រូបត្លុក
យុវជន​មួយចំនួន​តូច​ចេះតែ​ទ្រឹស្តី ខ្វះ​ការអនុវត្ត​!
17, Apr 2016 , 7:00 pm        
រូបភាព
ដោយ:
​ជា​និយាយ​ជារួម យុវជន​ខ្មែរ​ភាគច្រើន​ពូកែ ខ្លាំង និង​អាចជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​កសាង​ប្រទេសជាតិ​នាពេល​អនាគត​។ ប៉ុន្តែ​នៅមាន​យុវជន​មួយ​ក្តាប់​តូច​ទៀត​ដែល​ចេះតែ​ទ្រឹស្តី អួត​តែ​ទ្រឹស្តី ហើយ​អត់​ធ្វើ​អ្វី​សោះ​។


 
​យុវជន​ខ្លះមក​រៀន​នៅ​ភ្នំពេញ​បាន​១​ឆ្នាំ ២​ឆ្នាំ ៣​ឆ្នាំ ឬ​៤​ឆ្នាំ ចេះ​ទ្រឹស្តី​ក្នុងស្រុក ឬ​ពិភពលោក​ច្រើន​មែនទែន​។ «​ទ្រឹស្តី​ចាក់គរ គោលជំហរ​ដូច​ចុងស្រល់​»​។ គេ​និយាយ​អ្វី​ក៏​ដឹង ក៏​ចេះ តែ​ពួកគេ​មិន​ចង់​ធ្វើ​អ្វី​ទាល់តែសោះ​។ និយាយ​ជារួម​ពូកែ​ខាង​បញ្ចេញ​វោហារ​។ តែបើ​ឲ្យ​ធ្វើការ​អ្វីមួយ ពួកគេ​មិន​ធ្វើ​ឡើយ​។ 
 
​មានរឿង​មួយ​តំណាល​ថា យុវជន​ម្នា​ក់រៀន​ឆ្នាំ​ទី​៣​នៅ​ភ្នំពេញ ចេះ​ទ្រឹស្តី​ច្រើន ពូកែ​វោហារ​ខ្លាំង បញ្ចេញមតិ​សាហាវ ប្រដៅ​គេ​ប្រដៅ​ឯង​។ តែ​មិន​ធ្វើការ​រកប្រាក់​កម្រៃ​ដើម្បី​រៀនសូត្រ​ខ្លួនឯង​ទេ​ដោយ​ទន្ទឹង​រង់ចាំតែ​ប្រាក់​ផ្ញើ​ពី​ឪពុកម្តាយ​មក​។ 
 
​ថ្ងៃមួយ​យុវជន​នេះ​ទៅលេង​ឪពុកម្តាយ​នៅឯ​ស្រុកកំណើត ទៅដល់​ភ្លាម យុវជន​រូបនេះ​និយាយ​ពី​ទ្រឹស្តី​គ្រប់​ទាំងអស់​ទៅកាន់​ឪពុកម្តាយ​គេ និយាយ​ពី​ការវិវត្ត​នៃ​នយោបាយ​នៅក្នុង​និង​ក្រៅប្រទេស និយាយ​ពី​សេរីភាព ពី​ប្រជាធិបតេយ្យ​។​ល​។ ឪពុកម្តាយ​ស្តាប់លឺ​ហើយ​សរសើរ​កូន​មិន​ដាច់​ពី​មាត់​។ តែ​ដល់​ថ្ងៃ​ត្រឡប់មក​ភ្នំពេញ​វិញ កូន​ពូកែ​នោះ ហុចដៃ​សុំ​លុយ​ពី​ឪពុកម្តាយ​ចំនួន​១០​ម៉ឺន​រៀល​។ ម្តាយ​បានត្រឹមតែ​គ្រវីក្បាល តែ​នៅតែ​ឲ្យ​លុយ​កូន​ដដែល​។ ​នេះហើយ គឺជា​ចរិត​យុវជន​មួយចំនួន​តូច​ដែល​ចេះតែ​ទ្រឹស្តី ខ្វះ​ការអនុវត្ត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com