ជាតិ
លោក ខៀវ កាញារីទ្ធ៖ បទ «ស្អាតជានិច្ច» របស់ហង្សមាសគ្មានខ្លឹមសារអប់រំ
× លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើលិខិតមួយច្បាប់ជូនដល់ម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍គ្រប់ប្រភេទឲ្យបញ្ឈប់ការចាក់ផ្សាយបទចម្រៀងដែលមានចំណងជើងថា «ស្អាតជានិច្ច» របស់ផលិតកម្មហង្សមាស។
ក្នុងខ្លឹមសារលិខិតដែលចុះថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកនោះ លោក ខៀវ កាញារីទ្ធ បានកត់សម្គាល់ថា បទ «ស្អាតជានិច្ច» របស់ផលិតកម្មហង្សមាស ដែលបកស្រាយដោយតារាចម្រៀង ពេជ្រ សោភា និង DJ ដេវីដ ទាំងខ្លឹមសារ និងរូបភាពនៃការសម្តែង ប្រាសចាកអំពី អត្ថន័យខ្លឹមសារដើមទាំងស្រុង។
លោករដ្ឋមន្ត្រី បានលើកឡើងថា បទ «ស្អាតជានិច្ច» ដើម បានអប់រំបណ្តុះគំនិតប្រាជ្ញា ស្មារតីឲ្យកុមារឧស្សាហ៍ព្យាយាម រស់នៅស្អាត មានអនាម័យល្អគ្រប់ពេល ទាំងនៅផ្ទះ សាលារៀន ដើម្បីក្លាយជាទំពាំងស្នងឬស្សី ប៉ុន្តែបទបែបរ៉េបថ្មី បង្ហាញអត្តចរិកកុមារាខ្ជិលច្រអូស ធ្វើពុតជាឈឺក្បាល វិលមុខ គេចសាលា លេងឈូសក្នុងសាលារៀនជាដើម...។
បើតាមលោក ខៀវ កាញារីទ្ធ ដើម្បីចៀសវាងការទទួលផលអវិជ្ជមានរបស់កុមារ ក្រសួងស្នើឲ្យវិទ្យុ-ទូរទស្សន៍ គ្រប់ប្រភេទបញ្ឈប់ការចាក់ផ្សាយបទចម្រៀងនេះ៕
Tag:
បទចម្រៀង
ស្អាតជានិច្ច
លោក ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com