ពីនេះ ពីនោះ
នយោបាយ​របស់​យុវជន មិនអាច​កើតចេញពី​យុវជន​ដែល​ខ្សោយ​ទេ​
02, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទោះបី​គេ​និយាយថា ជា​អ្នកនយោបាយ​គេច​មិន​ផុតពី​រត់ចោលស្រុក ជាប់គុក ឬ​ស្លាប់​ខ្លួន វា​មិនមែនជា​ពាក្យ​ដែល​រារាំង​ឆន្ទៈ​របស់​កូន​ខ្មែរ​មិន​ឲ្យ​គិតពី​នយោបាយ​ទេ ប៉ុន្តែ​ជា​រឿង​ដែល​កូន​ខ្មែរ​ត្រូវ​ដឹង និង​មាន​ភាពងាយស្រួល​ក្នុងការ​រៀបចំខ្លួន​ទទួលយក​កិច្ចការ​មួយ​នេះ ។ ព្រោះ​កិច្ចការ​ទាំងនេះ​គឺជា​បន្ទុក​ដ៏​ធំ​ដើម្បី​ក្លាយទៅជា​អ្នកធានា​ចំពោះមុខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​



​ពាក្យ​ថា​ស្នេហា​ជាតិ​ជា​ពាក្យ​ដែល​គេ​តែងតែ​ឮ​ចេញពី​មាត់​យុវជន​សម័យថ្មី​នេះ​ស្ទើរ​គ្រប់គ្នា តែ​ពាក្យ​បី​ម៉ាត់​នេះ វា​មិន​ងាយស្រួល​នៅក្នុង​ការប្រតិបត្តិ​នោះឡើយ​។ បើសិនជា​យុវជន​ខ្មែរ​បាន​តាំងចិត្ត​ច្បាស់លាស់​ថា ចង់​យល់ ចង់ដឹង ពី​នយោបាយ​ហើយ គឺ​ត្រូវតែមាន​ការចេះដឹង​ឲ្យ​បាន​ច្រើន ព្រមទាំង​ស្គាល់ចិត្ត​គំនិត​មនុស្ស និង​សង្គម​ឲ្យ​បាន​ច្រើន​។ កិច្ចការ​នយោបាយ​គឺជា​កិច្ច​ការរួម ដូច្នេះ​សិល្បៈ​បច្ចេកទេស​ទំនាក់ទំនង​ប្រមូលគ្នា និង​ថែរក្សា​ចំណង​សាមគ្គី​ឲ្យ​បានល្អ នោះ​គឺជា​ការចាំបាច់​។​

​ហេតុនេះ យុវជន​ខ្មែរ ទាមទារ​ឲ្យ​មានការ​សិក្សា​ឲ្យ​បាន​ខ្ពស់ មាន​ពុទ្ធិ​ទូលំទូលាយ ទាំង​ផ្នែក​ចំណេះដឹង​បែប​ទ្រឹស្ដី និង ចំណេះដឹង​ផ្នែក​អនុវត្តន៍​ជាក់ស្ដែង​។ ត្រូវ​ចេះ​ស្វែងយល់​ពី​ទ្រឹស្ដី​ដែល​បាន​សិក្សា​នៅ​សាលា រៀន​ពី​សៀវភៅ ស្ដាប់​រៀមច្បង​ដែល​គេ​មាន​ពិសោធ​មុន និង​ចូលប្រឡូក​ក្នុង​វិស័យនេះ​ដោយផ្ទាល់​ប្រកបដោយ​ភាព​ឆ្លាត​វៃ ដើម្បី​ក្លាយខ្លួនជា​សរសរ​ទ្រូង​ជាតិ​ពិតប្រាកដ​។ មិនមែនជា​មនុស្ស​ដែល​វិលវល់​តាមតែ​ការបង្គាប់បញ្ជា​របស់​អ្នកនយោបាយ​ចាស់​ឡើយ​។

