អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ឥណ្ឌា និង​ជប៉ុន​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​សមុទ្រ​ចិន​ខាងត្បូង​
04, Mar 2016 , 9:19 am        
រូបភាព
 ​យោធា​អាមេរិក​ថា ខ្លួន​និង​ប្រទេស​ពីរ​ទៀត​គឺ​ជប៉ុន​និង​ឥណ្ឌា​គ្រោង​នឹងធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា​នៅ​ដែនសមុទ្រ​ហ្វីលីពីន ដែល​ជាប់​នឹង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​តែមាន​ជម្លោះ​។ ហើយ​វា​ច្បាស់​ណាស់​ថា សមយុទ្ធ​នេះ​នឹងធ្វើ​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​ឡើង​កម្ដៅ​ថែមទៀត​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

 
​កងទ័ពជើងទឹក​មក​បី​ប្រទេស​គឺ អាមេរិក ឥណ្ឌា និង​ជប៉ុន នឹងធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ដែនទឹក​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន ដែល​នៅក្បែរ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​យោធា​អាមេរិក ដែល​ធ្វើឡើង​តែមួយ​ថ្ងៃ​ក្រោយពេល​ក្រុង​វ៉ាស៊ីនតោន ព្រមាន​ពី​លទ្ធផល​ដែល​ទីក្រុង​ប៉េកាំង​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​
 
​កាលពី​ឆ្នាំមុន អាមេរិក​និង​ឥណ្ឌា ដែល​តែងតែ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា​នៅ​សមុទ្រ​បេង​កាល់ (Bengal) បាន​បញ្ចូល​ជប៉ុន​មក​ចូលរួម​ក្នុង​សមយុទ្ធ​រួមគ្នា​នេះ​។ ការហៅ​ជប៉ុន​មក​ធ្វើ​សមយុទ្ធ​រួមគ្នា​នេះ គឺជា​ការឆ្លើយតប​នឹង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។ 
 
​មេបញ្ជាការ​កងទ័ព​ទឹក​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក​លោក Harry B. Harris បានបញ្ជាក់​ពី​ព័ត៌មាន​នេះ​ដោយ​លើកឡើង​ពី​ទីតាំង​សមយុទ្ធ និង​វត្តមាន​របស់​ជប៉ុន ខណៈ​លោក​ចូលរួម​ក្នុង​សន្និសីទ​សន្តិសុខ​ក្នុង​ទីក្រុង​ញូវដែលី​។ ឆ្លៀត​ពេលនោះ លោក​ក៏​រិះគន់​ចិន​ជា​ប្រយោល ដោយបាន​និយាយថា សេរីភាព​ដែនសមុទ្រ​គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​ប្រទេស​ទាំងអស់​។​
 
​លើសពីនេះ មេបញ្ជាការ​រូបនេះ​ក៏បាន​បង្ហាញ​បំណង​ពង្រីក​សមយុទ្ធ​រួមគ្នា​ជាមួយ​ឥណ្ឌា​ដែល​តែង​ធ្វើជា​រៀងរាល់ឆ្នាំ ទៅជា​ប្រតិបត្តិការ​រួមគ្នា​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ការធ្វើ​ដូច្នេះ​មានន័យថា អាមេរិក​កំពុងតែ​អូសទាញ​ឥណ្ឌា​ឲ្យ​ចូល​ពាក់ព័ន្ធ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​។  
 
​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង កាន់តែ​តានតឹង​នៅ​រយៈពេល​ចុងក្រោយ​នេះ ជាពិសេស​ការចូលរួម​របស់​អាមេរិក​និង​ប្រទេស​មួយចំនួនទៀត​។ អាមេរិក​បាន​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន​ដូចជា​ការពង្រីក​ដី​កោះ​នៅ​តំបន់​ជម្លោះ ហើយ​ថ្មី​នេះ​ទៀតសោត ចិន​ថែមទាំង​បញ្ជូន​កាំជ្រួច​ទៅ​តំបន់​នោះ​ទៅទៀត​។ អាមេរិក​និង​ឥណ្ឌា ថែមទាំង​រៀបចំ​ផែនការ​ល្បាត​រួមគ្នា​ទៀតផង ហើយ​បើ​មន្ត្រី​អាមេរិក ការ​ល្បាត​នេះ​ក៏​ទំនងជា​ធ្វើ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​
 
​យ៉ាងណាមិញ ទាំង​អាមេរិក​និង​ទាំង​ឥណ្ឌា បាន​រំលឹក​ម្ដង​ទៀតថា​ការ​ល្បាត​រួមគ្នា​នេះ មិនមែន​ធ្វើ​ឆាប់ៗ​នេះ​ទេ ដ្បិត​ចិន​បាន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​រឿងនេះ​។ ចិន​បាន​ព្រមាន​ថា ការ​ចូលមក​ពាក់ព័ន្ធ​របស់​ប្រទេស​ខាងក្រៅ​តំបន់ នឹង​ប៉ះពាល់​ដល់​សន្តិភាព​និង​សន្តិសុខ​។ ជាមួយគ្នានេះដែរ លោក Harris បន្ថែមថា វា​គឺ​អាស្រ័យ​លើ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ជា​អ្នកសម្រេចចិត្ត​ពី​ការ​ល្បាត​រួមគ្នា​នេះ​៕ 
 
 
 
   

Tag:
 អាមេរិក​
 ​ ឥណ្ឌា​
 ​ ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com