ជាតិ
សង្គមជាតិ
សមភាព​ស្ត្រី និង​បុរស នៅ​កម្ពុជា ស្ថិតក្នុង​ផ្លូវ​ដ៏​វែងឆ្ងាយ​
07, Mar 2016 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​ស្ដីអំពី​ការ​ឃ្លាំង​មើល​យេនឌ័រ​ផ្នែក​នយោបាយ របស់​គណៈកម្មាធិការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​បាន​បង្ហាញថា​ចំនួន​ស្ត្រី​ដែលមាន​តួនាទី នៅក្នុង​ស្ថាប័ន​សំខាន់ៗ​ក្នុង ប្រទេស​កម្ពុជា​នៅមានកម្រិត​នៅឡើយ​។  ក្នុងនោះ គណៈកម្មាធិការ​នេះ​បាន​បង្ហាញថា ទាំង​នៅក្នុង​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​តុលា ថ្វីត្បិតតែ​មាន​ស្ថាប័ន​ខ្លះ​មាន​ចំនួន​ស្ត្រី​មានការ​កើនឡើង ប៉ុន្តែ​ចំនួន​នោះ​មិនទាន់មាន​សមភាព​ទៅនឹង​ចំនួន​របស់​បុរស​នៅឡើយ​។​



​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការលើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​បាន​បង្ហាញថា ចាប់តាំងពី​អាណត្តិ​ទី​១​ឆ្នាំ​១៩៩៩ អាណត្តិ​ទី​២​ឆ្នាំ​២០០៥ និង​អាណត្តិ​ទី​៣​ឆ្នាំ​២០១២  តំណាង​ស្ត្រី​នៅក្នុង​ស្ថាប័នព្រឹទ្ធសភា​មិនមាន​ការប្រែប្រួល​ជា​វិជ្ជមាន​ទេ  គឺ​នៅតែមាន​ចំនួន​៩​នាក់​ដដែល ស្មើនឹង​១៤.៧៥% នៃ​ចំនួន​សរុប​៦១​នាក់​។

​ក្នុង​រយៈពេល​ពីរ​ទស្ស​វត្ស​ចុង​ក្រោយនេះ​តំណាងរាស្ត្រ​ស្ត្រី មានការ​កើនឡើង​ច្រើនជាង​៣​ដង គឺ​ពី​៦%​នៅ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ ទៅ​២០.៣៣% នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ដោយមាន​ការកើនឡើង​ជា​មធ្យម​៦.៦៨% សម្រាប់​នីតិកាល​នីមួយៗ​នៃ​រដ្ឋសភា​។ ប៉ុន្តែ​សម្រាប់​នីតិកាល​ទី​៥​ចំនួន​តំណាងរាស្ត្រ​ស្ត្រី​មានការ​ថយចុះ​០.៨១% បើ​ធៀប​នឹង​ចុង​នីតិកាល​ទី​៤ ដែលមាន​តំណាងរាស្ត្រ​ជា​ស្ត្រី​ចំនួន​២៦​នាក់​ស្មើនឹង​២១.១៤% មក​ត្រឹម​២៥​នាក់​ស្មើនឹង​២០.៣៣% នៅ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣ ក្នុងចំណោម​អ្នកតំណាងរាស្ត្រ​សរុប ១២៣​នាក់​។

​ក្នុងចំណោម​តំណាងរាស្ត្រ​ស្ត្រី​ទាំង​២៥​នាក់ មាន​តំណាងរាស្ត្រ​ស្ត្រី ១៨​នាក់​ស្មើនឹង​២០.៤៥% តែប៉ុណ្ណោះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​គណៈកម្មការ​ទាំង​១០ នៃ​រដ្ឋសភា​ក្នុង​ចំនួន​សរុប បុរស​-​ស្ត្រី​៨៨​នាក់​។ ចំណែក​តួនាទី​ជា​ប្រធាន​គណៈកម្មការ​មាន​ចំនួន​២​នាក់ ស្មើនឹង​២០% នៃ​ចំនួន​សរុប​១០​នាក់ ក្នុងនោះ​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​៩ ។ តួនាទី​ជា​អនុប្រធាន​គណៈកម្មការ​នៃ​រដ្ឋសភា​មាន​ចំនួន​១​នាក់​ស្មើនឹង​១០% នៃ​ចំនួន​សរុប​១០​នាក់ និង​មាន​តួនាទី​ជា​លេខាធិការ​ចំនួន​៦​នាក់​ស្មើនឹង​៦០% នៃ​ចំនួន​សរុប​១០​នាក់ ក្នុង​នីតិកាល​ទី​៥​នេះ​។​

​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ផងដែរ នូវ​ចំនួន​ស្ត្រី​ដែលមាន​តួនាទី​នៅក្នុង​ជួ​រដ្ឋាភិបាល​។ ក្នុងនោះ​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន ១​នាក់​ស្មើនឹង​១១.១១% ក្នុងចំណោម​៩​នាក់​។ ប៉ុន្តែ​មិនមាន​ស្ត្រី​ក្នុង​មុខតំណែង​ជា​ទេសរដ្ឋមន្ត្រី​ទេ ក្នុងចំណោម​ទេសរដ្ឋមន្ត្រី​ចំនួន​១៥​រូប​។

