កីឡាជាតិ
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​សាងសង់​តារាង​សិប្បនិម្មិត​មួយទៀត​នៅ​បាទី​
20, Mar 2016 , 8:20 pm        
រូបភាព
ដោយ:
​ស្រប​ពេលដែល​វិស័យ​កីឡាបាល់ទាត់​កម្ពុជា កំពុងមាន​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន ក្លិប​- សមាគម​បាល់ទាត់​ជាច្រើន​ត្រូវបាន​បង្កើតឡើង អ្វីដែល​សំខាន់​វិស័យ​មួយ​នេះ​បាននិងកំពុង​បង្កើន​សកម្មភាព​ប្រកួត​ដណ្តើមពាន​រង្វាន់​ផ្សេងៗ​ជាច្រើន​។ ដូច្នេះ​ដើម្បី​ឆ្លើយ​តម នឹង​បំពេញ​តម្រូវ​ទាំងនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​សាងសង់​តារាង​បាល់ទាត់​សិប្បនិម្មិត​តម្លៃ​ប្រមាណ ៦០​ម៉ឺន​ដុល្លារ​បន្ថែមទៀត នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៦ នេះ​។​

 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​សាង់សង់​តារាង​បាល់ទាត់​សិប្បនិម្មិត​តម្លៃ​ប្រមាណ ៦០​ម៉ឺន​ដុល្លារ នៅ​ស្រុក​បាទី ខេត្តតាកែវ ដើម្បី​ជួយ​សម្រួល​ដល់​ការហ្វឹកហាត់ និង​ការប្រកួត​ដណ្តើមពាន​រង្វាន់​ផ្សេងៗ ស្រប​ពេលដែល​កម្ពុជា​កំពុងមាន​ការកើនឡើង​នូវ​កិ្ល​ប​-​សមាគម​បាល់ទាត់​ជាច្រើន​ផងដែរ​។ តារាង​សិប្បនិម្មិត​នេះ​សាងសង់ឡើង​តាម​ខ្នាត​ដែល​អាច​លេង​ជា​ឈុត​ធំ​បាន​(​ម្ខាង​១១​នាក់​) ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។ នេះ​បើ​យោងតាម លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នា​មហាសន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នៅ​សណ្ឋាគារ​ភ្នំពេញ​។​
 
​ប្រធាន​សហព័ន្ធ​កីឡា​កីឡាបាល់ទាត់​រូបនេះ​បាន​បញ្ជាក់ថា​៖«​កញ្ចប់​ថវិកា​ក្នុងការ​សាងសង់​តារាង​បាល់ទាត់​សិប្បនិម្មិត​នេះ​គឺជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទី​៦ ដែល​បានមកពី​FIFA គឺ​ចំនួន ៦០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ហើយ​បើ​យោងតាម​គម្រោង​សាង់សង់​នេះ​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៦ នេះ​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា មហាសន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នៅ​សណ្ឋាគារ​ភ្នំពេញ មានការ​ចូលរួម​ពី​សំណាក់ លោក សៅ សុខា ប្រធាន​សហព័ន្ធ លោក លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​(NOCC), លោក តែម ម៉ឺន​, លោក ហ៊ុន សាមុត​, លោក ដួង មាស​ចំរើន​, លោក ឬ​ទ្ធី សំណាង​, លោក ខៀវ សា​ម៉េ​ត​, លោក គល់ សុ​ផា​ណា​, លោក អ៊ុក សិទ្ធិ​ជាតិ​, លោក ឡា ឡៃ និង លោក ខៀវ ចិន្តា​វ័​ន្ត​។ នាឱកាស​នេះដែរ​ក៏មាន​ការបោះឆ្នោត​តែងតាំង​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ថ្មី​ផងដែរ ក្នុងនោះ លោក ហ៊ុន សាមុត និង លោក ប៉ុន សុខ បាន​ក្លាយជា​សមាជិគ​ណៈ​កម្ម​ការ​ប្រតិ​ប​តិ្ត​ថ្មី​អាណត្តិ ២០១៦-២០២០ ប្រចាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នេះ​៕ 
 

Tag:
 បាល់ទាត់
  សៅ សុខា
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com