អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្នើ​លោក អូ​បា​ម៉ា រើស​អគ្គលេខាធិការ​UN ជា​ស្ត្រី​
04, Mar 2016 , 9:39 pm        
រូបភាព
ដោយ:
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជា​ស្ត្រី​ចំនួន​ប្រាំពីរ​នាក់ បានដាក់​សំណើ​ទៅកាន់​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ជំរុញ​ឲ្យ​មានការ​ជ្រើសរើស​ស្ត្រី សម្រាប់​ដំណែង​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ជំនួស​លោក បាន គី​មូ​ន​។ ចាប់តាំងពី​បង្កើត​១៩៤៥​មក អង្គការសហប្រជាជាតិ មិន​ដែលមាន​ថ្នាក់ដឹកនាំ​កំពូល​ជា​ស្ត្រី​នោះទេ ដូច្នេះ​បានជា​មាន​ចលនា​យ៉ាង​ផុលផុស ធ្វើ​យុទ្ធនាការ​សម្រាប់​ឲ្យ​ដំណែង​កំពូល​នេះ​ទៅ​ស្ត្រី​។​



​ក្រោយពេល​កាន់កាប់​ដំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិរ​យៈ​ពេល​ដប់ឆ្នាំ លោក បាន គី​មូ​ន នឹងត្រូវ​បញ្ចប់​អាណត្តិ​របស់លោក​នៅ​ចុងឆ្នាំ​២០១៦​នេះហើយ​។ នៅពេលនេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជា​ស្ត្រី​ចំនួន​ប្រាំពីរ​នាក់​បាន​ជំរុញ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​ជ្រើសរើស​ស្ត្រី​សម្រាប់​ដំណែង​អគ្គលេខាធិការ​ជា​លើកដំបូង​ក្នុង​អាណត្តិ​ខាងមុខ បន្ត​ពី​លោក បាន គី​មូ​ន ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​។​

​សមាជិក​ព្រឹទ្ធសភា​ទាំង​៧ ដែល​ដឹកនាំ​ដោយ​លោកស្រី Barbara Boxer សមាជិក​ជាន់ខ្ពស់​គណៈ​ក​ម្មា​ធិ​ការទំនាក់ទំនង​អន្តរជាតិ បាន​សរសេ​សំបុត្រ​ស្នើសុំ​ទៅ​លោក អូ​បា​ម៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែមីនា​។ តាមរយៈ​សំបុត្រ​នោះ សមាជិក​ព្រឹទ្ធសភា​ទាំង​៧ បានស្នើ​ឲ្យ​អាមេរិក ដើរតួ​នាំមុខគេ​ក្នុងការ​ពិចារណា​លើ​លក្ខណៈសម្បត្តិ​របស់​បេក្ខភាព​ជា​ស្ត្រី​។ រដ្ឋបាល​លោក អូ​បា​ម៉ា បានបង្ហាញ​ការគាំទ្រ​លើ​សំណើរ​នេះ ប៉ុន្តែ​ក៏បាន​បញ្ជាក់ដែរថា យើង​នឹង​ពិចារណា​លើ​បេក្ខភាព​ទាំងអស់ មិន​ថា​ប្រុស​ឬ​ស្រី​នោះទេ​។

​ជាមួយគ្នានេះ ទូរទស្សន៍ Channel NewsAsia ផ្សាយ​ថា ការលើក​ជា​សំណើរ​នេះ គឺ​ស្រប​ពេលដែល​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​៥៣ កំពុង​ធ្វើ​យុទ្ធនាការ​សម្រាប់​ស្ត្រី​ទទួល​ដំណែង​អគ្គលេខាធិការ​។ ចំណែក​ក្រុម​សង្គម​ស៊ីវិល ក៏​កំពុងតែ​បញ្ចុះបញ្ចូល​ឲ្យ​ស្ត្រី​ធ្វើជា​មេដឹកនាំ​អង្គការ​កំពូល​នេះដែរ​។

​បេក្ខជន​៧​នាក់​ត្រូវ​បានលើកឡើង ដែល​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​បីនាក់ គឺ អគ្គនាយក UNESCO លោកស្រី Irina Kobova អតីតរដ្ឋមន្ត្រី​ការបរទេស​ក្រូ​អាស៊ី​លោកស្រី Vesna Pusic និង​អតីតរដ្ឋមន្ត្រី​លោក Natalia Gherman​។ ក្រៅពីនោះ​ក៏មាន​ឥស្សរជន​នយោបាយ​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​។   

​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​១៥​ប្រទេស​នឹងធ្វើ​ជ្រើសរើស​បេក្ខជន​សមស្រប ដើម្បី​ឲ្យ​មហាសន្និបាត​ដែល​ប្រទេស​ចំនួន​១៩៣ បោះឆ្នោត​សម្រេច​ចុងក្រោយ​។ ជា​ទម្លាប់ ដំណែង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ត្រូវ​ផ្លាស់ប្ដូរ​ទៅតាម​តំបន់ ហើយ​អាណត្តិ​នេះ គឺ​ត្រូវ​ដល់​វេន​តំបន់​អឺរ៉ុប​ខាងកើត​។ បញ្ហា​រើស​តាម​តំបន់​នេះហើយ ដែល​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសមាជិក​អាមេរិក​ទាំង​៧​ខាងលើ មានការ​ព្រួយបារម្ភ ដោយសារតែ​មិនមាន​ការពិចារណា​លើ​សមភាព​ប្រុស​ស្រី​សម្រាប់​ដំណែង​នេះ​ទេ​៕


Tag:
 អាមេរិក​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com