ពីនេះ ពីនោះ
និយមន័យ​«​សាសនា​» តាម​ទស្សនៈ​របស់​ទស្សនវិទូ​សំខាន់
03, Mar 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការគោរព​ប្រណិប័តន៍​សាសនា​ប្រទេស​ណា សង្គម​ណា​ក៏មាន សម្រាប់​គ្រប់គ្រង ​ប្រជាជន​នៃ​ជាតិ​សាសន៍​នោះ​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា សាសនា​នេះ គឺ​មកពី​ពាក្យ​ថា «​សាសន​» ដែល​មានន័យថា ពាក្យ​បណ្ដាំ ពាក្យ​ផ្ដាំផ្ញើរ ពាក្យ​ប្រៀនប្រដៅ ការបង្គាប់បញ្ជា ទណ្ឌកម្ម ការគ្រប់គ្រង ការត្រួតត្រា​។ ចំណែក​ពាក្យ​នេះ​ក៏មាន​អ្នក​ប្រាជ្ញ ទស្សនវិទូ​ល្បីៗ​មួយចំនួន​នៅក្នុង​លោក​ក៏បាន​ឲ្យ​និយមន័យ​ពាក្យ​ថា​«​សាសនា​»​នេះ​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​ការ​ឲ្យ​និយមន័យ​មួយចំនួន​អំពី​ពាក្យ​ថា​«​សាសនា​»​នេះ​៖



​លោក Friedrich Engels ជា​ទស្សនវិទូ ជនជាតិ​អាល្លឺម៉ង បាន​លើកឡើងថា សាសនា គឺជា​ការឆ្លុះបញ្ចាំង​តាមបែប​ស្រ​ម៉ើ​ល​ស្រមៃ នូវ​កម្លាំង​ខាងក្រៅ​ដែល​ត្រួតត្រា​ជីវិត​មនុស្ស​រាល់ថ្ងៃ​។

​លោក Jame បាន​លើកឡើងថា សាសនា​គឺជា​ជំនឿ​លើ​បទបញ្ជា​ដែល​មើលមិនឃើញ និង​ជំនឿ​ទៅលើ​អំពើ​ល្អ​ខ្ពង់ខ្ពស់ ដោយ​ផ្អែកលើ​ការសម្របសម្រួល​គ្នា​ដោយ​គ្មាន​ការខ្វែងគំនិត​គ្នា​។​

​លោក Durkheim គឺជា​ទស្សនវិទូ និង​ជា​សង្គម​វិទូ​ជនជាតិ បារាំង បាន​ឲ្យ​និយមន័យ​ថា សាសនា គឺជា​ប្រព័ន្ធ​ជំនឿ​ឯកភាព​រូបនីយកម្ម​មួយ និង​ការប្រតិបត្តិ​ទាក់​ទង់​ទៅ​និង​វ​ត្ដុ​ដ៏​ពិសិដ្ឋៗ​។ សាសនា​គឺជា​ការគោរព​បូជា​ចំពោះ​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់​នានា ពី​តម្រូវការ​ខាង​ស្មារតី​។​

​លោក C.Kipatrick បាន​ឲ្យ​និយមន័យ​ថា សាសនា គឺជា​គំរូ​វប្បធម៌ ដែលមាន​មូលដ្ឋាន​លើ​ទំនាក់ទំនង​នានា ជាមួយ​អធិធម្មជាតិ​ឬ​វត្ថុ​សាមញ្ញ​ដែល​បាន​ប្រឌិត​ឡើង​ដោយ មនុស្ស​ពិសេសៗ ធ្វើ​ឲ្យ​វា​មាន​ទំនាក់ទំនង​គ្នា​។ តាម​លោក សាសនា វា​ទាក់ទង​ជាមួយនិង​ការ​រំជួលចិត្ត​នៃ​ការគោរព​ដ៏​ជ្រាលជ្រៅ ជំនឿ​ឫទ្ធានុភាព​អាថ៌កំបាំង​នានា ដែល​បានធ្វើ​បដិរូបកម្ម​(​ពី​រូប​ទៅ​អរូប​) ជាធម្មតា​។ មាន​កត្តា​បី​ជំរុញ​ការ​ពិពណ៌នា​ពី​ពាក្យ​ថា សាសនា​៖ ១.​ជំនឿ​ទៅលើ​កម្លាំង​អធិធម្មជាតិ​, ២.​សេចក្ដីត្រូវការ​ចំពោះ​តម្លៃ​សម្ភារ​ច្បាស់លាស់​និង​ផ្លូវចិត្ត​, ៣.​ការសម្របសម្រួល​ទៅតាម​បុគ្គលិកលក្ខណៈ​ចំពោះ​កម្លាំង​អធិធម្មជាតិ​សម្រាប់​គោលបំណង​នៃ​ការការពារ​តម្លៃ​ទាំងនោះ​។​

