ជាតិ
សង្គមជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង ២សែន​ដុល្លារដល់​អាជ្ញាធរខេត្ត​ចំនួន៣ សម្រាប់​ស្តារ​ប្រឡាយ និង​សង់​មជ្ឈមណ្ឌល​កសិកម្ម
10, Mar 2016 , 11:08 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានផ្តល់​ថវិកា​សរុប​ចំនួន ២៦៣,៦៥៥ ដុល្លារ​អាមេរិក ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង មន្ទីរ​កសិកម្ម ខេត្តព្រះវិហារ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្វាយរៀង សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​ប្រឡាយ និង​ការសាងសង់​ម​ជ្ឃ​មណ្ឌល​សហគមន៍​កសិក​ម្ម​ក្នុង​ខេត្តព្រះវិហារ។



ថវិកា​នេះ គឺជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច សន្តិសុខ​មនុស្សជាតិ (ជំនួយ​គូ​សា​ណួ​ណ៌) ក្រោម​គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន។

លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ទៅកាន់​ប្រធាន​មន្ទីរ និង​សមាជិក​មន្ទីរ​មកពី​ខេត្ត​ទាំង ៣ ក្នុងពិធី​ចុះហត្ថលេខា​ផ្តល់ជំនួយ​នេះថា រដ្ឋាភិបាល​ជប៉ុន បាន និង​កំពុង​បន្ត​ផ្តល់​ការគាំទ្រ​ដល់ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រជាជន​កម្ពុជា តាមរយៈ​ការគាំទ្រ​នូវ​គម្រោង​អភិវឌ្ឍ​ជាច្រើន ក្នុងនោះ រួមមាន កា​ស្តារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ និង​ការ​លើ​ស្ទួយ​សហគមន៍​កសិកម្ម ជាដើម។

លោក​បន្តថ្លែងក្នុងពិធីដែលប្រព្រឹត្តឡើង នៅ​ថ្ងៃទី១០ មីនា​នេះ ក្នុង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជាថា គម្រោង​ទាំងនេះ ធ្វើឡើង​ស្របតាម​គោលការណ៍​នៃ​យុទ្ធសាស្ត្រ ផ្តល់ជំនួយ​របស់​ជប៉ុន​សម្រាប់​កម្ពុជា ស្របតាម​ផែនការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ទ្រង់ទ្រាយ តូច​សន្តិសុខ​មនុស្សជាតិ ដើម្បី​លើកស្ទួយ​សន្តិសុខ​មនុស្ស​ជាតិ​ងាយ​រងគ្រោះ។

ជាមួយគ្នាដែរ លោក​សង្ឃឹមថា គម្រោង​ទាំងបី​នេះ នឹង​ត្រូវបាន​អនុវត្ត​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​សំណង់​ខាងលើ ត្រូវបាន​ថែទាំ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាជន​កាន់តែច្រើន អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង។

បើតាម​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ គម្រោង​ទី១ គឺ​ការស្តារ​ប្រឡាយ១ខ្សែ​ប្រវែង១៤០០ម៉ែត្រ និង​សំណង់​ស្ទាក់​ទឹក​លើ​ប្រឡាយ១កន្លែង ត្រូវ​ចំណាយ​ថវិកា ៨៩៣៩២ដុល្លារ ដើម្បី​​​ព​ង្រីក​​​ផ្ទៃដី​ស្រោចស្រព​លើដី​ស្រែ​របស់​ប្រជាកសិករ​ជិត៧០០នាក់ ក្នុងស្រុក​ថ្មគោល ខេត្តបាត់ដំបង។ គម្រោង​ទី២ គឺ​ការសាងសង់​ម​ជ្ឃ​មណ្ឌល​សហគមន៍​កសិក​ម្ម​ចំនួន៣កន្លែង ព្រមទាំង​ផ្តល់នូវ​ម៉ាស៊ីន​គោយន្ត៣គ្រឿង ម៉ាស៊ីនបោកស្រូវ​ចំនួន២គ្រឿង ម៉ាស៊ីន​បោក សណ្តែក១គ្រឿង និង​ឡស​ម្ងួ​ត​ស្រូវ១គ្រឿង​ផងដែរ ដែល​ត្រូវ​ចំណាយ​ថវិកា​ជាង ៨ម៉ឺន៤ពាន់​ដុល្លារ សម្រាប់​បម្រើ​អត្ថប្រយោជន៍​ដល់​កសិករ​ជាង៨៨០នាក់ នៅ​ខេត្ត ព្រះវិហារ។ និង​គម្រោង​ទី៣ គឺ​ការស្តារ​ប្រឡាយ​មេ១ខ្សែ​ប្រវែង ១៤២០ម៉ែត្រ និង​សំណង់​ស្ទាក់​ទឹក១កន្លែង ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៨៩.៦០១ ដុល្លារ​អាមេរិក សម្រាប់​សម្រួល​ដល់​ការទទួល​ទឹក​ធ្វើស្រែ​របស់​កសិករ​ចំនួន ១៦៧០នាក់ នៅក្នុង​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។

លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង និយាយថា គម្រោង​ស្តារ​ប្រព័ន្ធ​ប្រឡាយទឹក នឹង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ព្រោះ​វា​នឹង​ធានា​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ បង្កើន ទិន្នផល​ស្រូវ​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន។ លោក​បាន​ធានាថា អាជ្ញាធរ​នឹង​ថែទាំ​គ្រប់គ្រង​សមិទ្ធផល​គម្រោង ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព៕


Tag:
 ជំនួយឥតសំណង
  កម្ពុជា
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com