បទយកការណ៍ / បទសម្ភាសន៍
ទូតអាមេរិក​៖ ​ពិភពលោក ​គួររៀនពីចំណុច ​ល្អ ​និង​មិនល្អ​​ ​ពី​ការ​បោះ​ឆ្នោត​អាមេរិក
21, Mar 2016 , 3:55 pm        
រូបភាព
​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នឹង​រៀបចំ​កិច្ចការ​នានា​ដែល​សម្រួល​ដល់​ការផ្តល់​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ចាប់អារម្មណ៍​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​នៅក្នុង​ចុងឆ្នាំ​នេះ​។ ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកកាសែត និង​ការបញ្ជូន​អ្នកកាសែត​ទៅយក​ព័ត៌មាន​នៅ​សហរដ្ឋអាមេរិក គឺជា​គម្រោង​ដ៏​សំខាន់​មួយ​។ លោក Jay R. Raman ប្រធានការិយាល័យ​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក បានផ្តល់​បទសម្ភាសន៍​មួយ​ដល់​លោក សៅ ផល និស្ស័យ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ ដើម្បី​និយាយ​អំពី​ដំណើរការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​។​



​លោក សៅ ផល និស្ស័យ​៖ ឆ្នាំនេះ សហរដ្ឋអាមេរិក​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ដែលជា​ព្រឹត្តិការណ៍​សំខាន់បំផុត​មួយ​សម្រាប់​ប្រជាជន​អាមេរិក​និង​ប្រទេស​ឯទៀត​ជា​មិត្ត​ផង​។ ខ្ញុំ​ចង់ដឹងថា តើ​ស្ថានទូត​អាមេរិក​នៅក្រៅ​ប្រទេស ជាពិសេស​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នឹងមាន​រៀបចំ​កម្មវិធី​អ្វីខ្លះ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​សម្រួល​ដល់​ការតាមដាន​ព្រឹត្តិការណ៍ បោះឆ្នោត​នេះ សម្រាប់​ពលរដ្ឋ​ខ្មែរ​?

​លោក Jay R. Raman៖ ពិតណាស់ ខ្ញុំ​ជំរុញ​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ចង់ដឹង​ពី​ដំណើរការ​បោះឆ្នោត​អាមេរិក បន្ត​ស្វែងរក​ព័ត៌មាន​ពី​ប្រភព​ច្បាស់លាស់​និង​គួរ​ឲ្យ​ទុកចិត្ត​។ ហើយ​ក្នុងនាម​យើង​ជា​ស្ថានទូត យើង​ចង់​ក្លាយជា​កន្លែង​ផ្តល់​ប្រភពព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្តបាន​ពាក់ព័ន្ធ​ការបោះឆ្នោត​ប្រធានាធិបតី​ដល់​សាធារណជន​កម្ពុជា​។ ដូច្នេះ​យើង​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនោះ នៅលើ​គេហទំព័រ​យើង និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នានា​ជាដើម​។ ដោយសារ ឥឡូវ​ជិត​ដល់ពេល​សមាជ​បក្ស និង​មានការ​ជ្រើសតាំង​បេក្ខជន​នៃ​បក្ស​នីមួយៗ​ហើយ​នោះ ការជជែក​ដេញដោល​គ្នា​ក្នុងចំណោម​បេក្ខជន​តំណាង​បក្ស និង​ការបោះឆ្នោត​ធំ​នៅ​ខែវិច្ឆិកា យើង​មានបំណង​សំខាន់​ផ្តល់ព័ត៌មាន​នានា សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​តាមដាន​និង​ស្វែងយល់​ឲ្យ​បាន​ដិតដល់​។ អ្វីដែល​យើង​ត្រៀម​អាចជា ការអញ្ជើញ​អ្នកជំនាញ​ដើម្បី​ជជែក​គ្នា​ពី​លទ្ធផល​នៃ​ការជជែក​ដេញដោល​គ្នា​របស់​បេក្ខជន​ប្រធានាធិបតី  ឬ​អាច​ឲ្យ​យុវជន​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​ត្រាប់​ពី​ជជែក​ដេញដោល​នេះ​ផងដែរ​។ ម្យ៉ាងទៀត​ដោយសារ​ថ្ងៃ​បោះឆ្នោត​សំខាន់ យើង​អាចមាន​ប្រារព្ធ​កម្មវិធី​មួយ​នៅថ្ងៃនោះ​ផង ព្រោះ​ទោះ​អ្នកណា​ឈ្នះ​ក៏ដោយ សម្រាប់​យើង​គ្រប់គ្នា ថ្ងៃ​បោះឆ្នោត​ជា​ថ្ងៃ​សំខាន់បំផុត ដែល​យើង​សាទរ​គោលការណ៍ ប្រជាធិបតេយ្យ សាទរ​ដល់​រដ្ឋាភិបាល​បង្កើត​ដោយ​ប្រជាជន សម្រាប់​ប្រជាជន និង​ដើម្បី​ប្រជាជន​។​

