរិក​
  ​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com