ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​ចេញទៅ​មើលជំងឺ​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ
14, Mar 2016 , 10:11 am        
រូបភាព
សុរិន្ទ-ប្រទេស​ថៃ៖ នៅពេល​ព្រឹក ស្នាក់ការ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រជាពលរដ្ឋ​ខ្មែរ បាន​ចូលទៅ​ធ្វើ​សៀវភៅ​ស (ប្រើ​ជំនួស​លិខិតឆ្លងដែន តែ​ក្នុង​រង្វង់​ខេត្ត​សុរិន្ទ​តែប៉ុណ្ណោះ) ដើម្បី​ឆ្លងដែន​ទៅ​ខេត្ត​សុរិន្ទ។ នេះ​មិន​រាប់ទាំង​អ្នកខ្លះ ដែល​ប្រើ​លិខិតឆ្លងដែន​ផ្លូវការ​ផង។ យោងតាម​ការអះអាងរ​បស់​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ មិនមាន​របាយការណ៍​ជាក់លាក់​ពី​ចំនួន​មនុស្ស​ដែល​ចេញចូល​ក្នុងមួយថ្ងៃៗឡើយ តែ​គ្រាន់តែ​បញ្ជាក់ថា តួលេខ​មិន​ទៀង​ថ្ងៃ​ខ្លះ១០០នាក់ ឫ​លើសពីនេះ។



ទៅជា​គ្មាន​របាយការណ៍​ក៏ពិតមែន តែ​គេ​អាច​ឃើញ​តាមរយៈ​ការ​ឃើញ​ផ្ទាល់។ នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ដែល​ពលរដ្ឋ​ខ្មែរ​បាន​ល្បីតៗគ្នា​ថា ព្យាបាល​ពូកែ​នោះ គេ​ឃើញ មាន​អ្នកជំងឺ​ទាំង​ក្មេង ទាំងចាស់ និង​ខ្លះ​មកពី​ខេត្តឆ្ងាយៗ មានដូចជា​ខេត្តស្ទឹងត្រែង និង​មណ្ឌលគិរី រតនគិរី​ជាដើម។ អាច​និយាយបានថា ជិត៨០ភាគរយ​ហើយ ដែល​អ្នកជំងឺ​ជា​ជនជាតិខ្មែរ។ ក្រៅពីនេះ គេ​ឃើញ​មាន​អ្នក​ខេត្ត​សុរិន្ទ​មួយចំនួន​តូច ដែលមាន​មុខមាត់​ស្រដៀង​នឹង​ជនជាតិខ្មែរ ហើយ​អាច​និយាយ និង​ស្តាប់​ភាសា​ខ្មែរ​បាន​តិចតួច ដែល​បាន​ចូលទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ រួម​ផែត ម៉​រអា​ណាន់។


ដោយសារ​កត្តា​នេះហើយ ទើប​មន្ទីរពេទ្យ​រួម​ផែត ម៉​រអា​ណាន់ នៅ​ខេត្ត​សុរិន្ទ បាន​សម្រួល​រាល់​ផ្នែក​សេវា​ព្យាបាល​ជាច្រើន​ដល់​ជនជាតិខ្មែរ ក្នុងនោះ​គ្រួ​ពេទ្យ​អាច​និយាយ​ភាសា​ខ្មែរ​បាន ហើយ​វេជ្ជបញ្ជា ក៏មាន​ជា​ភាសា​ខ្មែរខ្លះៗផងដែរ។


តាម​ការសាកសួរ​រប​ស់​អ្នកជំងឺ​ជនជាតិខ្មែរ ពួកគេ​និយាយដូចៗគ្នា​ថា សេវា​ព្យាបាល និង​ថ្នាំ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ គឺ​ល្អប្រសើរ​ជាង​នៅ​កម្ពុជា។ ការចំណាយ​អស់​ទាប​ជាង រួម​និង​គុណភាព​ផង។ ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន មិន​អ​ល់​អែរ​ឆ្លងដែន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។

អ្នកជំងឺ​ជាក់ស្តែង ដែល​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ មាន​ទាំង​អ្នកមាន អ្នកមធ្យម និង​ខ្លះទៀត​ក៏មាន​ជីវភាព​ទីទាល់ក្រ​ផងដែរ ព្រោះថា សេវា​ព្យាបាល​នៅ​ទីនោះ មានការ​យកចិត្តទុកដាក់ សេវា​រហ័ស និង​តម្លៃ​ប្រហាក់ប្រហែល និង​អស់​ថោក​ជាង​មន្ទីរពេទ្យ​ក្នុងស្រុក​ផង។ អ្នកជំងឺ​ដែល​គេ​ឃើញ​មាន​ច្រើនជាងគេ បន្ទាប់ពី​ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង។ល។នោះ គឺ​អ្នក​ខេត្តសៀមរាប ដែល​សម្រុក​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ​ច្រើន​លើសលុប។ តាម​ការសាកសួរ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ប្រើប្រាស់​សេវា​ព្យាបាល​ជំងឺ​របស់​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ អស់​ច្រើន​ឆ្នាំ​មកហើយ ខ្លះទៀត​ក៏​ទើបនឹង​សាកល្បង​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com