លោក សៅ ផល និស្ស័យ​៖ ក្រសួងការបរទេស​អា​មេ​រិ​ក​តែងតែ​ចំណាយ​ថវិកា​រាប់សែន​ដុល្លារ ដើម្បី​អញ្ជើញ​អ្នកកាសែត មកពី​ជុំវិញ​ពិភពលោក​ឲ្យ​ទៅយក​ព័ត៌មាន​ស្តីពី​ដំណើរការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​។ តើ​វា​មាន​ភាពចាំបាច់​អ្វីខ្លះ ដែល​សហរដ្ឋអាមេរិក​ត្រូវធ្វើ​យ៉ាង​ដូច្នេះ​?

​លោក Jay R. Raman៖ យើង​យល់ថា ប្រទេស​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍​ពី​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក ព្រោះ​វា​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​ការបរទេស​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក និង​ទំនាក់​ទំ​ង​ពាណិជ្ជកម្ម​ជាដើម​។ ជារួម​យើង​ចង់​ឲ្យ​សា​ធាណ​ជន​នៅក្រៅ​ប្រទេស​បានដឹង និង​យល់​ពី​ការបោះឆ្នោត និង​អ្វីដែល​កំពុង​កើតមានឡើង តាមរយៈ​ព័ត៌មាន​ដែល​យើង​ផ្តល់​ឲ្យ​។​ហើយ​យើង​ពឹង​ផ្អែកលើ​អ្នកសារព័ត៌មាន​ពីរ​បរទេស​ដែល​អាច​ផ្តល់ដំណឹង​ត្រឹមត្រូវ និង​អាច​ទុកចិត្តបាន​ជុំវិញ​ការបោះឆ្នោត​ទៅកាន់​ប្រជាជន​របស់​ពួកគេ​វិញ​។ យើង​ឧបត្ថម្ភ​អ្នកសារព័ត៌មាន​សម្រាប់​ការយក​ព័ត៌មាន​នៅ​សហរដ្ឋអាមេរិក ហើយ​យើង​ក៏​ផ្តល់ឱកាស​ដល់​បណ្តា​អ្នកសារព័ត៌មាន​ដែល​នៅ​អាមេរិក​ឲ្យ​មានលទ្ធភាព​អាច​យក​ព័ត៌មាន​ពាក់ព័ន្ធ​ការបោះឆ្នោត ទាំង​ពេល​សមាជ ទាំង​ពេល​ជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន និង​ទាំង​ពេល​បោះឆ្នោត​ផ្ទាល់​ផង​។​



