ជាតិ
ការបោះ​តង់​នៅ​ខេត្ត​ប៉ៃលិន​ទទួលបាន​ការគាំទ្រ​ច្រើន​ហួស​ពី​ការរំពឹងទុក​
07, Mar 2016 , 2:36 pm        
រូបភាព
​សៀមរាប​៖ ការបោះ​ជំរំ​តង់ ក្នុង​បំណង​ណែនាំ​អ្នកទេសចរ​ឲ្យ​ស្គាល់​ពីស​ក្កា​នុព​ល​ទេសចរណ៍​នៅ​ខេត្ត​ប៉ៃលិន ទទួលបាន​ជោគជ័យ​លើសពី​ការរំពឹងទុក​។ អ្នកចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​តង់​នេះ ក្រៅពី​មានបទពិសោធន៍​ថ្មីៗ ប្លែក​អារម្មណ៍​ហើយ​នោះ ពួកគេ​ក៏បាន​ស្គាល់​ពី​គោលដៅ​ទេសចរណ៍​ច្រើន​កន្លែង​ក្នុង​ខេត្ត​ប៉ៃលិន ដែលជា​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​ផងដែរ​។​



​ការបោះ​ជំរំ​តង់ ក្នុង​បំណង​ឲ្យ​អ្នកទេសចរ ស្គាល់​ពី​រមណីយដ្ឋាន​ទេសចរណ៍ ដែល​ទើប​បង្កើត​ថ្មី ឫ​មិនសូវមាន​អ្នក​ស្គាល់ របស់​ក្រុម Cambodia Amazing Trip Planner ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកចូលរួម​។ បរិមាណ​អ្នកចូលរួម​ហួស​ពី​ការគ្រោងទុក គឺមាន​ប្រមាណ ៧០​នាក់ ដែល​គម្រោង​ត្រឹមតែ​៥០​នាក់​នោះ​។​

​សមាជិក​ក្រុម Cambodia Amazing Trip Planner លោក ជីម បាន​ឲ្យ​ដឹងថា ជំរំ​តង់​នៅ​ខេត្ត​ប៉ៃលិន ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៥ និង​ទី​៦ មីនា ឆ្នាំ​២០១៦​កន្លងទៅ មាន​អ្នកចូលរួម​ច្រើន ក្នុងនោះ​ក៏មាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​អាជ្ញាធរ​ផងដែរ​។ លោក ជី​ម បន្ថែមថា ក្រុម​របស់​លោកមា​នភា​ព​សប្បាយរីករាយ​ជាខ្លាំង ដោយបាន​នាំ​យុវជន​ពី​កន្លែង​ឆ្ងាយៗ ឲ្យ​បាន​ស្គាល់​តំបន់​ទេសចរណ៍​នៅ​ខេត្ត​ប៉ៃលិន ដែល​គេ​មិនសូវ​ស្គាល់ និង​បានដឹង​។ លោក ជី​ម បន្តទៀតថា ខេត្ត​ប៉ៃលិន មាន​កន្លែង​ពិសេសៗ​ជាច្រើន មិន​ចាញ់​ខេត្ត​ទេសចរណ៍​ដទៃ​ឡើយ​។​



​ក្រៅពី​យុវជន​ខ្មែរ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ជំរំ​តង់ ឋានសួគ៌​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងនោះ​ក៏មាន​ជនជាតិ​បរទេស​ចូលរួម​ផងដែរ​។ កញ្ញា Juvy Pearl ជនជាតិ​ភី​លី​ពី​ន មាន​អារម្មណ៍​សប្បាយរីករាយ និង​បាន​កោតសរសើរ​ចំពោះ​ស្នាដៃ​រៀបចំ​កម្មវិធី​បោះជំរំ​តង់​នេះ​។ កញ្ញា​បន្ថែមថា នាង​មិន​នឹកស្មានថា យុវជន​ខ្មែរ​អាចមាន​គំនិត​រៀប​ចំ​កម្មវិធី​ពិសេស​នេះ និង​បាន​ណែនាំ​ឲ្យ​ពួកគេ​ស្គា​ល់ពី​កន្លែង​ទេសចរណ៍​ដ៏​ស្រស់ស្អាត​យ៉ាង​ដូច្នេះ​បាន​សោះ​។



