ជាតិ
ភារៈ​ដ៏​ធ្ងន់​របស់​ម៉ែ ដែល​ឪពុក​មិនអាច​ធ្វើ​ជំនួស​បាន​មាន​អ្វីខ្លះ​?
02, Jul 2022 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
 ​កាលបើ​ពោល​តាមច្បាប់​ធម្មជាតិ ឬ​ពោល​តាម​សេចក្តី​ពិត​ដែល​ប្រាកដ​ឲ្យ​ឃើញ ម៉ែ​ឈ្មោះថា​ធ្វើ​នូវ​របស់​ដែល​ធ្វើបាន​ដោយ​លំបាក ហើយ​សេចក្តី​លំបាក​នោះ ឪពុក​មិនអាច​ធ្វើ​ជំនួស​បានឡើយ ពោលគឺ ម៉ែ​ត្រូវមាន​រដូវ ត្រូវ​ពពោះ និង​ត្រូវ​ឆ្លងទន្លេ (​សម្រាលកូន​) នេះ​គឺជា​សេចក្តី​ទុក្ខលំបាក​របស់​ម៉ែ​គ្រប់គ្នា ក្នុងនោះ​មាន​ម៉ែ​មិនតិច​នាក់​ទេ ដែល​ត្រូវ​បាត់បង់​ជីវិត ព្រោះ​ការឆ្លង​ទន្លេ​។

 
​ម៉ែ​កាល​ប្រាថ្នា​ចង់បាន​ផល​គឺ​កូន រមែង​នមស្ការ​ទេវតា​ដើម្បី​សូម​កូន ម៉ែ​សួរ​នូវ​នក្ខត្ត​ឬ​ក្ស​ទាំងឡាយ​ផង សួរ​នូវ​រដូវ និង​ឆ្នាំ​ទាំងឡាយ​ផង ថា​តើ​កូន​កើត​ក្នុង​ឫក្ស​ណា ក្នុង​រដូវ​ណា ក្នុង​ឆ្នាំ​ណា ទើបបាន​នូវ​អាយុ​វែង​។ 
 
​កាលម៉ែ​មាន​រដូវ​ហើយ ក៏​រមែង​មានការ​តាំង​គភ៌​ឡើង ហើយ​ម៉ែ​ក៏មាន​ការ​ចាញ់​គភ៌ ព្រោះហេតុនោះ​ទើប​ម៉ែ​មាន​ឈ្មោះថា «​ស្ត្រី​ចាញ់​គភ៌​»​។​
 
​ម៉ែ​មានការ​ស្រឡាញ់​កូន ដែល​កើត​ក្នុង​ពោះ​របស់ខ្លួន ព្រោះហេតុនេះ​ទើប​ម៉ែ​មាន​ឈ្មោះថា «​ស្ត្រី​មានចិត្ត​ល្អ​»​។​
 
​ម៉ែ​រក្សាគភ៌​អស់​មួយឆ្នាំ ឬ​ជិត​មួយឆ្នាំ ហើយ​ទើបបាន​ឆ្លងទន្លេ​សម្រាលកូន ព្រោះហេតុនេះ​ទើប​ម៉ែ​មាន​ឈ្មោះថា «​ស្ត្រី​ជា​អ្នក​ឲ្យ​កូន​បាន​កើតមក​»​។​
 
​ម៉ែ​ញ៉ាំង​កូន​ដែល​កំពុង​យំ​ឲ្យ​ត្រេកអរ ដោយ​ការ​បំបៅ​ដោះ​ផង ដោយ​ការ​បំពេ​ផង ដោយ​ការ​ឱបក្រសោប​ផង ព្រោះហេតុនេះ​ទើប​ម៉ែ​មាន​ឈ្មោះថា «​ស្ត្រី​ញ៉ាំង​កូន​ឲ្យ​ត្រេកអរ​»​។​
 
​តពីនោះមក​ម៉ែ​មាន​ហឫទ័យ​ទន់​ទោរ​ទៅរក​កូន​ក្រឡេកមើល​កូន​ដែល​ពុំទាន់​ដឹងក្តី មើល​ក្នុង​ទី​ដែល​កូន​នៅ​ត្រូវ​ខ្យល់​ត្រូវ​ក្តៅ​យ៉ាងណា ព្រោះហេតុនេះ​ទើប​ម៉ែ​មាន​ឈ្មោះថា «​ស្ត្រី​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​»​។​
 
​ទ្រព្យសម្បត្តិ​ឯណា​របស់​ម៉ែ​និង​ឪពុក ដែល​មាននៅ​ម៉ែ​រមែង​គ្រប់គ្រង​នូវ​ទ្រព្យសម្បត្តិ​ទាំងពីរ​ចំណែក​នោះ​ដោយ​បំណង​ថា ទ្រព្យសម្បត្តិ​ទាំងនេះ​ត្រូវបាន​ទៅ​កូន​របស់​យើង​។ 
 
​ម៉ែ​កាលដែល​ទូន្មាន​កូន​ថា កូន​គួរ​ធ្វើ​យ៉ាងនេះ កូន​មិនគួរ​ធ្វើ​យ៉ាងនេះ​ជាដើម រមែង​នឿយហត់​លំបាក​។ 
 
​កាលបើ​កូន​មាន​វ័យ​ចម្រើន​ឡើយ​ហើយ ម៉ែ​បានដឹងថា កូន​មាន​សេចក្តី​រីករាយ​ភ្លើតភ្លើន​ព្រោះ​ស្រវឹង​ក្នុង​វ័យ​។ ម៉ែ​រមែង​ទន្ទឹង​មើលផ្លូវ​កូន លុះ​ដល់ពេល​ល្ងាច​ពេល​ព្រលប់​បាត់​កូន​មិនឃើញ​ត្រឡប់មក ម៉ែ​ក៏​អន្ទះសា​ញាប់​ញ័រ​ក្នុង​ចិត្ត​ដោយ​ប្រការ​ដូច្នេះ​ឯង​៕
 
​ប្រភព​៖ សៀវភៅ​ម៉ែ របស់​អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​
 

Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com