កីឡាជាតិ
ជាតិ
កីឡា​ប៉េតង់​កម្ពុជា បង្កើត​ការប្រកួត​ក្របខណ្ឌ​សិស្ស ដើម្បី​ត្រៀម​ស៊ី​ហ្គេម​
01, Mar 2016 , 8:39 pm        
រូបភាព
ដោយ:
​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នាពី​ធី​បិទ​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​«​ពានរង្វាន់​ឧបនាយករដ្ឋមន្ត្រី សុខ អាន លើក​ទី​៦ ឆ្នាំ​២០១៦» បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៦ នេះ សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា នឹង​បង្កើត​ឲ្យ​មានការ​ប្រកួត​ពានរង្វាន់​ក្របខ័ណ្ឌ​សិស្ស​អាយុ​ក្រោម​១៧​ឆ្នាំ ដើម្បី​ជ្រើស​កីឡាករ​ថ្នាល​សម្រាប់​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣​។



​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ក្រោម​ការសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុង​ឆ្នាំ​២០១៦ នេះ នឹង​បង្កើត​ឲ្យ​មានការ​ប្រកួត​ដណ្តើមពាន​រង្វាន់​ក្របខ័ណ្ឌ​សិស្ស​អាយុ​ក្រោម​១៧​ឆ្នាំ តាម​បណ្តា​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំង​រាជធានី ខេត្ត ក្នុងប្រទេស​កម្ពុជា ដើម្បី​ជ្រើសរើស​កីឡាករ​កីឡាការិនី​ថ្នាល​សម្រាប់​ហ្វឹកហាត់​ត្រៀម​ចូលរួម​ការប្រកួត SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ 

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍ថា​៖«​ចាប់ពី​ឆ្នាំ​២០១៦​នេះ​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ឱ្យមាន​ការប្រកួត​កីឡា​ប៉េតង់​ក្របខ័ណ្ឌ​សិស្ស ដើម្បី​ជ្រើសរើស​យុវ​កីឡាករ កីឡាការិនី ដែលមាន​អាយុ​ក្រោម​១៧​ឆ្នាំ សម្រាប់​ហ្វឹកហាត់​ត្រៀម​ចូលរួម​ក្នុងការ​ប្រកួត​កីឡា SEA Games នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​»​។​



​ប្រធាន​សហព័ន្ធ​ប៉េតង់​រូបនេះ​បាន​បន្ថែមថា ដើម្បីឱ្យ​ការធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA Games នៅ​ឆ្នាំ​២០២៣ ទទួលបាន​លទ្ធផល​ល្អប្រសើរ កម្ពុជា​យើង​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយ​ត្រូវមាន​ផែនការ និង​យុទ្ធសាស្ត្រ​ឲ្យ​បានច្បាស់លាស់ និង​ត្រូវមាន​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​កាន់តែ​ជិតស្និទ្ធ​រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហព័ន្ធ​កីឡា​ទាំងអស់​។​



​ទន្ទឹមនឹងនេះ ដើម្បី​ជ្រើសរើស​កីឡាករ​កីឡាការិនី​ដែលមាន​សមត្ថភាព និង​ទេពកោសល្យ សម្រាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ និង​ដើម្បី​ទទួលបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ទាំងនេះ​ទាមទារ​ឲ្យ យើង​ធ្វើការ​សម្រិតសម្រាំង​យ៉ាងខ្ពស់​បំផុត ដោយ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ដោយ​ផ្អែកលើ​គុណ​ភាពជា​ចម្បង​។ កីឡាករ​កីឡាការិនី​ត្រូវគោរព​វិន័យ និង​ក្រឹត្យក្រម​កីឡា មាន​ស្មារតី​រឹងមាំ​ប្រកបដោយ​ភាពជឿជាក់ និង​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ខិតខំ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ជាប្រចាំ ជាពិសេស​បង្កើត​ឲ្យ​មានការ​ប្រកួត​ផ្លាស់ប្ដូរ​បច្ចេកទេស និង​ដណ្ដើម​ពានរង្វាន់ ថ្នាក់ជាតិ​ផ្សេងៗ​។​

