កីឡាជាតិ
ជាតិ
ទូកក្តោង​បើក​យុទ្ធនាការ​បណ្តុះ​ប​ណា្ត​ល​ធនធាន ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​
18, Mar 2016 , 8:59 pm        
រូបភាព
ដោយ:
​កីឡា​ទូកក្តោង​ជា​ប្រភេទ​កីឡា​មួយ​ដែល​កំពុងមាន​ការពេញនិយម នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន ។ កីឡា​មួយ​នេះ​បានបង្ហាញ​វត្តមាន​ពីរដង​ហើយ​នៅ​កម្ពុជា ដូចជា​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្តកំពត និង​បុណ្យ​ទន្លេ​លើក​ទី​២ នៅ​ខេត្តកំពង់ចាម​។ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាននិងកំពុង​បើក​យុទ្ធនាការ​បណ្តុះបណ្តាល​ធ​ន​ធាន​កីឡាករ ដើម្បី​ប្រមូលផ្តុំ​ចូល​ជា​កីឡាករ​ជម្រើសជាតិ សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ផ្សេងៗ ជាពិសេស​ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​



​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ដោយ​ទទួលបាន​ការជួយជ្រោមជ្រែង​របស់​គ្រូឧទ្ទេស​ជនជាតិ​សិង្ហ​បុរី សញ្ជាតិ​ខ្មែរ លោក Meng Wang បាននិងកំពុង​ធ្វើ​យុទ្ធនាការ​បណ្តុះបណ្តាល​ធ​ន​ធាន​កីឡាករ​កីឡាការិនី​តាម​បណ្តា​ខេត្ត​មួយចំនួន​ដែល​នៅជាប់​ទន្លេ និង​សមុទ្រ​។ ការបណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ សម្រាប់​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ ដើម្បី​ត្រៀម​ប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើ​យោងតាម​លោក ថោង រដ្ឋា​សក្តិ អនុប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​អនុប្រធាន​សហព័ន្ធ​រូបនេះ​បានបង្ហាញ​យុទ្ធសាស្ត្រ ក៏ដូចជា​គោលដៅ​ទៅ​ថ្ងៃ​អនាគត​ថា ក្នុង​ឆ្នាំ​២០១៦​នេះ​ធ្វើយ៉ាងណា​ត្រូវ​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​មួយចំនួន​ឲ្យ​បាន ដើម្បី​ធ្វើជា​តំណាង​ឲ្យ​ក្រុម​កីឡាករ និង​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា សម្រាប់​ចេញទៅ​ហ្វឹកហាត់​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត​។​


​លោក​បាន​រៀបរាប់​បែបនេះ​ថា​៖«​តាម​ចក្ខុវិស័យ​របស់​សហព័ន្ធ ធ្វើ​យ៉ាងម៉េច​ក្នុង​ឆ្នាំ​២០១៦ នេះ ជ្រើសរើស​កីឡា​មួយចំនួន​ឲ្យ​ធ្វើជា​តំណាង​កីឡាករ​ជម្រើសជាតិ  បន្ទាប់មក​យើង​ចម្រាញ់​កីឡាករ​ជម្រើសជាតិ ដើម្បី​បញ្ជូនទៅ​ហ្វឹកហាត់​ជា​លក្ខណៈ​អន្តរជាតិ​ទៀត ព្រោះ​ឥឡូវនេះ​យើង​បាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​សិង្ហ​បុរី និង ចិន រួចរាល់​ហើយ នៅពេល​ពួកគាត់​មាន​ធនធាន និង​សក្តានុពល​គ្រប់គ្រាន់ យើង​នឹង​បញ្ជូន​ពួកគាត់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ឫ​ប្រទេស​សិង្ហ​បុរី​»​។

​លោក ថោង រដ្ឋា​សក្តិ បាន​បន្ថែមថា ដោយសារ​បច្ចុប្បន្ន​កម្ពុ​ជា​បាន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ​ជា​រៀងរាល់ឆ្នាំ សហព័ន្ធ​នឹង​បង្កើត​ឲ្យ​មាន​ជា​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ដាក់​ឧបករណ៍​ហ្វឹកហាត់​មួយចំនួន​នៅតាម​ខេត្ត​-​ក្រុង ដែល​ប្រារព្ធ​ពិធី​ទាំងនោះ ដើម្បី​ឲ្យ​កីឡាករ​កីឡាការិនី​ដែល​តំបន់​នោះ​ធ្វើការ​ហ្វឹកហាត់​។​

