ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ចំណាយ​ប្រាក់ ៤,៥ លាន​ដុល្លារ ដើម្បី​បង្រៀន​ពលរដ្ឋ​ពី​ការបោះឆ្នោត​
14, Mar 2016 , 4:42 pm        
រូបភាព
 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ចាប់ផ្តើម​ចុះ​បង្រៀន ប្រជាពលរដ្ឋ​អំពី​ការបោះឆ្នោត នៅ​ខែឧសភា ឆ្នាំ​២០១៦ ។ គ​.​ជ​.​ប កំណត់​ទំហំ​ទឹកប្រាក់​ចំនួន ៤,៥ លាន​ដុល្លារ សម្រាប់​ចំណាយ​លើ បេសកកម្ម​ដំបូង​នៃ​ការអប់រំ​សាធារណជន​។​


​លោក ហង្ស ពុទ្ធា អ្នកនា​ពាក្យ​គ​.​ជ​.​ប បាន​លើកឡើងថា «​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការអប់រំ​សាធារណជន​» បាន​លេចចេញ​ជា​រូបរាង​ហើយ​។ លោក​បន្ថែមថា គណៈកម្មការ​នេះ នឹង​ចុះ​បង្រៀន​ប្រជាពលរដ្ឋ ចាប់ពី​ខែឧសភា ឆ្នាំ​២០១៦ តទៅ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​នេះ លោក ហង្ស ពុទ្ធា បាន​លើកឡើងថា ប្រតិបត្តិការ​នៃ​គណៈកម្មការ​នេះ ទទួល​ការ​ជ្រោមជ្រែង​ពី​ភាគី​ជប៉ុន​និង​អឺរ៉ុប រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា គ​.​ជ​.​ប ត្រូវការ​ថវិកា​ចំនួន ៤,៥ លាន​ដុល្លារ សម្រាប់​ដំណាក់កាល​ដំបូង​នៃ​ការចាប់ផ្តើម​បេសកកម្ម​នេះ​។ 
 
​កន្លងមក លោក​ក៏​ធ្លាប់​បញ្ជាក់ដែរថា ការបង្កើត​គណៈ​កម្ម​អប់រំ​សាធារណ​ជននេះ​ឡើង គឺ​ដើម្បី​កាត់បន្ថយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ដើម្បី​នាំមក​នូវ​ប្រសិទ្ធភាព​នៃ​ការបោះ គ​.​ជ​.​ប ចាំបាច់​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យល់ដឹង​ពី​លទ្ធិប្រជាធិបតេយ្យ នីតិវិធី​នៃ​ការចុះឈ្មោះ​និង​ការបោះឆ្នោត កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត ទាក់ទង​នឹង​ការបោះឆ្នោត​៕
 
 

Tag:
 គ​.​ជ​.​ប​
  ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com