កីឡាជាតិ
ក្រសួង​អប់រំ​បើក​យុទ្ធនាការ​ស្វែងរក​ជើង​ឯក​សិស្ស​ទូទាំងប្រទេស​លើ​កីឡា​៤​ប្រភេទ
20, Mar 2016 , 9:40 am        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បើក​យុទ្ធនាការ​ប្រកួត​កីឡា​ដើម្បី​ចម្រាញ់​ស្វែងរក​ជើងឯក​សិស្ស​កម្រិត​វិទ្យាល័យ​ទូទាំងប្រទេស លើ​វិញ្ញាសា​ចំនួន​៤​ប្រភេទ ប្រចាំឆ្នាំ​សិក្សា ២០១៥-២០១៦ នា​ខេត្តកំពត​ដែល​ប្រព្រឹត្តទៅ​រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦​។​

 
​វិញ្ញាសា​ចំនួន​៤​ប្រភេទ​ដូចជា បាល់បោះ បាល់ទះ បាល់ទាត់ និង​អត្តពលកម្ម ត្រូវបាន​ក្រសួង​អប់រំ​យុវជន និង​កីឡា ដាក់​ឲ្យ​សិស្ស​កម្រិត​វិទ្យាល័យ​ប្រកួត ដើម្បី​ចម្រាញ់​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ប្រចាំឆ្នាំ​សិក្សា ២០១៥-២០១៦​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ នា​ខេត្តកំពត​។ នេះ​បើ​យោងតាម​កម្មវិធី​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ក្នុងន័យ​បំផុស​ចលនា​កីឡា​តាម​សាលារៀន​រដ្ឋ និង​ឯកជន​ទិសដៅ​ឆ្នាំ​២០១៦​។ 
 
​គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​សិស្ស​ទូទាំង​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​ជើងឯក​ចូលរួម​ប្រកួត​ជើងឯក​ទូទាំងប្រទេស​នៅ​ខេត្តកំពត ដែល​ធ្វើ​នៅលើ​ទីលាន​វេ​ស្ទើ​ន បានបញ្ចប់​ហើយ​កាលពី​ថ្ងៃទី​១៦ ខែមីនា ខណៈ​ម្ចាស់​ជើង​វិញ្ញាសារ​កីឡាអត្តពលកម្ម​កម្រិត​អនុវិទ្យាល័យ​បាន​ទៅ​អនុវិទ្យាល័យ​ដង្កោ និង​កម្រិត​វិទ្យាល័យ​ម្ចាស់​ជើងឯក​បាន​ទៅ សាលា​មេ​តូ​ឌី​ស្ទ​កម្ពុជា​។​
 
​វិញ្ញាសា​បាល់ទះ​នារី​កម្រិត​អនុវិទ្យាល័យ ម្ចាស់​ជើងឯក​បាន​ទៅ​សាលា​សិលា​មាស ខណៈ​ម្ចាស់​ជើងឯក​បាល់ទះ​នារី​កម្រិត​វិទ្យាល័យ បាន​ទៅ​វិទ្យាល័យ​ច្បារអំពៅ​។ វិញ្ញាសារ​បាល់បោះ​នារី កម្រិត​អនុវិទ្យាល័យ​ម្ចាស់​ជើងឯក​បាន​ទៅ​អនុវិទ្យាល័យ​ជន្លុង​។ ចំណែក​បាល់បោះ​នារី​កម​ក្រិត​វិទ្យាល័យ​ម្ចាស់​ជើងឯក​បាន​ទៅ​សាលា​អន្តរទ្វីប​អាមេរិកកាំង​និង​បាល់បោះ​បុរស​កម្រិត​វិទ្យាល័យ​ម្ចាស់​ជើងឯក​បាន​វិទ្យាល័យ​វត្ត​កោះ​។​
 
​វិញ្ញាសា​បាល់ទាត់​បុរស​កម្រិត​អនុវិទ្យាល័យ​ម្ចាស់​ជើងឯក​បាន​ទៅ​វិទ្យាល័យ​ចតុមុខ​។ ចំណែក​វិញ្ញាសា​បាល់ទាត់​នារី​កម្រិត​វិទ្យាល័យ​ម្ចាស់​ជើងឯក​បាន​ទៅ​វិទ្យាល័យ ជាស៊ីម សាមគ្គី ខណៈ​វិញ្ញាសា​បាល់ទាត់​បុរស​កម្រិត​វិទ្យាល័យ​បាន​ទៅ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន​។​
 
​ទន្ទឹមនឹងនេះ សម្រាប់​ការប្រកួត​នៅលើ​ទីលាន​វេ​ស្ទើ​ន​វិទ្យាល័យ​ដែល​អាច​ទៅ​ចូលរួម​ការប្រកួត​ជើងឯក​ទូទាំងប្រទេស​បាន​មាន សាលា​មេ​តូ​ឌី​ស្ទ​កម្ពុជា​, សាលា​អន្តរទ្វីប​អាមេរិកកាំង​, វិទ្យាល័យ​ច្បារអំពៅ​, វិទ្យាល័យ​វត្ត​កោះ​, វិទ្យាល័យ ជា ស៊ីម សាមគ្គី និង​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន​៕  

Tag:
 បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com