​សកម្មភាព​ទាំងអស់នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​បោះឆ្នោត​និង​ប្រជាធិបតេយ្យ​យើង​កាន់តែ​បើកចំហរ​ទូលំទូលាយ និង​កាន់តែ​ល្បី​ទៅកាន់​ពិភពលោក​ផង​។ តែ​នេះ​មិនមែន​មានន័យថា ប្រព័ន្ធ​បោះឆ្នោត​របស់​យើង​ល្អ​បំផុត និង​ឥតខ្ចោះ ដែល​ប្រទេស​ដូចជា​កម្ពុជា​ត្រូវ​ដើរ​តាម​នោះឡើយ​។ យើង​គ្រាន់តែ​ចង់​ឲ្យ​ប្រទេស​នានា​ស្វែងយល់​ពីអ្វី​ដែល​ល្អ និង​អ្វីដែល​មិនល្អ​នៃ​ប្រព័ន្ធ​បោះឆ្នោត​របស់​អាមេរិក និង​ប្រជាធិបតេយ្យ​អាមេរិក​ដែលមាន​រយៈពេល​ជាង​២​សតវត្សរ៍​ហើយ​នោះ​។

​សម្រាប់​ឆ្នាំនេះ យើង​មាន​កម្មវិធី​ដ៏​រីករាយ​មួយ​ដែលជា​ដំណើរ​ទស្សនកិច្ច​យក​ព័ត៌មាន​ក្នុងអំឡុងពេល​បោះឆ្នោត​ខាងមុខ​។ បច្ចុប្បន្ននេះ​យើង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​កំពុង​រៀបចំ​កម្មវិធី ដែល​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​កម្ពុជា​មួយចំនួន​នឹង​មានឱកាស​ទទួលបាន​ការបណ្តុះបណ្តាល​តាម​អន​ឡាញ រួមជាមួយ​ដំណើរ​ទៅយក​ព័ត៌មាន​នៅ​អាមេរិក​ផងដែរ​៕ 

​លោក សៅ ផល និស្ស័យ​៖ មានការ​ជជែក​ដេញដោល​គ្នាច្រើន​ពី​ប្រព័ន្ធ​បោះឆ្នោត​នៅ​អាមេរិក ដូចជា​ការប្រើប្រាស់​ប្រព័ន្ធ​គណបក្ស​ពីរ​ជា​ដើម​។ នេះ​វា​មានន័យថា ចាញ់​ឬ​ឈ្នះ​របស់​បេក្ខជន​នៃ​បក្ស​នីមួយៗ វា​អាស្រ័យ​លើ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ដែរ ពោលគឺ​បើ​ប្រធានាធិបតី​ធ្វើបាន​ល្អ​ក្នុង​អាណត្តិ​វា​ជួយ​ដល់​បេក្ខជន​តំណាង​បក្ស​នោះដែរ​។ តើ​លោក គិតថា ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) នឹងមាន​ចំណែក​អ្វីខ្លះ​ក្នុងការ​កំណត់​អ្នកណា​នឹង​ឈ្នះ ឬ​អ្នកចាញ់​នោះដែរ​ឬទេ​?

​លោក Jay R. Raman៖ សំណួរ​ល្អ​!  តាមពិតទៅ វា​មិនមាន​ច្បាប់​ណា​ដែល​បញ្ជាក់ថា យើង​ត្រូវតែមាន​គណបក្ស​ពីរ​ទេ​។ ប៉ុន្តែ​ប្រព័ន្ធ​ដែល​យើង​មាន​បច្ចុប្បន្ន​ហាក់បីដូចជា​សមស្រប​ឲ្យ​មានប​ក្សធំៗ​ពីរ គឺ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ដែល​ឈ្នះឆ្នោត​បន្តបន្ទាប់​គ្នា​រហូតមក​។ កន្លងមក លោក ប៊ែ​នី សេន​ដឺ (Bernie Sanders) ជា​បេក្ខជន​ឯករាជ្យ និង​អ្នកនយោបាយ​សង្គមនិយម​មកពី​រដ្ឋ Vermont​។   នេះ​មិនមែន​មានន័យថា យើង​គ្មាន​បេក្ខជន​ឯករាជ្យ ឬ​បេក្ខជន​មកពី​បក្ស​ទី​បី​ចូលរួម​ប្រកួតប្រជែង​នោះទេ​។ បានន័យថា​អ្នក​ក៏​អាច​ធ្វើជា​ប្រធានាធិបតី ដោយ​មិនចាំបាច់​ទាល់តែ​ជា​សមាជិក​គណបក្ស​ធំៗ​ពីរ​នេះដែរ​។​