​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង​នៃ​ការបង្កើត​ឲ្យ​មានការ​ប្រកួត​ពានរង្វាន់​ក្របខ័ណ្ឌ​សិស្ស​អាយុ​ក្រោម​១៧ នេះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ពន្យល់ថា ព្រោះ​សាលារៀន​ជា​ប្រភព​ថ្នាល​មួយ​ដ៏​សំខាន់ ដែល​ពោរពេញ​ទៅដោយ​អ្នកមាន​ទេពកោសល្យ​ល្អៗ​ជាច្រើន និង​ដើម្បី​ឲ្យ​យុវ​សិស្ស​ទាំងអស់​បាន​បញ្ចេញ​សមត្ថភាព​ធម្មជាតិ​រប​ស់​ខ្លួន​។ ម្យ៉ាងទៀត វា​ជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុងការ​ចម្រាញ់​រក​អ្នក​ដែលមាន​ទេពកោសល្យ ព្រោះ​ការប្រកួត​នេះ​យើង​ធ្វើការ​ជម្រុះ​តាំងពី​ថ្នាក់​អនុវិទ្យាល័យ រហូតដល់​ថ្នាក់​វិទ្យាល័យ​។​



​លោក​បាន​បញ្ជាក់ថា​៖«​ការប្រកួត​ក្របខ័ណ្ឌ​សិស្ស​វា​ជា​ប្រភព​មួយ​ដ៏​សំខាន់ ព្រោះ​កីឡា​តាម​សាលា​នេះ​ជា​ថ្នាល​ធំ​ណាស់ សម្រាប់​យើង​ជ្រើស​រើសយក​អ្នក​ដែលមាន​ទេពកោសល្យ  យើង​ទាល់​តែមាន​ថ្នាល​ទើប​អាច​ជ្រើសរើស​អ្នក​ដែលមាន​ទេពកោសល្យ អ្វីដែល​សំខាន់​យើង​ទាល់​តែមាន​លទ្ធផល​ចេញពី​សាលា​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ទើប​អាច​រកឃើញ​អ្នក​ដែលមាន​ទេពកោសល្យ​»​។

​គួរបញ្ជាក់​ផងដែរ​ថា កីឡា​ប៉េតង់​អាស៊ី​មាន​សមាជិក​ទាំងអស់​ចំនួន​២១​ប្រទេស ប៉ុន្តែ​ប្រទេស​ដែល​សកម្ម និង​មាន​ធនធាន​ប្រហែលជា​១៤ ទៅ ១៥​ប៉ុណ្ណោះ ក្រៅពីនេះ​កំពុងតែធ្វើការ​ហ្វឹកហាត់ ដើម្បី​ពង្រឹង​ធនធាន​នៅឡើយ​ទេ​។ សមាគម​ប៉េតង់​ពិភពលោក បាន​នឹង​កំពុង​រៀបចំ​ដាក់បញ្ចូល​កីឡា​ប៉េតង់​នៅក្នុង​អូឡាំពិក​ហ្គេម នា​ឆ្នាំ​២០២៤ ខាងមុខ​។



​សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​«​ពានរង្វាន់​ឧបនាយករដ្ឋមន្ត្រី សុខ អាន លើក​ទី​៦​ឆ្នាំ​២០១៦» ដែលមាន​ក្លិប​-​សមាគម​ចូលរួម​ជាង​២០ និង​មាន​កីឡាករ​កីឡាការិនី​ជិត​៣០០​នាក់ ដែល​ចាប់ផ្តើម​ប្រកួត​តាំងពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ បានបញ្ចប់​ហើយ​កាលពី​ម្សិលមិញ​។ ក្នុងនោះ​ពាន​សមាគម​៣​នាក់​ទល់នឹង​៣​នាក់ ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅលើ​ក្រុម​គី​រី​វង្ស ខណៈ​មេដាយប្រាក់​បាន​ទៅ​ក្រុម​រដ្ឋាករ​ស្វយ័ត​ភ្នំពេញ  ចំណែក​មេដាយ​សំរឹទ្ធ​បាន​ទៅ ក្រុម​យោធភូមិភាគ​ពិសេស​។ ចំណែក​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់ ផ្នែក​វ័យចាស់ ម្ចាស់​ជើងឯក​មេដាយមាស​បាន​ទៅ​ក្រុមទី​ស្តីការគណៈរដ្ឋមន្ត្រី II ខណៈ​មេដាយប្រាក់​បាន​ទៅ​ក្រុម​នាគព័ន្ធ ឬ​ឯ​មេដាយ​សំរឹទ្ធ​បាន​ទៅ​ក្រុម​ឃោសនា​ព័ន្ធ​មាន​។



​វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​យុវនារី​(​អាយុ​ក្រោម​១៧​ឆ្នាំ​) ម្ចាស់​មេដាយមាស​បាន​ទៅ​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ខណៈ​កីឡាការិនី ហៀ​ង វិ​ជ្ជ​នី របស់​ក្រសួងមហាផ្ទៃ ទទួលបាន​មេដាយប្រាក់ ចំណែក​មេដាយ​សំរឹទ្ធ ធ្លាក់​ទៅលើ​កីឡាការិនី ពៅ ច័ន្ទ​សុភ​ក្ត្រា មកពី​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​។ ចំណែក​វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​យុវជន​មា្ច​ស់​មេដាយមាស​បាន​ទៅ​កីឡាករ ភាព រ៉ា​ឃីម មកពី​មន្ទីរ អ​.​យ​.​ក ខេត្តកណ្តាល ខណៈ​មេដាយប្រាក់​បាន​ទៅ​កីឡាករ មួង ទិ​ត​ម៉ា​ណែ​ត មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី ចំណែក​មេដាយ​សំរឹទ្ធ​បាន​ទៅ​កីឡាករ ស៊ុម លី​វិសាល មកពី​អ​.​យ​.​ក ខេត្តស្វាយរៀង​។​



​វិញ្ញាសា​១​ទល់​១ ផ្នែក​យុវនារី ចំណាត់ថ្នាក់​មេដាយមាស​បាន ពៅ ច័ន្ទ​សុភ​ក្ត្រា  ខណៈ​មេដាយប្រាក់​បាន​ទៅ អ៊ុំ ពុត​ទី​យ៉ា ចំណែក​មេដាយ​សំរឹទ្ធ​បាន​ទៅ ហេង ច័ន្ទ​សុគន្ធា​។ វិញ្ញ​សា ១​ទល់​១ ផ្នែក​យុវជន មេដាយមាស​បាន​ទៅ ហេង ស៊ីណា ខណៈ​មេដាយប្រាក់​បាន​ទៅ ភាព រ៉ា​ឃីម ឬ​ឯ មេដាយ​សំរឹទ្ធ​បាន​ទៅ ស៊ីវ សុ​ផានី​ត្រា​។ វិញ្ញាសា​៣​ទល់​៣ ចម្រុះ​ផ្នែក​យុវជន និង​យុវនារី ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​ក្រុម​ក្រសួងមហាផ្ទៃ ខណៈ​មេដាយប្រាក់​បាន​ទៅលើ​ក្រុម​យោធភូមិភាគ​ពិសេស ចំណែក​មេដាយ​សំរឹទ្ធ​បាន​ទៅ​ក្រុម​អគ្គ​ភស្តុភា​ហិរញ្ញវត្ថុ កព​ជ​។



​វិញ្ញាសា​៣​ទល់​៣​ផ្នែក​នារី ម្ចាស់​មេដាយមាស​បាន​ទៅលើ​ក្រុម អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​មេដាយប្រាក់​បាន​ទៅ​ក្រុម​ក្រសួងការពារជាតិ ឬ​ឯ​មេដាយ​សំរឹទ្ធ​បាន​ទៅ​ក្រុមទី​ស្តីការគណៈរដ្ឋមន្ត្រី​។ វិញ្ញាសា​ផ្នែក​បុរស​ពាន​ធំ ម្ចាស់​មេដាយមាស​បាន​ទៅ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​មេដាយប្រាក់ បាន​ទៅ​ក្រុម​នគររាជ ចំណែក​មេដាយ​សំរឹទ្ធ ក្រុម​អគ្គ​ភស្តុភារ​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​៕     
          

  

Tag:
 ប៉េតង់​
  ពានរង្វាន់ សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com