អន្តរជាតិ
អ្នកវិភាគ​៖ ជនជាតិ​អាមេរិក​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន ប្រៀបដូចជា​ការដាក់​អាណានិគម​
10, Mar 2016 , 8:39 pm        
រូបភាព
 រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន អាច​នឹង​ជ្រើសរើស ជនជាតិ​អាមេរិក​ដែល​បំពេញការងារ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោកស្រី Natalie Jaresko ជា​នាយករដ្ឋមន្ត្រី​នៅពេល​ខាងមុខ​។ អ្នកវិភាគ​អាមេរិក​ថា នេះ​ជា​នយោបាយ​អាមេរិក​ដែល​វា​ប្រៀបដូចជា​ការដាក់​អាណានិគម លើ​អ៊ុយ​ក្រែ​ន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត បន្ទាប់ពី​ទម្លាក់​រដ្ឋាភិបាល​ចាស់​ដែល​រណប​រុស្ស៊ី​។



​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​អ៊ុយ​ក្រែ​ន បាន​វាយតម្លៃថា លោកស្រី Natalie Jaresko ប្រហែលជា​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​ថ្មី​។ មូលហេតុ​ដែលមាន​ការ​វាយតម្លៃ​បែបនេះ​ដោយសារ លោកស្រី​ជាម​នុស្ស​សំខាន់​ក្នុង​ជួរ​រដ្ឋាភិបាល ហើយក៏​ជា​មនុស្ស​ម្នាក់​ដែល​ស្និទ្ធ​របស់​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​។

​បើ​យោងតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី Sputnik លោកស្រី Natalie Jaresko ជា​ម្ចាស់​ធនាគារ​វិនិយោគ​មួយ​ដែល​បានទទួល​សញ្ជាតិ​អ៊ុយ​ក្រែ​ន​នៅ​ខែធ្នូ​ឆ្នាំ ២០១៤ បន្ទាប់ពី​លោក​ត្រូវបាន​រដ្ឋាភិបាល​តែងតាំង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស​នេះ​។ ពេល​ក្លាយជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ រឿង​ដំបូង​ដែល​លោកស្រី​បានធ្វើ​មុនគេ​គឺ ផ្ញើ​សំបុត្រ​លោក ប្រធាន​គណកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​យោធា​លោក John McCain ដើម្បី​សុំ​សព្វាវុធ​បន្ថែម​ពី​អាមេរិក​ដើម្បី​ជួយ​ផ្គត់ផ្គង់​អ៊ុយ​ក្រែ​ន​។  

​វា​មាន​ភាគរយ​ច្រើន​ដែរ ដែលថា លោកស្រី Jaresko នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់ ព្រោះ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន Arseniy Yatsenyuk កំពុង​ប្រឈម​បញ្ហា​ក្នុង​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​។ កាលពី​ចុងខែ​មុន លោក​ប្រធានាធិបតី Petro Poroshenko បានស្នើ​សុំ​ត្រង់ៗ​ទៅ​នាយករដ្ឋមន្ត្រី​ខាងលើ ឲ្យ​ចុះ​ចេញពី​តំណែង​ព្រោះ អសមត្ថភាព ដោះស្រាយ​បញ្ហានយោបាយ​និង​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​មិនបាន​។ បញ្ហា​ពុករលួយ​នៅតែ​ជា​ជំងឺ​ដែល​ដោះស្រាយ​មិន​ចេញ​ក្នុងសង្គម​អ៊ុយ​ក្រែ​ន​ទោះ​ស្ថិតក្រោម​របប​ដឹកនាំ​ថ្មី​ក៏ដោយចុះ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកជំនាញ​បានលើកឡើង​ថា​ការតែងតាំង​ជនជាតិ​អ៊ុយ​ក្រែ​ន​មាន​ដើមកំណើត​អាមេរិក​ជា​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​មិនមែន​រឿង​សាមញ្ញ​ទេ​។ ពួកគេ​ហៅ បញ្ហា​នេះ​ថា​ជាស​ញ្ញា​មួយ​នៃ​ការដាក់​គោលនយោបាយ​ដាក់​អាណានិគម​របស់​អាមេរិក​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​របស់​ក្រុង​វ៉ាស៊ីនតោន ហើយ​អ្វី​ដែលជា​ក្តី​រំពឹង​របស់​អាមេរិក​គឺ​ពង្រីក​ឥទ្ធិពល​របស់​អាមេរិក​ប្រឆាំង​រុស្ស៊ី​ប៉ុណ្ណោះ​។​

 អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​រុស្ស៊ី Daniel McAdams នៃ​វិទ្យាស្ថាន Ron Paul ដើម្បី​សន្តិភាព​និង​វិបុលភាព បាន​អះអាងថា វា​មិនមែនជា​រឿង​ចម្លែក​ទេ ព្រោះ​វា​ការ​នយោបាយ​ពង្រីក​ឥទ្ធិពល​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត​នេះឯង​។ អ្នកជំនាញ​ដែលមាន​ទំនោរ​រក​រុស្ស៊ី​នេះ​ក៏​ពន្យល់​ផងដែរ កន្លងមក​សហរដ្ឋអាមេរិក​តែង​អួតថា ការទម្លាក់​អតីត​មេដឹកនាំ​អ៊ុយ​ក្រែ​ន​រណប​រុស្ស៊ី លោក Viktor Yanukovych ដើម្បី​កម្ចាត់​អំពើពុករលួយ កម្ចាត់​របប​ផ្តាច់ការ​ដើម្បី​កសាង​ប្រជាធិបតេយ្យ​និង​កំណែទម្រង់​របប​ដឹកនាំ​ជាដើម​។ អ្វីដែល​គួរ​ឲ្យ​ស​ង្ឃឹ ចុងក្រោយ  បន្ទាប់ពី​ជ្រើសរើស​រដ្ឋាភិបាល​ក្រុង​គៀវ​ថ្មី បញ្ហា​នេះ​រឹតតែ​អាក្រក់​ជាង​មុន ហើយ​អំពើពុករលួយ​ក៏​រឹតតែ​ធ្ងន់ធ្ងរ​ជាមុន​ទៀត ហើយ​មិនដឹងថា​ឯណា​ទៅ​ការកែទម្រង់​ស៊ីជម្រៅ និង​ការកសាង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ឡើយ​។​

​លោក​ថា​៖ « បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ​ណាស់ ធ្ងន់ធ្ងរ​ជាង​ពេលដែល​ប្រទេស​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Yanukovych​។ បើ​មើល​សេដ្ឋកិច្ច​វិញ​នៅ​ដង្ហើម​ផ្តឹ​កៗ រង់ចាំតែ​លុយ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បន្ត​រស់​។ ហើយ​នយោបាយ​វិញ អ៊ុយ​ក្រែ​ន​ធ្វើ​អ្វី​មិនកើត​សោះ ព្រោះតែ​បន្ត​វាយប្រហារ​គ្នា​ទៅវិញទៅមក​ក្នុង​សភា​ក្នុងចំណោម​អ្នកនយោបាយ​»​។​

​យ៉ាងណាមិញ បន្ទាប់ពី​បដិវត្តន៍​ម៉ៃ​ដាន (Maidan) កើតឡើង​និង​មាន​ជម្លោះ​ប្រដាប់អាវុធ​កើតឡើង  រដ្ឋាភិបាល​ក្រុង​គៀវ នៅតែ​ប៉ុនប៉ង​ចង់​ចូលរួម​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​រំពឹង​មុតមាំ​ថា ក្រុង​វ៉ាស៊ីនតោន នឹង​ជួយ​គាំទ្រ​និង​ការពារ​ខ្លួន​ឲ្យ​រួច​ផុតពី​ការគំរាមកំហែង​របស់​រុស្ស៊ី​ផង​។

​ប៉ុន្តែ​ការរំពឹង​នេះ​កំពុង​ក្លាយជា​សុ​បិ​ន្ត ព្រោះ​កាលពី​ចុងខែ​មុន ប្រធាន​គណកម្មការ​អឺរ៉ុប​លោក ហ្ស​ង់​ក្លូ ចាំង​កឺ (Jean Claude Junker) បាន​លើកឡើងថា អ៊ុយ​ក្រែ​ន​ត្រូវការ​ពេល​យ៉ាងហោចណាស់ ២០ ទៅ ២៥ ឆ្នាំ​ទៀត​ដើម្បី​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប និង​ណា​តូ​។ ដូច្នេះហើយ វា​ពិតជា​រឿង​មួយ​ដ៏​លំបាក​សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ​បច្ចុប្បន្ន ថា​តើ​នឹងត្រូវ​បន្ត​ដើរ​លើផ្លូវ​ណា​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុងស្រុក ខណៈដែល​ឱកាស​នៃ​ការ​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​និង​ណា​តូ បាត់បង់​អស់​ទៅហើយ​៕



Tag:
 អ៊ុយ​ក្រែ​ន​
  រុស្ស៊ី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com