កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ម្នាក់​រងរបួស​បាក់ឆ្អឹង ខណៈ​ការប្រណាំង​កង់​៥​កំណាត់​ផ្លូវ​រកឃើញ​ម្ចាស់​ជើងឯក​
09, Mar 2016 , 8:21 am        
រូបភាព
ដោយ:
​អត្ត​ព​លិ​ក​ជិះ​កង់​ម្នាក់​មកពី​ក្លិប​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​រងរបួស​បាក់ឆ្អឹង​ដងកាំបិត ខណៈពេល​កំពុង​ប្រជែង​គ្នា​នៅលើ​កំណាត់​ផ្លូវ​ក្នុង​ខេត្តកំពង់ចាម នា​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ទោចក្រយាន​លើ​ផ្ទៃរាប​(​ក​.​ផ​.​រ​) ៥​កំណាត់​ផ្លូវ​លើក​ទី​៣ ឆ្នាំ​២០១៦ ប៉ុន្តែ​កម្មវិធី​ដែល​ធ្វើឡើង​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធ​នារី​អន្តរជាតិ ៨​មិនា នេះ បានបញ្ចប់​ដោយ​ជោគជ័យ និង​រកឃើញ​ម្ចាស់​ជើងឯក​របស់ខ្លួន​។



​អត្ត​ព​លិ​ក​ជិះ​កង់​វ័យ​១៧​ឆ្នាំ ថា សេង របស់​ក្លិប​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​រងរបួស​បាក់ឆ្អឹង​ដងកាំបិត បន្ទាប់ពី​រូបគេ​ដួល​កង់​ក្នុងអំឡុង​ពេលនា​ការប្រកួត​កីឡា​ទោចក្រយាន​លើ​ផ្ទៃរាប​៥​កំណាត់​ផ្លូវ​លើក​ទី​៣ ឆ្នាំ​២០១៦ ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ចាម​។ នេះ​បើ​យោងតាម លោក វ៉ាន់ ថន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែ​មិនា​។

​ពាក់ព័ន្ធ​ទៅនឹង​មូលហេតុ​នៃ​បញ្ហា​នេះ លោក​អគ្គលេខាធិការ​រូបនេះ​បាន​ពន្យល់ថា ការ​ដួល​នេះ​បណ្តាលមកពី កីឡាករ ថា សេង ប្រើ​កម្លាំង​ខ្លាំង​ដើម្បី​ដ​ណ្តើ​យ​យក​ជ័យលាភី​នៅពេល​ជិត​ដល់ទី ពេលនោះ​វា​បានធ្វើ​ឲ្យ​រមួលក្រពើ បន្ទាប់មក​រូបគេ​ក៏​យកដៃ​ម្ខាង​ក្នុងអំឡុងពេល​កំពុង​ជិះ​កង់​ទៅ​ច្របាច់​ជើង ពេលនោះ​កង់​បាន​ក្រឡាច់​ចង្កូដ​រួច​ដួល​តែម្តង​។ ភ្លាមនោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​យក​កីឡាករ​រូបនេះ​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​ជា​លទ្ធផល​រូបគេ​បាន​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង​។​


