ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា និង​សម្ដេច ហ៊ុន សែន មើល​ការរុះរើ​គណៈរដ្ឋមន្ត្រី​ក្នុង​ផ្លូវ​ខុសគ្នា​
20, Mar 2016 , 1:01 pm        
រូបភាព
ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា យល់ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​របស់​សម្ដេច ហ៊ុន សែន ពេលនេះ គឺ​គ្រាន់តែ​ជាការ​បង្ហាញ​រូបភាព​សើៗ ដែល​មិនមែន​ជាការ​កំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ការងារ​ឡើយ​។ ផ្ទុយ​ពី​ឯកឧត្តម កឹម សុខា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាស​ដោយ​ភាពជឿជាក់​កន្លងមក​ថា ការរុះរើ​គណរដ្ឋមន្ត្រី​នេះ គឺជា​បង្កើន​ប្រសិទ្ធភាព​ការងារ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។​


 
​ការរុះរើ​គណៈរដ្ឋមន្ត្រី ដោយមាន​ការផ្លាស់ប្ដូរ​មុខតំណែង​មន្ត្រី​តាម​ក្រសួង​៨​នេះ ក៏​ជា​លទ្ធផល​វិជ្ជមាន​នៃ​ការកែទម្រង់​មួយ ដែល​ឯកឧត្តម កឹម សុខា ទទួលស្គាល់ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​ខំ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​។ បើទោះជា​មានការ​គាំទ្រ​ក្តី តែ​ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ ហាក់​នៅតែ​បន្ដុះបង្អាប់​ថា ការ​កំណែទម្រង់​បែបនេះ គឺ​គ្រាន់តែ​ជា​រូបភាព​ស្រាលៗ ដែល​មិនទាន់​ជា​រូបមន្ត​នៃ​ការកែទម្រង់​ឲ្យ​បានច្បាស់លាស់ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ​ឡើយ​។ 
 
​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​នៅ​ខេត្តពោធិ៍សាត់​ព្រឹក​នេះ ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​រហូតមកដល់​សព្វថ្ងៃ​នេះ ជា​ពិ​សេ​សេ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ក៏បាន​បង្ហាញ​ការកែ​ទម្រ​ង​ខ្លះ​ដែរ អ្វីដែល​គេ​បង្ហាញ​នេះ ក៏​មិន​ខុស​អ្វី​ពី​សេចក្ដីប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ដែរ​។ ក៏ប៉ុន្ដែ​យើង​នៅ​តាមមើល​ការជាក់ស្ដែង តើ​ការបង្ហាញ​បែបនេះ វា​បាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​បាន​ផលប្រយោជន៍​ដល់​ប្រទេសជាតិ​យើង​ណា​? ប៉ុន្ដែ​ការវាយតម្លៃ​ស្ថានការណ៍​នេះ​របស់​យើងខ្ញុំ ខ្ញុំ​គិតថា​ការបង្ហាញ​គ្រាន់តែ​ជាការ​សើៗ​នៅ​ខាងលើ មិនមាន​ប្រព័ន្ធ​នៃ​ការកែទម្រង់​ច្បាស់លាស់ ខ្ញុំ​ជឿថា​មិនអាច​សម្រេច​តាម​គោលបំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ឡើយ​»​។​
 
​ផ្ទុយ​ពី​ការយល់ឃើញ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានដឹង​ពី​ការ​អសមត្ថភាព​របស់​រដ្ឋ​មន្ត្រីមួយ​ចំនួន​នោះ បាន​ពិចារណា​ច្រើនដង​ហើយ​ដែរ មុននឹង​លោក​សម្រេចចិត្ត​រុះរើ​គណៈរដ្ឋមន្ត្រី​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ នៃ​អាណត្តិ​ទី​៥​នេះ​។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាល័យ​ន័​រ​តុ​ន​កាលពីពេល​ថ្មីៗ​នេះ សម្ដេច ហ៊ុន សែន បាន​អះអាង​ដោយ​ភាព​ជឿជាក់ថា ការរុះរើ​គណរដ្ឋមន្ត្រី​នេះ គឺជាការ​បង្កើន​ប្រសិទ្ធភាព​ការងារ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។​ ហើយ​មន្ត្រី​ដែល​បាន​ផ្លាស់ប្ដូរ​តំណែង និង​បញ្ចប់​តួនាទី​នោះ មិនមែនជា​មនុស្ស​ដែល​សម្ដេច ចង់​កម្ចាត់​ចោល​នោះឡើយ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ដែល​ថ្លែង​អះអាង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​កន្លងមក​៖


 
​ជុំវិញ​ការរុះរើ​គណៈរដ្ឋមន្ត្រី​នេះ ក្រៅពី​លោក អូន ព័ន្ធ​មន្នី​រត្ន ដែល​កាន់តំណែង​ដដែល​នោះ អ្នកវិភាគ យល់ឃើញថា ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​នេះ​គឺមាន​តែ​លោក ស៊ុន ចាន់ថុល និង​លោក ជា សុផារ៉ា ទេ ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​និង​រៀបចំ​របៀបរៀបរយ​ក្នុងសង្គម​។​ចំណែក​រដ្ឋមន្ត្រី​ចាស់ៗ ដែល​អនុវត្ត​ការងារ​គ្មាន​ប្រសិទ្ធិភាព ទោះបីជា​ដាក់​បញ្ជូនទៅ​ក្រសួង​ណា​ក៏​មិនអាច​អនុវត្ត​បានល្អ​ដែរ​។​អ្នកវិភាគ​ទាំងនោះ ក៏​រិះគន់​ដែរ​ថា ការផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រី​ទាំងនេះ គឺ​គ្រាន់តែ​ជាការ​ផ្លាស់ប្ដូរ​តួនាទី​និង​ចែក​អំណាច​គ្នា​កាន់​ការងារ​តាម​ក្រសួង​នីមួយៗ​ដដែល​ប៉ុណ្ណោះ ដោយ​មិនមែន​ជាការ​កំណែទម្រង់​ឲ្យ​បានល្អ និង​មាន​ប្រសិទ្ធភាព​ឡើយ​។​
 
​គួរ​បញ្ជាក់ថា សមាជិកគណៈរដ្ឋមន្ត្រីដែល​ត្រូវ​គណៈរដ្ឋមន្ត្រី​របស់​ស​ម្តេច ហ៊ុន សែន បញ្ចប់​តួនាទី ផ្លាស់ប្តូរ និង​តែងតាំង​បន្ថែម​ទាំង ២៤ រូប ។ លោក គាត ឈន់ ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ច​ប់​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ តាម​សំណើ​របស់​សាមីខ្លួន ឯ​លោក ហោ ណាំហុង រដ្ឋាភិបាល​បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តែ​រក្សាទុក​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល ទៅតាម​សំណើ​របស់​សាមីខ្លួន​។ ចំណែក លោក អ៊ឹម ឈុនលឹម បាត់បង់​មុខងារ ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ តាម​សំណើ​សាមីខ្លួន​៕
 

Tag:
 សម្តេច ហ៊ុន​ សែន
  ឯកឧត្តម កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com