អន្តរជាតិ
អាមេរិក​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​ជនជាតិ​ខ្លួន​ជាបន្ទាន់​
17, Mar 2016 , 7:39 pm        
រូបភាព
​សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​និស្សិត​របស់ខ្លួន​ជាបន្ទាន់ ក្រោយពេល​តុលាការ​កំពូល​កូរ៉េខាងជើង​ដាក់ទោស​ឲ្យ​ធ្វើការ​ធ្ងន់ធ្ងរ​នៅក្នុង​គុក​រយៈពេល​១៥​ឆ្នាំ ក្រោម​បទ​ចោទ​ប៉ុនប៉ង​លួច​ខិ​ត្ត​បណ្ណ​ឃោសនា​ចេញពី​សណ្ឋាគារ​។ អាមេរិក​ក៏​ចាត់ទុក​ការកាត់ទោស​នេះ ជា​រឿង​នយោបាយ​ដែល​កូរ៉េខាងជើង​បង្កើតឡើង​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ភ្លាមៗ​បន្ទាប់ពី​កូរ៉េខាងជើង​កាត់ទោស​និស្សិត​អាមេរិក​ជាប់គុក​១៥​ឆ្នាំ សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​មានការ​ដោះលែង​ជាបន្ទាន់ និង​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា ដាក់ទោស​និស្សិត​រូបនេះ​ក្រោម​ហេតុផល​នយោបាយ​។ នៅ​ថ្ងៃទី​១៦ ខែមីនា អ្នកនាំពាក្យ​សេត​វិមាន​លោក Josh Earnest និយាយថា ក្រុង​ព្យុងយ៉ាង​ប្រើប្រាស់​ជនជាតិ​អាមេរិក​ជា​កូនអុក​បម្រើ​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន​។​

​នៅ​ថ្ងៃ​ពុធ ទី​១៦ តុលាការ​កំពូល​កូរ៉េខាងជើង​កាត់ទោស​និស្សិត​ជនជាតិ​អាមេរិក​ឈ្មោះ Otto Warmbier ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​រយៈពេល​ដល់​ទៅ​១៥​ឆ្នាំ ក្រោម​បទ​វិទ្ធង្សនា​ប្រឆាំងនឹង​របប​កូរ៉េខាងជើង​។ នេះ​ក៏ដោយ​សារ​រូបគេ​ត្រួវបាន​ចោទថា លួច​យក​ខិ​ត្ត​បណ្ណ​ឃោសនា​ចេញពី​តំបន់ហាមឃាត់​ក្នុង​សណ្ឋាគារ​ដែល​រូបគេ​ស្នាក់​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែមករា​ដើមឆ្នាំ​។ គេ​អាច​មើលឃើញ​ខិ​ត្ត​បណ្ណ​ឃោសនា​ជាច្រើន​នៅ​ទីកន្លែង​ជាច្រើន​និយាយ​ពី​សមិទ្ធផល​របស់​កូរ៉េខាងជើង និង​លើកទឹកចិត្ត​ពលរដ្ឋ​កូរ៉េខាងជើង​ស្មោះត្រង់​ប្រទេស​។  

​ជាមួយនឹង​ការរិះគន់​ការកាត់ទោស អ្នកនាំពាក្យ​រូបនេះ​បានស្នើ​ឲ្យ​មានការ​លើកលែងទោស​ពិសេស​ដល់​និស្សិត​ខាងលើ និង​ដោះលែង​ជាបន្ទាន់​។ លោក Earnest និយាយទៀតថា ការចោទប្រកាន់​បែបនេះ នឹងមិន​ត្រូវបាន​ចាប់ខ្លួន​ឬ​ដាក់ទោស​នោះទេ នៅ​ទឹកដី​អាមេរិក​និង​ប្រទេស​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​។​

​ការដាក់ទោស​នេះ​ទៀតសោត ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​អ្នកការទូត​អាមេរិក​លោក Bill Richardson ជួប​ជាមួយ​មន្ត្រីការទូត​កូរ៉េខាងជើង​ពីរ​នាក់​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ញូវយ៉ក ដើម្បី​ឲ្យ​មានការ​ដោះលែង​និស្សិត​ខាងលើ​។ កន្លងមក កូរ៉េខាងជើង​តែង​ចាប់ខ្លួន​ជនជាតិ​អាមេរិក ដើម្បី​ជា​ថ្នូរ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​របស់​មន្ត្រី​អាមេរិក​ទៅ​ទឹកដី​របស់ខ្លួន ដើម្បី​ពិភាក្សា​ការដោះលែង​អ្នក​ជាប់ទោស​ទាំងនោះ​។ អតីត​ប្រធានាធិបតី​អាមេរិក​លោក ប៊ី​ល គ្លី​ន​តុ​ន និង​លោក ជី​មី កា​ទ័​រ សុទ្ធតែ​ធ្លាប់​ទៅ​កូរ៉េខាងជើង សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​។

​មកទល់ពេលនេះ មាន​ប្រជាជន​មកពី​អាមេរិក​ខាងជើង​បីនាក់​ហើយ ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​កូរ៉េខាងជើង​។ ក្នុងនោះ​ក៏មាន​អាចារ្យ​ជនជាតិ​កាណ​ដា​ម្នាក់ ដែល​ត្រូវ​តុលាការ​កូរ៉េខាងជើង កាត់ទោស​ជាប់គុក​មួយជីវិត​ក្រោម​បទ​ចោទ​បំបះបំបោរ​ផងដែរ​៕   


Tag:
 កូរ៉េខាងជើង​
 ​ ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com