កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន​៖ លេងអុក​មាន​ប្រយោជន៍​ជាង​លេង​ល្បែងស៊ីសង ស៊ីផឹក ស្រី​ញី​ក្រៅ​ផ្ទះ​
06, Mar 2016 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ចុង​សប្តាហ៍​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​រូបថត​តាម​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​នឹង​សកម្មភាព​លេងអុក​ជាមួយ​ដៃគូ​ម្នាក់​។ ជាមួយគ្នានេះ សម្តេច​បាន​ថ្លែងថា លេងអុក​មាន​ប្រ​យោ​ជ​ន៌​ជាង​ទៅលេង​ល្បែងស៊ីសង ទៅ​ស៊ីផឹក​ស្រី​ញី​ក្រៅ​ផ្ទះ ហើយ​វា​បែកប្រាជ្ញា​និង​ជួយ​អភិរក្ស​ល្បែង​អុក​ខ្មែរ​ផងដែរ​។​


​សម្តេច ហ៊ុន សែន បាន​អះអាងថា សម្តេច​ចេះ​លេងអុក​តាំងពី​អាយុ​១៤​ឆ្នាំ​ពេល​នៅ​វត្ត​ជាមួយ​ព្រះសង្ឃ ប៉ុន្តែ​បទពិសោធន៍​រយៈពេល​៥០​ឆ្នាំនេះ មិនទាន់​ឲ្យ​សម្តេច​ក្លាយជា​អ្នក​ពូកែ​ខាង​ល្បែង​អុក​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ ដោយ នាយករដ្ឋមន្ត្រី​កម្ពុជា ចង់​បង្ហាញថា ថ្វីដៃ​សម្តេច​មិន​អន់​នោះឡើយ ដោយ​សម្តេច​បាន​បំបាក់​ដៃគូ​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​។​

​សម្តេច បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖ «​ខ្ញុំ​ខាន​លេងអុក​ប្រមាណ​ជាង​មួយឆ្នាំ​ហើយ ដោយ​អត់​ពេល​។ ល្ងាច​ថ្ងៃ​សុក្រ​បន្ទាប់ពី​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពេលព្រឹក ពេល​ល្ងាច ខ្ញុំ​ខិតខំ​សំរេច​កិច្ច​ការដែល​នៅ​សេសសល់ រាប់ទាំង​ឯកសារ​ទៅ​សម្ពោធ​ភូមិ​កុមារ​SOS នៅ​ខេត្ត កំពត​ផង​។ ខ្ញុំ​ឆ្លៀតពេល​ហៅ​ដៃគូ​កំហូច​របស់ខ្ញុំ​មកលេង​អុក​»​។

​សម្តេច​បាន​ចំអក​ថា​៖ «​នឹកស្មានថា​ដៃគូ​ខ្ញុំ​ទៅ​រៀនសូត្រ​បាន​ល្បិច​ថ្មីៗ​មក​សម្លាប់​ខ្ញុំ មិន​នឹកស្មានថា​ដៃគូ​ខ្ញុំ​ខូច​លើស​ដើម​ចេះ​លួច ចេះ​ដណ្តើមយក​កូន​ពេល​ខ្ញុំ​ស៊ី ចេះ​រាប់​បន្លំ​ពេល​ខ្ញុំ​ដេញ​ដើម្បី​យក​ស្មើ​។​ល​។ ថ្ងៃនេះ​វាយកូនគោល​ជាមួយ​មនុស្ស​ខូច​នេះ​ទៀត បង្ហោះ​Facebook កុំឱ្យ​គាត់​ឃើញ​»​។

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានផ្តល់​សារ​ថា​៖ «​ប្រសិន​បងប្អូន​លេងអុក​វា​មាន​ប្រ​យោ​ជ​ន៌​ជាង​ទៅលេង​ល្បែងស៊ីសង ទៅ​ស៊ីផឹក​ស្រី​ញី​ក្រៅ​ផ្ទះ ហើយ​វា​បែកប្រាជ្ញា​និង​ជួយ​អភិរក្ស​ល្បែង​អុក​ខ្មែរ​ផងដែ តែ​កុំ​លេង​លើសពី ២​ម៉ោង ដែលនាំឱ្យ​មាន​បញ្ហា​សុខភាព​ទៅវិញ​និង​ប្រយ័ត្ន​ប្រពន្ធ​ស្លរ​ត្រី​អុក​ឱ្យទទួល​ទាន​»៕


Tag:
 សម្តេច ហ៊ុន សែន​
  ល្បែង​អុក
© រក្សាសិទ្ធិដោយ thmeythmey.com