​លោក​ពន្យល់ថា​៖«​បច្ចុប្បន្ន​យើង​មានបុណ្យ​ទន្លេ និង​បុណ្យ​សមុទ្រ​ដែល​ធ្វើ​រៀងរាល់ឆ្នាំ ដូ​ន្នេះ​យើង​មាន​គោលការណ៍​មួយ​នៅពេល​មានបុណ្យ​ទន្លេ ឬ​បុណ្យ​សមុទ្រ​យើង​នឹងដាក់​ឧបករណ៍​៣, ៤, ៥​ឧបករណ៍ នៅ​ទីនោះ បន្ទាប់មក​យើង​នឹង​បង្កើតជា​មូលដ្ឋាន​របស់​សហព័ន្ធ ដើម្បី​ឲ្យ​កីឡាករ​កីឡាការិនី​នៅ​តំបន់​នោះ​ធ្វើការ​ហ្វឹកហាត់​»​។


​ជាមួយគ្នានេះ លោក Meng Wang ជំនួយការ​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​ឲ្យ​កីឡាករ​កឡា​ការិនី​មាន​ជំនាញ និង​សមត្ថភាព​គ្រប់គ្រាន់ គ្រប់​វិស័យ​ទាំងអស់ ត្រូវ​ចំណាយពេល​ហ្វឹកហាត់​ក្នុង​រយៈពេល​យូរ​ទើប​ទទួលបាន​លទ្ធផល​ល្អ​។ យ៉ាងណាមិញ​ដើម្បី​ឲ្យ​វិស័យ​កីឡា​ទូកក្តោង​នៅ​កម្ពុជា​មានការ​រី​ចម្រើន និង​ដើម្បី​ឲ្យ​កីឡាករ​កីឡាការិនី​អាច​ជិះទូក​ក្តោង​បាន​ស្ទាត់ជំនាញ​ត្រូវ​ចំណាយ​ពេលវេលា​ហ្វឹកហាត់​ពី ៥​ឆ្នាំ ទៅ​៦​ឆ្នាំ​ទើប​ទទួលលទ្ធផល​ល្អ​។

​លោក​បាន​បន្ថែមថា ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហព័ន្ធ​ទូកក្តោង​កម្ពុជា បច្ចុប្បន្ន​កំពុងធ្វើការ​បំផុសសកម្មភាព​កីឡា​ទូកក្តោង​ដល់​សាធារណៈជន និង​មហាជន ជាពិសេស​យុវជន និង​យុវនារី ឲ្យ​ចូលរួម​លេង​កីឡា​នេះ​ទាំងអស់គ្នា​។ ការធ្វើ​បែបនេះ​ថ​ក្នុង​គោលបំណង​ដើម្បី​ជ្រើសរើស​កីឡាករ​ដែលមាន​សក្តានុពល និង​សមត្ថភាព​ទៅ​ហ្វឹកហាត់ ដើម្បី​ចម្រាញ់​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ សម្រាប់​បណ្តុះបណ្តាល​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវ​ខាង​ជិះទូក​ក្តោង​ដ៏​ពូកែ និង​ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​ក្រោយនេះ​។​

​លោក Meng Wang បាន​ប្តេជ្ញាចិត្ត​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​បង្ហាត់បង្រៀន​កីឡា​ទូកក្តោង​នេះ​ដល់​កីឡាករ​កីឡាការិនី​កម្ពុជា រហូតដល់​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ប្រកួត​ដណ្តើមយក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ដែល​ទើបតែ​បង្កើត​ក្នុង​ឆ្នាំ​២០១៥ ក្រោម​ការផ្តួចផ្តើម​រប​ស់ NOCC និង​លោក ហ្គោ​ដិ​ន តាំង ដែលជា​ប្រធាន​សហព័ន្ធ ធ្លាប់បាន​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ចំនួន​ពីរ​រួចមកហើយ​គឺ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅ​ខេត្តកំពត និង​បុណ្យ​ទន្លេ​លើក​ទី​២ នៅ​ខេត្តកំពង់ចាម​។ សម្រាប់​ការបង្ហាញ​វត្តមាន​នេះដែរ កីឡា​មួយ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ផងដែរ​៕ 


Tag:
 ទូកក្តោង
  ថោង រដ្ឋា​សក្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com