​ត្រលប់មក​សំណួរ​យើង​វិញ​។ ប្រ​ធា​ធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក៏ដូចជា​ប្រធានាធិបតី​អាមេរិក​មុនៗ​ដែរ​។ លោក​មិន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុងដំណាក់កាល​បោះឆ្នោត​ក្នុង​គណបក្ស​ដូច​ពេលនេះ​ទេ​។ នេះ​មានន័យថា លោក​មិន​ចេញមុខ​ប្រកាស​គាំទ្រ​បេក្ខជន​ណា​ម្នាក់​ក្នុង​បក្ស​ឡើយ​។  តែ​នៅក្នុង​ការឃោសនាបោះឆ្នោត​ប្រធានាធិបតី លោក​អាច​នឹង​សម្រេចចិត្ត​ចេញមុខ​ឃោសនា​ជួយ​គាំទ្រ​ដល់​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ក្នុងនាម​លោក​ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែរនោះ​។ លោក​ក៏​ប្រហែល​នឹង​ប្រាប់​អ្នកបោះឆ្នោត​ផងដែរ​ថា គួរ​បោះ​ឲ្យ​អ្នកណា​។ ប៉ុន្តែ​ការសម្រេចចិត្ត គឺ​ស្ថិតនៅលើ​អ្នកបោះឆ្នោត​ដដែល​។  ចំណែក​បេក្ខជន​ខ្លួនឯង​ត្រូវ​ចេញមុខ​ឃោសនា ក្នុង​សមរភូមិ​នយោបាយ​ចុងក្រោយ ដើម្បី​ទាញ​រក​សន្លឹកឆ្នោត តាម​ដែល​អាច​ធ្វើបាន​។​

​សរុបមក​ខ្ញុំ​ចង់​សង្កត់ធ្ងន់ថា ការប្រកួតប្រជែង​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​នេះ​មិនមែន​កំណត់​ចាញ់ឈ្នះ​ដោយ​ការលើកសរសើរ ឬ​គាំទ្រ​របស់​ប្រធាន​ធិបតីជិត​ផុត​អាណត្តិ​ឡើយ​។ តែ​ជ័យជម្នះ ឬ​បរាជ័យ​នោះ វា​កំណត់ដោយ​យុទ្ធនា​ការឃោសនា​ដែល​ពួកគេ​ធ្វើ និង​សារ​នយោបាយ​ដែល​ពួកគេ​មាន​សម្រាប់​អ្នកបោះឆ្នោត​ទៅវិញ​ទេ​។​

​លោក សៅ ផល និស្ស័យ​៖ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក បេក្ខជន​ឈរឈ្មោះ​ម្នាក់ៗ​ចាំបាច់​ត្រូវ​ចំណាយលុយ​ច្រើនណាស់​សម្រាប់​ការឃោសនាបោះឆ្នោត ហើយ​បេក្ខជន​នីមួយៗ​ត្រូវ​រៀបចំ​ផែនការ​ប្រមែរ​ប្រមូល​មូលនិធិ​ទៀត​។ តើ​ជំនួយ​ហិរញ្ញវត្ថុ​ដែល​មកពី​ប្រជាជន ក្រុមហ៊ុន និង​ម្ចាស់ជំនួយ​ផ្សេងទៀត​ក្នុង​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី មាន​ឥទ្ធិពល​លើ​បេក្ខជន និង​គោ​លន​យា​បាយ​រដ្ឋ​ទេ​?

