ជាតិ
​វិទ្យាស្ថាន និង​សាលារៀន អន្ដរទ្វីប អាមេរិកាំង ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​លើក​ទី​១ នៅ​បី​ទីតាំង​ផ្សេងគ្នា​
14, Mar 2016 , 4:57 pm        
រូបភាព
ដោយ: ថ្មីៗ
 
​វិទ្យាស្ថាន និង​សាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំ​ប្រារព្ធ​នូវ​ទិវា​ជាតិ​អំ​ណាន​លើក​ទី​១ នៅ​សាខា​ម៉ៅ​សេទុង (​ការិយាល័យ​កណ្តាល​) សាខា​ទួលគោក និង​សាខា​ចាក់អង្រែ ដោយមាន​ការអញ្ជើញ​ចូលរួម​អាន​សៀវភៅ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្អូនៗ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​មាតាបិតា អ្នក​អាណា​- ព្យាបាល​សិស្ស កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅនេះ​។

 
​លោកស្រី ឡា សុភៈ នាយក​ចាងហ្វាង និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា មូល​ហេតុដែល​វិទ្យាស្ថាន និង​សាលារៀន​រៀបចំ​ប្រារព្ធ​នូវ​ទិវា​នេះ​ឡើង​ដើម្បី​បន្ត​នូវ​ការចូលរួមចំណែក​ក្នុងការ​បំផុស ស្មារតី និង​បណ្តុះ​នូវ​ទម្លាប់​ដ៏​ល្អ​ក្នុង​ការអាន​សៀវភៅ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ស្រប​ពេលដែល​អ្នកសិក្សា និង​មហា ជន​នៅ​ទូទាំងប្រទេស​កំពុង​ចូលរួម​អបអរ និង​គាំទ្រ​ទិវា​ជាតិ​អំ​ណាន​លើក​ទី​១ នេះដែរ​។ 
 
​លោកស្រី​បានលើកឡើង​ថា ការអាន​អាច​បំបាត់​ស្ត្រេ​ស បង្កើត​នូវ​អារម្មណ៍ល្អ ការអាន​គឺជា​ការកម្សាន្ត ដើម្បី ទទួល បាន​នូវ​ចំណេះដឹង ការអាន​ជា​ប្រភព​នៃ​គំនិត ព័ត៌មាន បទពិសោធន៍ ដំណោះស្រាយ ប្រាជ្ញា​ឈ្លាសវៃ និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ អាន​ច្រើន​ចេះ​ច្រើន បើ​សិស្សានុសិស្ស​ចូលរួម​សកម្មភាព​អាន​បាន​កាន់តែច្រើន ឱកាស​ជោគជ័យ ក្នុង ការសិក្សា​របស់​ពួកគេ​ក៏​កាន់តែច្រើន​ដែរ​។​
 
​លោកស្រី​បាន​បន្តទៀតថា ការអាន​សៀវភៅ​អប់រំ​គឺជា​ឧ​ត្ត​ម​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស ជាតិ​គ្រប់រូប​មិន​ថា​ក្មេង ឬ​ចាស់​។  សៀវភៅ ឬ​អត្ថបទ​អប់រំ​មានគុណ​តម្លៃ​ជាង​ឱសថ​ទិព្វ​ទៅទៀត​ព្រោះថា​អ្នកសរសេរ បាន​ចំណាយពេល ការ​ត្រិះរិះ​ពិចារណា និង​បទពិសោធន៍​ធ្លាប់​ជួបប្រទះ​ពេញ​មួយជីវិត​របស់ខ្លួន​ដើម្បី​ផលិត​នូវ​សៀវភៅ​ដ៏​មាន​អត្ថន័យ​មួយ​ក្បាល​ឡើង ដូចនេះ​ជីវិត​របស់​យើង​ត្រូវ​ផ្សារភ្ជាប់​នឹង​ការអាន​ដើម្បីឱ្យ​ខួរក្បាល​ពោរពេញ​ដោយ​វិចារណញ្ញាណ និង​វិ​វ​ឌ្ឍ​ទាន់​សម័យកាល​។ 
 
​កញ្ញា ស៊ូ សុជាតា បណ្ណារក្ស​ជាន់ខ្ពស់ នៃ​បណ្ណាល័យ ម៉េង​លី ជេ​. គួច បានឱ្យដឹង​ដែរ​ថា នៅក្នុង​ព្រឹ​ត្ត​ការណ៍​ទិវា​ជាតិ​អំ​ណាន​ដែល​ប្រព្រឹត្តទៅ​កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា អ្នក​អា​ព្យាបាល​សិស្ស ពិសេស​ប្អូនៗ​សិស្សានុសិស្ស​បាន​ចូលរួម​សកម្មភាព​អាន​យ៉ាងច្រើន​ផុសផុល រួមមាន​ការអាន​សៀវភៅ​ដោយ​សេរី ការចូលរួម​គូរគំនូរ​លើ​ប្រធានបទ “​ខ្ញុំ​ស្រឡាញ់​អំ​ណាន​” ការទទួល​និង​បរិច្ចាគ​សៀវភៅ​ពី​សប្បុរសជន ការ​គូរគំនូរ​លើ​ផ្ទៃមុខ ការ​ផាត់​ពណ៌ ការបត់​រូបភាព និង​ការអាន​រឿងនិទាន​ចម្រុះ​ជាដើម​។ 
 
​កញ្ញា​បានឱ្យដឹង​ដែរ​ថា ដើម្បី​បំពេញតម្រូវការ​អាន និង​ការស្រាវជ្រាវ​នាពេល​បច្ចុប្បន្ន​នេះ បណ្ណាល័យ ម៉េង​លី ជេ​. គួច នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់​នូវ​សៀវភៅ​ដល់​ទៅ​ជាង​៦០,០០០​ក្បាល (​ប្រាំមួយ​ម៉ឺន​ក្បាល​) ក្នុង​បណ្ណាល័យ​ធំៗ ចំនួន​០៨​កន្លែង​ហើយ​គ្រប់​បន្ទប់​សិក្សា​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់​ការសិក្សា​របស់ សិ​ស្សា​នុ​- សិស្ស ផងដែរ​។ 
 
​កន្លងមក បណ្ណាល័យ ម៉េង​លី ជេ​. គួច បាន​លើកទឹកចិត្ត និង​ផ្តល់នូវ​បណ្ណ​សរសើរ​ដល់ សិស្សានុសិស្ស​ដែលមាន​សកម្មភាព​អាន​សៀវភៅ​បាន​ច្រើនជាងគេ​ប្រចាំខែ ឆមាស និង​ប្រចាំឆ្នាំ​សិក្សា​ថែមទៀត​ផង ហើយ​នៅ​ថ្ងៃ​អនាគត​វិទ្យាស្ថាន និង​សាលារៀន​នឹង​បង្កើត​នូវ​បណ្ណាល័យ​ចល័ត ម៉េង​លី ជេ​. គួច ដើម្បី​ចូលរួម បំផុសស្មារតី​ប្អូនៗ​សិស្សានុសិស្ស និង​មហាជន​ទូទៅ​ឱ្យមាន​ទម្លាប់​ក្នុង​ការអាន និង​ស្រាវជ្រាវ​ឱ្យបាន កាន់តែច្រើន​៕
 
  
(​អត្ថបទ​សាលា​)

Tag:
 aii
© រក្សាសិទ្ធិដោយ thmeythmey.com