កីឡាជាតិ
កីឡាករ ឡៅ ចន្ទ្រា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ជាមួយ​ទឹកប្រាក់​៥​ពាន់​ដុល្លារ​
20, Mar 2016 , 6:00 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈ​ជាច្រើន​សប្តាហ៍​កន្លងមក ការប្រកួត​ដ​ណ្តើ​ជើងឯក​ស្រា​បៀរ​លី​អូ រដូវ​កាល​ទី​២​របស់​ស្ថានីយ៍ទូរទស្សន៍ PNN បានបញ្ចប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​១៩ ខែមីនា ម្សិលមិញ ដោយ​ម្ចាស់​ជើងឯក​ជាមួយនឹង​ទឹកប្រាក់ ៥​ពាន់​ដុល្លារ បាន​ទៅលើ​កីឡាករ​មកពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ឡៅ ចន្ទ្រា បន្ទាប់ពី​ផ្តួល​កីឡាករ សូត្រ ប៊ុន​ធី សន្លប់​ក្នុង​ទឹក​ទី​២​។​

 
​កីឡាករ ឡៅ ចន្ទ្រា មកពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ជាមួយនឹង​ថវិកា ៥​ពាន់​ដុល្លារ​ប្រចាំ​រដូវ​កាល​ទី​២​របស់​ស្រា​បៀរ​លី​អូ​បន្ទាប់ពី​ផ្តួល​កីឡាករ សូត្រ ប៊ុន​ធី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដោយ​ប្រើ​កែង​ស្តាំ​ទៅលើ​កញ្ចឹងករ នៅលើ​សង្វៀន​ភី​អិន​អិន កាលពី​ថ្ងៃទី​១៩ ខែមីនា ម្សិលមិញ ខណៈ​ការប្រកួត​ដ​ណើ្ត​ម​យក​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤ កីឡាករ​ឡាវ Ha Chhlam​បាន​ផ្តួល​កីឡាករ​ថៃ Sam A ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ផងដែរ​។ 
 
​កីឡាករ សូត្រ ប៊ុន​ធី បាន​សន្លប់​ក្នុង​ផ្លែ​កែង​របស់​កីឡាករ ឡៅ ចន្ទ្រា នៅក្នុង​ទឹក​ទី​២ បន្ទាប់ពី​រូបគេ​បាន​ប្តូរ​កែង​ជាមួយ ចន្ទ្រា តាំងពីដើម​ទឹក​រហូតដល់​ពាក់កណ្តាល​ទឹក ប៉ុន្តែ​ជា​អកុសល​នៅ​ចុង​ទឹក​ទី​២ ខណៈដែល​កំពុង​អោប​គ្នា​ជាមួយ ចន្ទ្រា រូបគេ​បាន​ព្យាយាម​គេច តែ​ត្រូវ ចន្ទ្រា ដាក់​មួយ​កែង​ចំ​កញ្ចឹងករ សន្លប់​ក្នុង​ទឹក​នោះ​តែម្តង​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើងឯក​ស្រា​បៀរ​លី​អូ រដូវ​កាល​ទី​២​របស់​ស្ថានីយទូរទស្សន៍ ភី​អិន​អិន ម្ចាស់​ជើងឯក​បាន​ទៅ​កីឡាករ ឡៅ ចន្ទ្រា ខណៈ​ជើងឯក​រង​បាន​ទៅ​កីឡាករ សូត្រ ប៊ុន​ធី ឫ​ឯ​លេខ​៣ បាន​ទៅ Ha Chhlam (​ឡាវ​) និង​លេខ​៤ បាន​ទៅ​កីឡាករ Sam A (​ថៃ​)​។ សម្រាប់​ប្រាក់រង្វាន់​ម្ចាស់​ជើងឯក​ទទួលបាន​ពាន​មួយ​អម​ជាមួយ​ថវិកា ៥​ពាន់​ដុល្លារ ខណៈ​ម្ចាស់​ជើងឯក​រង​ទទួលបាន​ថវិកា ៣​ពាន់​ដុល្លារ ឫ​ឯ​លេខ​៣​ទទួលបាន​២​ពាន់​ដុល្លារ និង​លេខ​៤​ទទួលបាន​មួយ​ពាន់​ដុល្លារ​៕ 
 

Tag:
 ប្រដាល់
  ឡៅ ចន្ទ្រា
© រក្សាសិទ្ធិដោយ thmeythmey.com