ពីនេះ ពីនោះ
ស្វាអង្គត់ មាន​ទម្ងន់​ជា​មធ្យម​ពី ៨​ទៅ​១២​គីឡូក្រាម​
05, Mar 2016 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ ស្វាអង្គត់​មាន​រូបរាង​ដូច​ស្វា​ត្រោស​បេះបិទ តែ​វា​មាន​មាឌធំ​ជាង​ស្វា​ត្រោស​បន្តិច​។ វា​មាន​ទម្ងន់​ជា​មធ្យម​ពី ៨ ទៅ​១២​គីឡូក្រាម​។ ផ្នែក​លើ​នៃ​ដងខ្លួន​វា​មាន​ពណ៌​ប្រែប្រួល​ពី​ខ្មៅ​ស្រាល​ទៅ​ត្នោត​ស្រាល​បន្ទាប់មក​ទៅជា​ក្រហមព្រឿងៗ ការផ្លាស់ប្តូរ​ពណ៌​អាស្រ័យ​ទៅតាម​អាយុកាល និង​ទីកន្លែង​ដែល​វា​រស់នៅ​។ ស្វា​ឈ្មោល​ពេញវ័យ​មាន​រោម​ដុះ​ពីក្រោម​ចង្កា​ច្រើន ជាង​ពុកចង្កា ស្បែក​មុខ​មាន​ពណ៌​ក្រហម​ត្នោត ហើយ​មាន​ពណ៌​ក្រហម​ខ្លាំង​នៅពេល​អាកាសធាតុ​ក្តៅ និង​នៅ​រដូវ​បន្ត​ពូជ​។ នៅពេល​ចាស់​ផ្នែក​ខាង​ខ្នង​រហូតដល់​ស្មា​មាន​រោម​វែង ហើយ​ក្រាស់​ផ្ទៃមុខ​មាន​រោម​ស្តើង ថ្ងាស​ទំពែក​លយ​ទៅមុខ​រាង​ចោត​។ ផ្នែក​ត្រគាក​កន្ទុយ មាន​រោម​ខ្លី ហើយ​ស្តើង និង​មាន​ប្រវែង​តិចជាង​១០% នៃ​ប្រវែង​ពី​ក្បាល​ដល់​ដងខ្លួន​។ កូន​របស់​វា ទើប​កើតមក​មាន​ពណ៌​ស​ព្រលែត​។



​ជីវសាស្ត្រ​៖ ជា​ប្រភេទ​សត្វ​រស់នៅ​តំបន់​មាន​រយៈកម្ពស់​ខ្ពស់ ព្រៃស្រោង និង​ពាក់កណ្តាល​ស្រោង​ក្នុងព្រៃ​ធម្មជាតិ និង​ព្រៃដុះឡើងវិញ​ដែលមាន​រយៈ​កំពស់​រហូតដល់ ២០០០​ម៉ែត្រ ហើយ​វា​ចំណាយពេល​ជាច្រើន​នៅ​លើដី​ដើម្បី​រក​ចំណី​។ ពួកវា​ស៊ី​គ្រាប់​រុក្ខជាតិ ផ្លែឈើ មើម​ឈើ សត្វល្អិត និង​ប្រភេទ​សត្វ​តូចៗ ជា​អាហារ​។ ពួកវា​រស់នៅ​ជា​ក្រុម​រហូតដល់ ៥០​ក្បាល​។

​រប៉ាយ​រស់នៅ​៖ ស្វាអង្គត់​មាន​វត្តមាន​តិច​នៅ​ខាងលិច​ទន្លេមេគង្គ និង​មាន​ជា​មធ្យម​ខាងកើត ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។ វា​ក៏មាន​ផងដែរ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង នៃ​ប្រទេស​ចិន ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ និង​ឥណ្ឌូចិន​។

​ស្ថានភាព​អភិរក្ស​៖ ស្វាអង្គត់​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោក​។ ស្វាអង្គត់​កំពុង​រងគ្រោះថ្នាក់​ដោយសា​រ ការ​បរបាញ់ ការ​ទាក់​ចាប់ ការបាត់បង់​ទីជម្រក និង​ការធ្វើ​ពាណិជ្ជកម្ម​៕


© រក្សាសិទ្ធិដោយ thmeythmey.com