​លោក Paultilich ជា​ទស្សនវិទូ​អត្ថិភាព​និយម ជនជាតិ​អាល្លឺម៉ង់ បាន​ឲ្យ​និយមន័យ​ថា សាសនា គឺជា​ភាវៈ​នៃ​ការយល់ដឹង​ដោយមាន​ទំនាក់ទំនង​យ៉ាង​ខ្ពង់​ខ្ពស់បំផុត គឺ​ទំនាក់ទំនង​ដទៃទៀត​ជាការ​ចាប់ផ្ដើម និង​ឆ្លើយតប​នឹង​បញ្ហា​របស់​ជីវិត​។​

​ពួក​គ្រឹ​ស្ដ​សាសនា បាន​ឲ្យ​និយមន័យ​ថា សាសនា គឺជា​ការស្វែងរក​អត្ថន័យ​និង​វាសនា​របស់​មនុស្ស​។ សាសនា និយាយ​ពី​ការដាក់ទណ្ឌកម្ម សេចក្ដីស្លាប់ ឋានសួគ៌ ឋាននរក និង​អាណាចក្រ​អាទិទេព​។​

​ពួក​អ៊ីស្លាម និង ជនជាតិ​ជ្វី​ប សាសនា គឺ​ការទា​ក់ទង់​ជាមួយ​សារៈសំខាន់​នៃ​ជីវិត​មនុស្ស គឺ​ការស្ដាប់បង្គាប់​អាទិទេព​។​

​ពួក​ពុទ្ធសាសនា យល់ឃើញថា ជីវិត​មន​សុ្ស​ស្ថិតនៅក្នុង​វាលវដ្ដសង្សា ដែល​គេច​មិន​ផុតពី​សេចក្ដី​ទុក្ខ ហើយ​ប្រាប់ផ្លូវ​ទៅរក​សេចក្ដីសុខ​។​

​លោក Kant ជា​ទស្សនវិទូ​ជនជាតិ​អាល្លឺម៉ង បាន​ឲ្យ​និយមន័យ​ថា សាសនា គឺជា​សីលធម៌​។ លោក​យល់ថា មានតែ​សីលធម៌​មួយគត់ ដែលជា​សារៈសំខាន់​នៃ​សាសនា​។ មានន័យថា សាសនា នាំ​ឲ្យ​មនុស្ស​មាន​សីលធម៌ អប់រំ​មនុស្ស​ចេះ​ជួយ​គ្នា ធ្វើអំពើ​ល្អ ស្រឡាញ់​សន្តិភាព ស្រឡាញ់​សេចក្ដី​ស្មោះត្រង់​។ លោក​បាន​បដិសេធ​អត្ថិភាព​របស់​អាទិទេព​ថា​នាំ​ឲ្យ​មាន​សាសនា ព្រោះ​សាសនា​គឺជា​ទង្វើ​សីលធម៌​។ ចំពោះ សីលធម៌​របស់ លោក Kant គឺ​សំដៅ​ទៅលើ ហេតុផល បំណង និង​ឆន្ទៈ​។​

​ចំណែក​លោក Fredrich  សាសនា គឺជា​ការយល់ដឹង​ដោយ​អារម្មណ៍​។ មនុស្ស​ប្រតិបត្តិ​សាសនា ដើម្បី​ជា​គំរូ​សំខាន់​យល់ដឹង​តែ​ខ្លួនឯង​។ គឺ​ការយល់ដឹង​ពី​អត្ថិភាព​មុន​ការយល់ដឹង​ពី​អាទិទេព​។​

​ដកស្រង់​ពី​៖ (​ទស្សនវិជ្ជា​សាសនា​, មេរៀន​សម្រាប់​និស្សិត​ទស្សនវិជ្ជា​)


© រក្សាសិទ្ធិដោយ thmeythmey.com