ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី បង្ហាញទិន្នន័យ​ទិញ Like ក្លែងក្លាយ​ពី​ឥណ្ឌារបស់សម្ដេច ហ៊ុន សែន
19, Mar 2016 , 9:38 am        
រូបភាព
បើទោះជា​មានការ​បដិសេធ​រឿង​ការទិញ Like ពី​ឥណ្ឌា​របស់​សម្ដេច ហ៊ុន សែន ក៏ដោយ តែ​ឯកឧត្តម សម រង្ស៊ី នៅតែ​អះអាងថា សម្ដេច ហ៊ុន សែន បាន​ចំណាយ​ប្រាក់​ទិញ Like ក្លែងក្លាយ​ពី​ក្រុមហ៊ុន Click-farm នៅ​ប្រទេស​ឥណ្ឌា កាលពី​ចុងខែ​មករា​កន្លងមក។



ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពីថ្ងៃទី១៨មីនា ដោយ​ភ្ជាប់​ជាមួយ​រូបថត តម្លៃ និង​ទិន្នន័យ​ចំនួន​ទិញ Like ក្លែងក្លាយ​ពី​ឥណ្ឌា របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​នោះ បានបញ្ជាក់​ដូច្នេះ​ថា រោង​ជាង​បង្កើត Like ក្លែងក្លាយ (Click-farm) នៅ​ប្រទេស​ឥណ្ឌា ដែល​គេ​ជួល​ឲ្យ Like នោះ មិនមែន​សុទ្ធតែ​មនុស្ស​ទេ ភាគច្រើន​ជា​ខ្មោច គឺ គណនី​ក្លែងក្លាយ (Fake account) ដែល​មានតែ​ឈ្មោះ​ទេ ត្រូវគេ​ប្រើ​ដើម្បី​ចុច Like ហើយ​គ្មាន​មនុស្ស​មែនទែនឡើយ។

ប្រមុខ​បក្សប្រឆាំង​រូបនេះ បាន​បង្ហោះ​ទិន្នន័យ​ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បានចាប់ផ្តើម​ទិញ LIKE ពី​ប្រទេស​ឥណ្ឌា ទើបតែ​ពី​ចុងខែ មករា ២០១៦ នេះ បាន​អះអាង​ដូច្នេះ​ថា៖«ក្នុង Click-farm នោះ មនុស្ស​មែនទែន​តែ​ម្នាក់ អាចបង្កើត​គណនី​ក្លែងក្លាយ និង​ផ្ដល់ Like ក្លែងក្លាយ រាប់រយ រាប់ពាន់។ មនុស្ស​មែនទែន ១០០នាក់ អាច​ផ្ដល់ Like ក្លែងក្លាយ រាប់ម៉ឺន រាប់សែន អាច​ចូលដល់​លាន​ផង។ ថៅកែ Click-farm អាច​រកលុយ​បាន​ច្រើនណាស់ ពីព្រោះ Like បែបនេះ លក់បាន​ថ្លៃ​គួរសម​លើ​ទីផ្សារ»។
បើតាម​ទិន្នន័យ​ដែល​ឯកឧត្តម សម រង្ស៊ី បាន​បង្ហោះ​នោះ ហ្វេ​ស​ប៊ុ​ក សម្ដេច ហ៊ុន សែន មានការ​ចុច like ក្រៅពី​ទិន្នន័យ​ពី​ប្រទេស​ឥណ្ឌា ជិត៤ម៉ឺន ថៃ ជាង២ម៉ឺន ហ្វីលីពីន ជាង១ម៉ឺន និង​កម្ពុជា​ជិត២លាន​នាក់។

ក្នុងការ​ថ្លែង​ជាង១០នាទី លើ​ប្រធានបទ​ហ្វេ​ស​ប៊ុ​ក នា​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន កាលពី​ព្រឹក​ថ្ងៃទី១៧ ខែមីនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ការ​លើកឡើងថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន «Samdech Hun Sen, Cambodian Prime Minister» បាន​ចំណាយលុយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ឥណ្ឌា និង​ពលរដ្ឋ​នៅ​បរទេស​ផ្សេងទៀត ចុច «Like» ភ្លូកទឹកភ្លូកដី។ សម្តេច ហ៊ុន សែន ចង់​បញ្ជាក់ថា ការ​ចុច «Like» របស់​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច គឺ​ដោយសារតែ​ប្រជាប្រិយភាព មិនមែន​ដោយសារ​ការទិញ ឬ​ជួល​ឲ្យ​ពលរដ្ឋ​ឥណ្ឌា ចុច​នោះឡើយ។

ចំពោះ​លទ្ធផល​ដែល​បង្ហាញថា ពលរដ្ឋ​ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​ឥណ្ឌា ចុច «Like»នោះ សម្តេច ហ៊ុន សែន ថា នេះ​ជា​មោទនភាព​មួយ ពីព្រោះ​ក្រៅពី​ពលរដ្ឋ​មួយ​ប្រទេស​ស្គាល់​ហើយ​នោះ ពលរដ្ឋ​ឥណ្ឌា និង​នៅ​បរទេស​ផ្សេងទៀត ក៏​ស្គាល់​សម្តេច​ផងដែរ តាមរយៈ​ការ​ចុច «Like»។ ប្រមុខ​បក្ស​កាន់អំណាច ដែល​ប្រកាស​ខ្លួន​ជា​រដ្ឋាភិបាល E-Government នោះបាន​អះអាងថា ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នេះ មិនមែន​លោក​ចង់បាន​ការ​ចុច Like នោះទេ តែ​លោក​ចង់​ប្រើប្រាស់​ដើម្បី​បំពេញការងារ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ។

ទាក់ទង​នឹង​បញ្ហា​នេះ សម្តេច បាន​និយាយ​បញ្ឆិតបញ្ឆៀង​ទៅ​មេដឹកនាំ​គណបក្សប្រឆាំង ដែល​តែងតែ​តវ៉ា រាប់​ចាប់តាំងពី​គណៈកម្មាធិការ​ជាតិ​បោះឆ្នោត រហូត​ហ្វេ​ស​ប៊ុ​ក៕


Tag:
 សម រង្ស៊ី
 ហ៊ុន សែន
 ហ្វេសប៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com