អន្តរជាតិ
កាន់​លិខិតឆ្លងដែន​អាល្លឺម៉ង់​ទៅ​១៧៧​ប្រទេស​ដោយ​មិនចាំបាច់​ទិដ្ឋាការ​
13, Apr 2016 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 ​លិខិតឆ្លងដែន​របស់​អាល្លឺម៉ង់​ត្រូវបាន​ចាត់ទុកជា​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ខ្លាំងជាងគេ ដោយ​អ្នក​ដែល​កាន់​លិខិតឆ្លងដែន​ប្រទេស​នេះ អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន​១៧៧ ដោយ​មិនចាំបាច់​មានវី​សា​។ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​ការកំណត់​ទិដ្ឋាការ (Visa Restriction Index)​។​

 
​កន្លងមក មនុស្ស​ភាគច្រើន​ប្រហែលជា​យល់ថា អ្នក​ដែល​កាន់​លិខិតឆ្លងដែន​អាមេរិក​ឬ​អង់គ្លេស អាចធ្វើ​ដំណើរ​ទៅ​ប្រទេស​ជាច្រើន​បាន​។ ប៉ុន្តែ​បើតាម​ស​ន្ទ​ស្សន៍​ថ្មី លិខិតឆ្លងដែន​អាល្លឺម៉ង់ ជា​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ជាងគេ​។ យោងតាម ស​ន្ទ​ស្សន៍​ការកំណត់​ទិដ្ឋាការ ដែល​ធ្វើ​ដោយ​ក្រុមហ៊ុន​អង់គ្លេស Henley & Partners បង្ហាញថា អ្នក​ដែលមាន​លិខិតឆ្លងដែន​អាល្លឺម៉ង់​ក្នុង​ដៃ អាចធ្វើ​ដំណើរ​ទៅ​ប្រទេស​១៧៧ ដោយ​មិន​ចាំ​ចាច់​មាន​ទិដ្ឋាការ (Visa) នោះទេ​។   
 
​បើតាម​ការផ្សាយ​របស់ The Independent របស់​អង់គ្លេស ស​ន្ទ​ស្សន៍​នេះ​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ចំនួន​១៩៩ ដោយ​ផ្អែកលើ​សេរីភាព​ធ្វើដំណើរ​របស់​ប្រជាជន​របស់​ប្រទេស​នីមួយៗ និង​ប្រើ​ទិន្នន័យ​របស់​សមាគម​ចរាចរណ៍​ផ្លូវអាកាស​អន្តរជាតិ​(IATA)​។ សមាគម​នេះ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​ធ្វើដំណើរ​ធំ​បំផុត​។ 
 
​ចំណាត់ថ្នាក់​ទី​ពីរបាន​ទៅ​លិខិតឆ្លងដែន​របស់​ស៊ុយអែត ដែល​អាចធ្វើ​ដំណើរ​ដោយ​មិនចាំបាច់​ទិដ្ឋាការ​ទៅ​ប្រទេស​១៧៦​។ ចំណែក​លិខិតឆ្លងដែន ចក្រភព​អង់គ្លេស បារាំង អ៊ីតាលី ហ្វាំ​ង​ឡង់ និង​អេ​ស្ប៉ា​ញ ស្ថិតនៅ​លំដាប់​ទី​៣​ដូចគ្នា ដោយ​ធ្វើដំណើរ​បាន​១៧៥​ប្រទេស​។ លិខិតឆ្លងដែន​របស់​មហាអំណាច​អាមេរិក ស្ថិតនៅ​លំដាប់​ទី​បួន​ជាមួយ​ប៊ែ​ល​ហ្សិ​ក ដា​ណឺ​ម៉ាក និង​ហូ​ឡង់ ទៅបាន​១៧៤​ប្រទេស​។ 
 
​ដោយឡែក កម្ពុជា​ស្ថិតនៅ​លំដាប់​ទី​៨៧ ដោយ​ធ្វើដំណើរ​មិនចាំបាច់​មាន​ទិដ្ឋាការ​ទៅ​៥០​ប្រទេស​។ ចំណាត់ថ្នាក់​របស់​កម្ពុ​ជា​ស្ថិតនៅ​ពីលើ​ប្រទេស​អាស៊ាន​តែ​បី​ប៉ុណ្ណោះ​គឺ​ឡាវ​និង​វៀតណាម មាន​លំដាប់​៩០ អាច​ទៅបាន​ប្រទេស​៤៧ ហើយ​មី​យ៉ាន់​ម៉ា​មាន​ចំណាត់ថ្នាក់​៩៥ អាច​ទៅបាន​ប្រទេស​ចំនួន​៤២៕     
 
 

Tag:
 លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com