អន្តរជាតិ
វៀតណាម​ចង់​ដាំ​ស្រូវ​នៅ​កម្ពុជា​ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​
11, Mar 2016 , 1:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​វៀតណាម​មួយចំនួន​កំពុង​ពិចារណា​ដាក់ទុន​វិនិយោគ​ដើម្បី​ផលិត​អង្ករ​នៅ​កម្ពុជា​ដើម្បី​ឆក់​ឱកាស​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ធំៗ​មាន​អាមេរិក​និង​អឺរ៉ុប​។  វៀតណាម​ពន្យល់ថា នេះ​ក៏ដោយ​សារ កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពិសេស​ពី​សហភាព​អឺរ៉ុប ។



​វៀតណាម​ជា​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ច្រើនជាងគេ ហើយ​អង្ករ​វៀតណាម​នេះ​ក៏មាន​គុណភាព​ខ្ពស់​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ដែរ​។ យោងតាម​សហព័ន្ធ​អង្ករ​វៀតណាម មួយឆ្នាំ​វៀតណាម​នាំ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ៨​លានតោន​។   ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រទេស​នេះ​មិនអាច​វាយលុក​ចូល​ទីផ្សារ​អឺរ៉ុប ដូច​ប្រទេស​កម្ពុជា​ឡើយ​។

«​ការដាំដុះ​និង​ផលិត​អង្ករ​ដែលមាន​គុណភាព​ខ្ពស់​មិនមែនជា​ការលំបាក​ឡើយ​សម្រាប់​វៀតណាម តែ​ការស្វែងរក​ទីផ្សារ​ទើប​វា​លំបាក​»​។ នេះ​បើ​យោងតាម​សម្តី​ប្រធាន​ក្រុមហ៊ុន​អង្ករ​ម្នាក់​ដែល​ស្រង់​ដោយសារ​ព័ត៌មាន​វៀតណាម Vietnamnet​។

​ដោយសារ​បញ្ហា​នេះហើយ  ក្រុមហ៊ុន​វៀតណាម​កំពុង​ពិចារណា​បណ្តាក់ទុន​បើក​ក្រុមហ៊ុន​ផលិត​និង​ពាណិជ្ជកម្ម​អង្ករ​នៅ​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​អឺរ៉ុប ដើម្បី​អាច​ទាញយក​ប្រយោជន៍​នេះ​បាន​។ លោក  Nguyen Bao មន្ត្រី​ទូត​វៀតណាម​ប្រចាំ​កម្ពុជា​ក៏បានផ្តល់​យោបល់​ថា វៀតណាម​គួរតែ​ដាំ​ដុះ​ស្រូវ​និង​ផលិត​អង្ករ​នៅ​កម្ពុជា​ដើម្បី​ទទួលបាន​ការអនុគ្រោះ​ពិសេស​នេះ​។​

​មន្ត្រី​រូបនេះ​បន្តថា បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ត្រូវការ​ទុន ៣០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ហើយ​វា​ជា​ឱកាស​ពិសេស​សម្រាប់​អ្នកជំនួញ​វៀតណាម​ក្នុងការ​ចូលរួមចំណែក​ជួយ​កម្ពុជា​ក្នុង​ការនាំ​អង្ករ​កាន់តែច្រើន​ទៅកាន់​ទីផ្សា​អឺរ៉ុប​ដែរ​។​

​របាយការណ៍​ឆ្នាំ ២០១៣ បង្ហាញថា កម្ពុជា​នាំ​អង្ករ​ប្រហែល ៤​សែន​តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ហើយ​អង្ករ​ប្រហែល ៦២​ភាគរយ​នាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​។ តាមពិតទៅ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍ ទើបបានជា​កម្ពុ​ជាមាន​អាទិភាព​ក្នុងការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​បាន​ងាយស្រួល​ហើយ​នេះ​ជា​ឱកាស​ដែល​កម្ពុជា​អាច​ទាញ​ប្រយោជន៍​បាន​ក្រាស់ក្រៃ​ដែរ​។  ក្រោម​គោលការណ៍​ពិសេស «​គ្រប់យ៉ាង​តែ​មិនមែន​អាវុធ​» អនុវត្ត​ដោយ​សហភាព​អឺរ៉ុប ទំនិញ​នាំ​ចេញពី​កម្ពុជា​គ្មាន​ជាប់ពន្ធ ហើយ​កម្ពុជា​នឹង​បន្ត​ទទួល​ប្រយោជន៍​ក្រាស់ក្រែល​ពី​គោលនយោបាយ​នេះ​រហូតដល់​ឆ្នាំ ២០២០ ឯណោះ​៕

Tag:
 វៀតណាម​
 អង្ករ
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com