​យ៉ាងណាមិញ តំណែង​ជា​រដ្ឋមន្ត្រី​ស្ត្រី​មានការ​កើនឡើង​ពី​៧.១៤% ស្មើនឹង​២​នាក់ ក្នុងចំណោម​២៨​នាក់​ក្នុង​ឆ្នាំ​២០០៨ មក​ចំនួន​៣​នាក់​ស្មើនឹង​១០.៣៤% ក្នុងចំណោម​២៩​នាក់​។ បន្ថែម​ពី​នោះ​ចំនួន​ស្ត្រី​ក្នុង​តំណែង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​មាន​យ៉ាងតិច​ចំនួន​មួយនា​ក់នៅ​គ្រប់​ក្រសួង​នីមួយៗ ។ ចំនួន​នេះ​បានធ្វើ​ឲ្យ​រដ្ឋលេខា​ស្ត្រី​កើនឡើង​ពី ៨.០៨%​ស្មើនឹង​១៦​នាក់ ក្នុងចំណោម ១៩៨​នាក់​នៅ​ឆ្នាំ​២០០៨ ទៅ​២០.៥៤%​ស្មើនឹង​៣៨​នាក់ ក្នុងចំណោម​១៨៥​នាក់​នៅ​ឆ្នាំ​២០១៣ ដែលមាន​ការកើនឡើង​ចំនួន​១២.៤៦% ស្មើនឹង​២២​នាក់​។ ។ ចំណែកឯ​ចំនួន​ស្ត្រី​ក្នុង​តំណែង​ជា​អនុរដ្ឋលេខាធិការ មានការ​កើនឡើង​ប្រមាណ​២%​ស្មើនឹង ១៥​នាក់ ដែល​ចំនួន​នេះ​កើន​ពី​១៦.០៩%​ស្មើនឹង​៣៣​នាក់ ក្នុងចំណោម ២០៥​នាក់ នៅ​ឆ្នាំ​២០០៨ ទៅ​១៧.៥៨%​ស្មើនឹង ៤៨​នាក់ ក្នុងចំណោម​២៧៣​នាក់​នៅ​ឆ្នាំ​២០១៣ ។​

​របាយកាណ៍​ខាងលើ​ក៏បាន​បង្ហាញ​ផងដែរ​ថា នៅក្នុង​ស្ថាប័ន​តុលាការ ចំនួន​ស្ត្រី​មានការ​កើនឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ​បុរស​នៅតែមាន​ចំនួន​ច្រើនជាង​ស្ត្រី​ក្នុងតួនាទី​ធ្វើ​សេចក្ដីសម្រេច​ក្នុង​ស្ថាប័ន​តុលាការ​។ ក្នុង​ឆ្នាំ​២០១៣ នៅ​ស្ថាប័ន​តុលាការ​មាន​ចៅក្រម​ស្ត្រី ១៣.៩៦% ស្មើនឹង​៣៧​នាក់​ក្នុងចំណោម​ចៅក្រម​ទាំង​២៦៥​នាក់ ដែលមាន​ការកើនឡើង​ពី ១៣.២០% នៅក្នុង​ឆ្នាំ​២០១០​។ ផ្ទុយទៅវិញ​មិនមាន​តំណាង​ស្ត្រី​ជា​ប្រធាន​ឡើយ​។

​ទោះជា​យ៉ាងណា​ការកើនឡើង​ចំនួន​ស្ត្រី​ក្នុង​មុខតំណែង​នេះ​បានធ្វើ​ឲ្យ ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅជិត​ការសម្រេចបាន​នូវ​គោលដៅ​ផែនការ​យុទ្ធសាស្ត្រ នារីរតនៈ​ទី​៣ ដែល​បាន​កំណត់ថា​កម្ពុជា​ត្រូវមាន​ចៅក្រម​ជា​ស្ត្រី​ចំនួន​១៥%​ក្នុង​ឆ្នាំ​២០១៣​។ លើសពីនេះទៅទៀត ចំនួន​ព្រះរាជអាជ្ញា​ជា​ស្ត្រី​ឃើញថា​មានការ​កើនឡើង​៨%​ចាប់ពី​ឆ្នាំ​២០១០​មក ដែល​បច្ចុប្បន្ននេះ​ចំនួន​ព្រះរាជអាជ្ញា​ជា​ស្ត្រី​មាន ១០.២០%​ស្មើនឹង ១៥​នាក់​ក្នុងចំណោម​១៤៧​នាក់​។ ក្នុងចំណោម​សមាជិក​គណៈមេធាវី និង​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​សរុប​ចំនួន​២៧​នាក់ ក្នុង​អាណត្តិ​ឆ្នាំ​២០១២ ដល់​២០១៥ ។

​ផ្ទុយទៅវិញ ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងទៅនេះ ចំនួន​ស្ត្រី​ដែល​ប្រកប​វិជ្ជាជីវៈ​មេធាវី​មានការ​ថយចុះ ពី​១៨%​ស្មើនឹង​៩៨​នាក់ ក្នុងចំណោម​មេធាវី ៥៥១​នាក់​ក្នុង​ឆ្នាំ​២០១០ មក​ត្រឹម​១៧.៦០%​ស្មើនឹង ១២៦​នាក់ ក្នុងចំណោម​៧១៦​នាក់ នៅ​ឆ្នាំ​២០១៣៕


Tag:
 ​សិទ្ធិនារី​
  របាយការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com