​នា​ការប្រគល់​ពានរង្វាន់​ការប្រកួតប្រណាំង​កង់​លើ​ផ្ទៃរាប​(​ក​.​ផ​.​រ​)៥​កំណាត់​ផ្លូវ​លើក​ទី​៣ ឆ្នាំ​២០១៦ នាទី​ស្នាក់ការ​ក្រុមហ៊ុន អ អឹម អេ ខេ​ម​បូ​ឌា លោក វ៉ាន់ ថន បាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុងពេល​នៃ​ការប្រកួត​នោះ​កីឡាការិនី ហេង ស៊ីវ​ឡាង ក៏បាន​ដួល​ផងដែរ ដោយសារ​ទាក់​ចង្កូដ​គ្នា​ក្នុងអំឡុងពេល​ប្រជែង​គ្នា ដើម្បី​ដណ្តើម​ជ័យលាភី​នៅពេល​ជិត​ដល់​គោលដៅ ប៉ុន្តែ​កីឡាការិនី​ម្នាក់នេះ​មិនមាន​របួស​ធ្ងន់ធ្ងរ​នោះទេ​គ្រាន់តែ​រលាត់​ដៃ​រលាត់​ជើង​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​នាឱកាស​ប្រគល់​រង្វាន់​នោះដែរ លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អឹម អេ ខេ​ម​បូ​ឌា បាន​បញ្ជាក់ថា​៖«​យើង​នឹងចូលរួម​កម្មវិធី​មួយទៀត ដែល​ទើបតែ​ពិភាក្សា​ជាមួយ​ឯកឧត្តម ញឹម ខេមរា ថា នៅ​ឆ្នាំ​ក្រោយនេះ គឺ​ខាង​ខ្ញុំ​ចង់​សហការ​ជាមួយ​សហព័ន្ធ​ក​ខ្មែរ​កីឡា​ទោចក្រយាន គឺ​រៀបចំ​ការប្រណាំង​កង់​ទូទាំងប្រទេស​ដ៏​ធំ មួយ​ដែល​ក្រុមហ៊ុន​ហ្វ​ដ​ជា​អ្នក​ដែល​សកម្ម​នៅក្នុង​រឿង​នឹង​»​។​


​គួរ​បញ្ចាក់​ផង​ថា ការប្រកួតប្រណាំង​កង់​លើ​ផ្ទៃរាប​(​ក​.​ផ​.​រ​)​លើក​ទី​៣ ឆ្នាំ​២០១៦ ដែលមាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ចំនួន​៤០​នាក់ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​៤​ថ្ងៃ បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​ម្សិលមិញ និង​បាន​រកឃើញ​ម្ចាស់​ជើងឯក​ហើយ​។ ផ្នែក​បុរស​ម្ចាស់​ជើងឯក​បាន​ទៅលើ​កីឡាករ កែវ រដ្ឋា ខណៈ​លេខ​២ ញ៉ុញ លិញ ឫ​ឯ​លេខ​៣ យឿ​ង ភី​យុទ្ធ ចំណែក​លេខ​៤ អៀម វ៉ា​ធី​ម និង​លេខ​៥ សាំង សីហា​។ ចំណែក​ផ្នែក​នារី​ម្ចាស់​ជើងឯក​បាន​ទៅលើ​កីឡាការិនី ហេង ស៊ីវ​ហ្គិ​ច ខណៈ​លេខ​២ ហេង ស៊ីវ​ឡាង ចំណែក​លេខ​៣ ហ៊ុន ស៊ីណា និង​លេខ​៤​បាន​ទៅលើ​កីឡាការិនី ធូ​ន ស្រីអូន​។ 


​សម្រាប់​ប្រាក់រង្វាន់​ម្ចាស់​ជើងឯក​ទទួលបាន​ថវិកា ១​លាន​រៀល មេដាយ​១ និង​ពាន​១ ខណៈ​លេខ​២ ថវិកា​៦០​ម៉ឺន​រៀល មេដាយ​១ ឬ​ឯ​លេខ​៣​ថវិកា​៤០​ម៉ឺន​រៀល មេដាយ​១ ចំណែក​លេខ​៤ និង​លេខ​៥  ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល និង​មេដាយ​១​។ កីឡាករ និង​កីឡាការិនី ដែល​ទទួលបាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់ លេខ​៣ ទទួលបាន​រង្វាន់​លើកទឹកចិត្ត​បន្ថែម​ពី​ក្រុមហ៊ុន អ អឹម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ហ្វ​ដ​នៅ​កម្ពុជា នូវ​បំពង់​ទឹក​ក្តៅ​មួយ និង​មួក​មួយ​។ ចំណែក​អត្ត​ព​លិ​ក​ដែល​ទទួលបាន​ចំណាត់​លេខ​៤ និង​លេខ​៥ ទទួលបាន​កែវ​ទឹក​មួយ និង​មួក​មួយ​ផងដែរ​៕











Tag:
 ប្រណាំង​កង់
© រក្សាសិទ្ធិដោយ thmeythmey.com