កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ខ្មែរ​បាន​ជោគជ័យ​ច្រើន​ក្នុងកា​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​ខេត្ត​ព្រះសីហនុ
06, Mar 2016 , 1:35 pm        
រូបភាព
ដោយ:
ខេត្ត​ព្រះសីហនុ​៖ ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន ដើម្បី​លើកកម្ពស់​ផ្នែក​បរិស្ថាន និង​ទីក្រុង​ស្អាត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន កាលពី​ព្រឹក​មិញ​នេះ នៅ​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អត្ត​ព​លិ​ក​កម្ពុជា ក៏បាន​បង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​



​កីឡាករ ម៉ា វី​រ៉ូ របស់​កម្ពុជា​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន បន្ទាប់ពី​ទទួល​ជ័យជម្នះ​ក្នុង​ការប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅឯ​ខេត្ត​ព្រះសីហនុ លើក​ទី​៥​ព្រឹក​ថ្ងៃទី​ខែមីនា​ឆ្នាំ​២០១៦ លើ​រយៈ​ចម្ងាយ​២១​គីឡូម៉ែត្រ ដោយ​ប្រើ​ថិរវេលា ១​ម៉ោង​១៧​នាទី​និង​៤៥​វិនាទី នៅ​ឆ្នេរ​អូ​ឈើទាល​។

​ចំណែកឯ​កីឡាករ ដែល​ទទួលបាន​ជ័យលាភី ចំណាត់ថ្នាក់​លេខ​២ រត់​ចម្ងាយ​២១​គីឡូ​ម៉​ត្រ Brenden Tomas មកពី​សហរដ្ឋអាមេរិក បាន​ប្រើ​ថិរវេលា ១​ម៉ោង ១៨​នាទី​និង​៥៧​វិនាទី រីឯ​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​កីឡាករ មកពី​សហរដ្ឋអាមេរិក​ដែរ Josion Kangas ប្រើ​ថិរវេលា ១​ម៉ោង ៣៧​នាទី​និង​៤៨​វិនាទី​។

​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាការិនី មកពី​ប្រទេស​បារាំង Veroning ប្រើ​ថិរវេលា ១​ម៉ោង ៣៨​នាទី​និង​៤៩​វិនាទី ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើក​កីឡាការិនី មកពី​សហរដ្ឋអាមេរិក Hallary Snyder ប្រើ​ថិរវេលា ១​ម៉ោង ៤៧​នា​តី​និង ៣៤​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​កីឡាការិនី មកពី សហរដ្ឋអាមេរិក Sara Bawder ប្រើ​ថិរវេលា ១​ម៉ោង ៤៧​នាទី និង ៣៨​វិនាទី​។

​សម្រាប់​លទ្ធផល រត់ប្រណាំង​ចម្ងាយ​១០​គីឡូម៉ែត្រ ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​កីឡាករ​មកពី​ប្រទេស​ថៃ សាន់ ឆ័យ ប្រើ​ថិរវេលា ៣៥​នាទី ០៨​វិនាទី ដែលជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៨​នៅ​ប្រទេស​សិង្ហ​បុរី ចំណាត់​លេខ​២ បាន​ទៅលើ​កីឡាករ គៀង សាម៉ន ប្រើ​ថិរវេលា ៤១​នាទី ០១​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​កីឡាករ អូន វាសនា ថិរវេលា ៤៥​នាទី ០៥​វិនាទី ។

​ដោយឡែក​ចំណាត់ថ្នាក់​លេខ​១​ផ្នែក​នារី រត់​ចម្ងាយ​១០​គីឡូម៉ែត្រ បាន​ទៅលើ​កីឡាការិនី​ជនជាតិ​ថៃ Thamrongnawat ប្រើ​ថិរវេលា ៤១​នាទី ០៥​វិនាទី ៥៣ ឬ​ឯ​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​កីឡាការិនី ហេង ម៉ី​ជូ ប្រើ​ថិរវេលា ៤៩​នាទី ៥៤​វិនាទី ០៣ និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​កីឡាការិនី តេង សុ​ភី ប្រើ​ថិរវេលា ៥៦​នាទី ៣១​វិនាទី​។

​គួររំលឹកថា ចាប់ពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៦ នៅ​ឆ្នេរ​អូ​ឈើទាល បាន​ប្រារព្ធ​ពី​ធី ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​លើក​ទី ៥ មានការ​ចូលរួម លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​១,៣០០​នាក់ ក្នុងនោះ​ជនបរទេស​ជាង​១០០​នាក់ មកពី​២០​ទេស​ផ្សេងគ្នា​។

​ទាំង​លោក​អភិបាលខេត្ត ទាំង​លោក​អគ្គលេខាធិការ NOCC សុទ្ធតែ​បានលើកឡើង​ពី​ភាពជោគជ័យ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​លើកកម្ពស់​វិស័យ​ទេសចរណ៍​នេះ​។ លោក យន្ត មីន បាន​អះអាងថា ខេត្ត​របស់លោក​ទទួល​បាន​ផលចំណេញ​យ៉ាងច្រើន​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​។​

​លោក សែម ផល្លា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​ឲ្យ​ដឹងថា តាមពិត​តួលេខ​អ្នក​ចុះឈ្មោះ​មាន​ចំនួន​១,៣០០​នាក់ ប៉ុន្តែ​តួលេខ​អ្នករត់​ជាក់ស្តែង ខុសពី​ការចុះឈ្មោះ ក្នុងនោះ​វិញ្ញាសា​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ មាន​ជាង​១០០​នាក់ វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ ២០០​នាក់ នៅសល់​ប៉ុន្មាន គឺជា​ការរត់​ចម្ងាយ​៣​គីឡូម៉ែត្រ ដើម្បី​អប់អរសាទរ ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ជា​លក្ខណៈ​កម្សាន្ត និង​ដើម្បី​ថែរក្សា​បរិស្ថាន​៕


Tag:
 ខេត្ត​ព្រះសីហនុ​
  ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com