​ត្រូវ​លុបបំបាត់​ទស្សនៈ​មើលងាយ​អ្នកដទៃ មើលងាយ​អ្នកដឹកនាំ​ចាស់ៗ មើលងាយ​ប្រជាពលរដ្ឋ​ខ្លួនឯង តែ​ត្រូវ​មើល​សមត្ថភាព របស់ខ្លួន​វិញ​ទើប​ជាការ​ប្រសើរ​។ ថ្វី​ត្បិត​ថា បច្ចុប្បន្ននេះ​មាន​មន្ត្រី​មួយចំនួន​គាត់​មាន​វ័យ​ចំណាស់ កម្លាំងកាយ និង​ប្រាជ្ញា​ដើរ​មិនទាន់​បរិបទ​សង្គម​ទំនើប​ក៏ពិតមែន តែបើ​និយាយ​ពី​សមត្ថភាព និង​បទពិសោធន៍​ជីវិត គឺ​ពួកគាត់​បានដឹង​យ៉ាងច្បាស់​។ យុវជន​គួរ​ណាស់​តែ​នាំគ្នា ទៅ​ឲ្យ​ជិត​បុគ្គល​ទាំងនោះ សិក្សា​រៀនសូត្រ​ពី​គាត់ សុំ​យោបល់​ពី​គាត់ រួចហើយ​នាំគ្នា​កែច្នៃ​អ្វីដែល​ចាស់​ឲ្យ​ទៅ​គំនិត​ថ្មី ប្រើប្រាស់​ក្នុង​បរិបទ​ថ្មី​។ ចំណែក​ក្នុងនាម​ជា​យុវជន ក៏​មិនត្រូវ​តាំង​ខ្លួនឯង​ជាម​នុស្ស​អស្ចារ្យ ចេះ​តែឯង ដឹង​តែឯង យល់​តែឯង​នោះដែរ​។ តែ​ត្រូវមាន​ជំហរ​ត្រឹមត្រូវ យុត្តិធម៌ សច្ចភាព សុ​ច្ចរិតភាព ចំពោះ​ជាតិ ចំពោះ​ប្រជាជន​ខ្លួនឯង និង​មាន​សីលធម៌​នៃ​ការគោរព​នៅក្នុង​ចិត្តជា​និច្ច​។ នេះ​ទើប​សបញ្ជាក់​យ៉ាងច្បាស់​នូវ​ទឹកចិត្ត​ដ៏​មុះ​មុត ចេះ​ឈឺច្អាល​ក្នុង​បញ្ហា​សង្គមជាតិ​ពិត​។

​ម្យ៉ាងវិញទៀត ជម្លោះ​រវាង​ជាតិ​ឯង​វា​មិនដែល​ចំណេញ​ដល់​ជាតិ​ម្ដងណា​ឡើយ​។ យុវជន​ត្រូវ យល់​ឲ្យ​ច្បាស់​ថា អន្តរជាតិ​ដែល​នៅ​ជុំវិញ​សព្វថ្ងៃ គេ​ប្រាកដជា​មិន​ឆោទល្ងង់​ជាង​ខ្មែរ​ឡើយ​។ គេ​ដឹង​អំពី​ស្ថានភាព​ប្រទេស​ខ្មែរ​ស្ទើ​តែ​ទាំងអស់ ព្រមទាំង​បញ្ហា​គ្រប់យ៉ាង​ទៀតផង គេ​ចាំមើល​តែ​ខ្មែរ​ទេ ថា​ចេះ​ការពារ​ស្រុកទេស​ខ្លួនឯង​ដោយ​វិធី​ណា​? ឬមួយ ពីរ​មួយថ្ងៃ ទៅមួយថ្ងៃ​គិតតែ​ពី​នាំគ្នា​រករឿង ចាប់កំហុស​គ្នា ដើម្បី​វាយបំបាក់​ខ្មែរ​និង​ខ្មែរ​គ្នាឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com