ជាតិ
កូរ៉េខាងជើង​អញ្ជើញ​សម្តេច​ ហ៊ុន សែន ទៅទស្សនកិច្ច
17, Mar 2016 , 10:09 am        
រូបភាព
អគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​កម្ពុជា Hong Ki Chol​ បាន​ប្រាប់​ប្រមុខ​ការទូត​កម្ពុជា​លោកឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុងនៅថ្ងៃនេះ​អំពី​បំណងទស្សនកិច្ច​នៃ​ប្រធាន​រដ្ឋសភា​កូរ៉េខាងជើង​នៅ​ក្នុងប្រទេស​កម្ពុជា។ ទន្ទឹម​គ្នា​នេះ អគ្គរដ្ឋទូត​កូរ៉េខាងជើង​ក៏បាន​អញ្ជើញ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញ​ទស្សនកិច្ច​នៅ​ក្នុងប្រទេស​កូរ៉េខាងជើង​ផងដែរ។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់ឲ្យដឹងនៅ​ក្នុងជំនួប​រវាង​អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង និង​លោករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹក​ថ្ងៃ១៧​មីនានេះ ហើយដែល​ត្រូវ​នាំពាក្យ​ដោយលោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស។



ការ​ឆ្លើយតបរបស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជាទំនង​ជា​មិនបាន​ធ្វើ​ឲ្យ​ទូតកូរ៉េ​ខាងជើង​ពេញចិត្ត​ឡើយ។ បើតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ដែល​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួបនោះ លោក ហោ ណាំហុង បាន​ឆ្លើយប្រាប់អគ្គរដ្ឋទូត​កូរ៉េខាងជើង​វិញថា ក្នុង​ស្ថានភាព​មមាញឹក​របស់​កម្ពុជា​បច្ចុប្បន្ន ទំនងជា​កម្ពុជា​មិនទាន់មានពេលវេលា​គ្រប់គ្រាន់​ដើម្បី​ទទួល​ដំណើរទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​របស់​កូរ៉េខាងជើងឡើយ ហើយថាសម្តេច​នាយករដ្ឋមន្ត្រី ក៏មិនទាន់អាច​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​បំពេញទស្សនកិច្ច​ក្នុង​ប្រទេសកូរ៉េខាងជើងដែរ៕



Tag:
 កូរ៉េខាងជើង
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com