​អ្នកចូលរួម​កម្មវិធី​បោះតង់​នៅ​ខេត្ត​ប៉ៃលិន បាន​ស្គាល់​កន្លែង​ពិសេសៗ​មួយចំនួន ក្នុងនោះ​ដូចជា​កន្លែង​ទាខ្វៃ​ពិសេស​នៅ​ថ្មគោល ទេសភាព​តំបន់​កំរៀង ទេសភាព​នៅ​ភ្នំព្រឹក និង​ភ្នំ​យ៉ា​ត​ជាដើម​។ ក្រៅពីនោះ​អ្នកចូលរួម នឹង​បានដឹង​ពីបទ​ពិសោធន៍​បោះតង់​ក្នុង​រី​ស៊​ត Memoria Palace ដែលមាន​ទីតាំង​ពិសេស​នៅ​តំបន់ភ្នំ និង​ដែលមាន​អាកាសធាតុ​ត្រជាក់​ស្រួល រួម​និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​។ ការ​ទស្សនកិច្ច​ច្រកព្រំដែន​ដូន ខ្មែរ​-​ឡែ​ម និង​បន្ថែម​លើ​នេះ ពួកគេ​ក៏បាន​ចុះ​សហគមន៍​ដើម្បី​ស្គា​ល់ពី​កន្លែង​ចំការ​ដំណាំ​ដែលមាន​សក្កា​នុព​ល​ក្នុង​ខេត្ត​ប៉ៃលិន​មួយចំនួន រួមមាន​ចំការ​មៀន​ប៉ៃលិន និង​ចំការ​លម៉ើ ដែលជា​ដំណាំ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។ ក្នុង​ដំណើរ​ត្រឡប់មកវិញ អ្នកដំណើរ​ទាំងអស់ ក៏បាន​ឆៀង​ទៅលេង​ចំការ​ផ្កាឈូករ័ត្ន នៅ​ខេត្តបាត់ដំបង និង​ដែល​កំពុងមាន​ការចាប់​អារម្មណ៍​ជាខ្លាំង​។​


​គួររម្លឹកថា Cambodia Amazing Trip Planner បង្កើតឡើង​ដោយ​ក្រុមយុវជន​មួយក្រុម ដែល​រស់នៅក្នុង​ខេត្តសៀមរាប​។ ក្នុង​បំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា ឲ្យ​សាធារណជន​បានដឹង​ហើយ​នោះ ក្រុម​នេះ​ក៏​មិន​ស្វែងរក​ប្រាក់ចំនេញ​នោះដែរ​។ ការបោះ​ជំរំ​តង់​នៅ​ខេត្ត​ប៉ៃលិន​នេះ គឺជា​លើក​ទី​២​ហើយ ដែល​ក្រុម​នេះ​បានរៀបចំ ដែល​លើក​ទី​១​ធ្វើ​នៅ​តំបន់​ធម្មជាតិ​ត្រាវ​កុដិ ខេត្តសៀមរាប​។ ក្រុម​នេះ គ្រោង​នឹង​រៀបចំ​កម្មវិធី​ជំរំ​តង់​នេះ​ជា​បន្តបន្ទាប់​ទៀត ក្នុងនោះ​តាម​គម្រោង​ពួកគេ​នឹង​រៀបចំ​យ៉ាងហោចណាស់ ៦​ដង​ក្នុង​មួយឆ្នាំ ឫ​អាច​លើសពីនេះ​៕





© រក្សាសិទ្ធិដោយ thmeythmey.com