អន្តរជាតិ
សហភាព​អឺរ៉ុប ព្រួយបារម្ភ​ពី​ការបំពាក់​មី​ស៊ី​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង​
17, Mar 2016 , 2:41 pm        
រូបភាព
ដោយ:
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បាននិងកំពុង​តែ​ឡើងក​ម្តៅ​ខ្លាំង​រវាង​ភាគី​ពាក់ព័ន្ធ និង​ភាគី​មិន​ពាក់ព័ន្ធ​ជម្លោះ ជាពិសេស គឺជា​ការចោទប្រកាន់​លើ​បញ្ហា​នៃ​ការធ្វើ​យោ​ធូប​នីយកម្ម​នៃ​តំបន់​ជម្លោះ​នោះ​។ ជាមួយនេះ សហភាព​អឺរ៉ុប ដែល​មិនមែនជា​ភាគី​ជម្លោះ ក៏បាន​ព្រួយ​ចំពោះ​ការវិវត្ត​កាន់​ធ្ងន់ធ្ងរ​ក្នុង​ជម្លោះ និង​ទទូច​ឲ្យ ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ដោយយោង​តាមច្បាប់​អន្តរជាតិ​។​



​សហភាព​អឺរ៉ុប បាន​ទ​ទួ​ច​ឲ្យ​ភាគី​ទាមទារ​សមុទ្រ​ចិន​ខាងត្បូង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី បង្ហាញ​ពី​អំណះអំណាង​នៃ​ការទាមទារ​របស់​ភាគី​នីមួយៗ និង​បន្ត​ការដោះស្រាយ​បញ្ហា​នេះ​ដោយយោង​តាមច្បាប់​អន្តរជាតិ​ដែល​រាប់បញ្ចូល​ទាំង​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​(UNCLOS) និង​នីតិវិធី​នៃ​ម​ជ្ឈ​ត្ត​ការ​ផងដែរ​។ នេះ​បើ​យោងសេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី​១១ ខែមីនា​កន្លង ទៅ​។​

​សហភាព​អឺរ៉ុប ពិត​មានការ​ព្រួយបារម្ភ​ពី​ការបំពាក់​មី​ស៊ី​ល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ការដាក់ ពង្រាយ​កម្លាំង និង​សព្វាវុធ​បណ្តោះអាសន្ន ឬ​អចិន្ត្រៃយ៍​នៅ​តំបន់​ជម្លោះ​សមុទ្រ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​អាច​គំរាមកំហែង​ដល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ គឺជា​បញ្ហា​ចម្បង​ដែល​ត្រូវបាន​ព្រួយបារម្ភ​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ដែល​បាន​បន្ថែម​ដែរ​ថា សហភាព​អឺរ៉ុប ក៏បាន​ស្នើ​ឲ្យ​ភាគី​បន្ត​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​គ្នា​ក្នុង​ការកសាង​ទំនុកចិត្ត​ដើម្បី​ឈានទៅរក​កសាង​សេចក្តី​ទុក​ចិ​ត្ត និង​សន្តិសុខ​នៅក្នុង​តំបន់​។​

​ជុំវិញ​ដំណើរ​នៃ​ការចរចារ​បច្ចុប្បន្ន សហភាព​អឺរ៉ុប បាន​គាំទ្រ​ដំណើរ​ការដែល​ដឹកនាំ​ដោយ​អាស៊ាន និង​រង់ចាំ​ការផ្លាស់​គោលជំហរ​ក្នុងការ​បញ្ចប់​ការចរចា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​លិ​ខិ​តូប​ករណ៍​មួយ​ដែល​មានបំណង​ធានា​ពី​សណ្តាប់ធ្នាប់​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​នោះ​។  ក្រម​ប្រតិបត្តិ ប​ត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្វើឡើង​ដោយ​អាស៊ាន កំពុងតែ​ស្ថិតក្នុង​ដំណាក់​ការចរចា ដ្បិត​ចិន​នៅតែ បន្ត​ពន្យារពេល​ក្នុងការ​បញ្ចប់ ខណៈ​រដ្ឋ​អាស៊ាន បាន​ព្រមព្រៀង​ជា​ឯក​ច្ឆ័​ន​លើ​ក្រម​នេះហើយ​។​

​សូមបញ្ជាក់​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ អាស៊ាន​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បាន​អូស បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​ជាច្រើន​ទសវត្ស​រ៍ហើយ ដ្បិត​ភាគី​នីមួយៗ មាន​អំណះអំណាង​ផ្សេង ៗ​គ្នា​ទៅលើ​តំបន់​ទាមទារ​ដែល​ត្រួតស៊ីគ្នា ជាពិសេស​នោះ គឺ​ជាមួយនឹង​ចិន​ដែល​បានទាមទារ​ស្ទើរតែ ទាំងស្រុង​នៃ​តំបន់​ជម្លោះ​។​

​រយៈពេល​ចុងក្រោយ​នេះ អាមេរិក និង​តៃវ៉ាន់ បាន​ចោទ​ចិន​ថា​កំពុង​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់ សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការបំពាក់​ប្រព័ន្ធ​មី​ស៊ី​ល និង​សព្វាវុធ​ផ្សេងៗ ខណៈ ចិន ថា​ជា​សកម្មភាព ការពារ​អធិបតេយ្យ​ខ្លួនឯង​។ បន្ថែម​ពីនេះ​ចិន ក៏បាន​ចោទ​អាមេរិក​វិញ​ថា​ជា​អ្នក​ដែល​កំពុង​បង្ក​ឲ្យ​មាន ភាព​តានតឹង​ក្នុង​តំបន់​ជម្លោះ​តាមរយៈ​ការបញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង​មកកាន់​តំបន់​ជម្លោះ​ម្តង​ហើយ​ម្តងទៀត​៕


Tag:
 ​សហភាព​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com