​លោក Jay R. Raman៖ ជាបឋម ខ្ញុំ​ចង់​បញ្ជាក់ថា វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​ការឃោសនាបោះឆ្នោត​ចំណាយលុយ​ច្រើន ហើយ​បេក្ខជន​ម្នាក់ៗ​និង​គណបក្សនយោបាយ​ចំណាយពេល​មិនតិច​ទេ​ដើម្បី​រៀប​ចំការ​ប្រមែរ​ប្រមូល​រក​មូលនិធិ ដើម្បី​ចំណាយ​លើ​ការផ្សាយពាណិជ្ជកម្ម និង​បុគ្គលិក​ដែល​រៀបចំ​ការឃោសនា​ជាដើម​។ ជាធម្មតា ប្រជាជន​ម្នាក់​មាន​សិទ្ធិ​ផ្តល់ជំនួយ​ដើម្បី​គាំទ្រ​យុទ្ធនា​ការឃោសនា​នយោបាយ​របស់​បេក្ខជន​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​។ ប៉ុន្តែ​ជំនួយ​របស់​ពួកគេ​មាន​ដែន​កំណត់​ដែរ​។ វា​មានន័យថា នៅ​អាមេរិក ច្បាប់​កំណត់​ច្បាស់​ថា ជំនួយ​ប៉ុន្មាន ដែល​មនុស្ស​ម្នាក់​អាច​ផ្តល់​ឲ្យ​បេក្ខជន​ដែល​ខ្លួន​គាំទ្រ ហើយ​វា​មិន​មិន​ប៉ះពាល់​ដល់​ច្បាប់ ឬ​បទបញ្ញត្តិ​។ ដូច្នេះ ខ្ញុំ​និយាយ​ឲ្យ​ខ្លី ការ​ផ្តល់ជំនួយ មិនមាន​ឥទ្ធិពល​អ្វី​ទេ ប៉ុន្តែ​យើង​ចាត់ទុក​វា​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ព​ល​រដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​។​



​លោក សៅ ផល និស្ស័យ​៖ លោក ដូ​ណា​ល់ ត្រាំ បន្ត​ឈ្នះ​នៅក្នុង​ការ​ប្រជែង​ក្នុង​បក្ស​កន្លងមក​។ ប៉ុន្តែ​ចលនា​ប្រឆាំង​លោក​ក៏​កើត​ច្រើន​ដែរ​។ តើ​លោក​យល់ថា វា​នឹង​មានការ​បែកខ្ញែក​គ្នា​ក្នុងចំណោម​អ្នក​សាធារណរដ្ឋ ហើយ​ជំរុញ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ចាកចេញ​ទៅធ្វើជា​ភាគី​ទី​បី​ទេ នៅពេល​ខាងមុខ​?

​លោក Jay R. Raman៖ វា​ជា​ពេល​យុទ្ធនាការ​នយោបាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​យើង​មិនដែល​ធ្លាប់មាន​ពីមុនមក ឬ​អាច​ថា ខ្ញុំ​មិន​ធ្លាប់​ឃើញ​ថ្មីៗ​កន្លងមក​សោះ​។ បច្ចុប្បន្ន ដូ​ណា​ល់​ត្រាំ​ធ្វើបាន​ល្អ​មែន តែ​លោក​មិនទាន់​ទទួលបាន​តំណាង​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ការជ្រើសរើស​តាំងពី​គណបក្ស​នៅឡើយ​ទេ​។ ហើយ​ម្យ៉ាង​លោក ក៏ត្រូវ​ប្រឈម​មុខជា​គូប្រជែង​ក្នុង​បក្ស​ខ្លាំង​ដែរ​ដូចជា​លោក ច​ន ខា​សិ​ក (John Kasich) និង​លោក ថេត គ្រុស (Ted Cruz)​។ ហើយ​កុំភ្លេចថា ការ​ដើរចេញ​របស់លោក Marco Rubio ក៏​នឹង​ផ្តល់ឱកាស​ឲ្យ​បេក្ខជន​ផ្សេងទៀត​ឈ្នះ​ការតែងតាំង​ពី​បក្ស​ដែរ​។ ខ្ញុំ មិន​ហ៊ាន​ទាយ​ថា នឹងមាន​អ្វី​កើតឡើង​ឡើយ ខ្ញុំ​គ្រាន់តែ​តាមដាន​បន្តទៀត​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការវិវត្ត​និង​លទ្ធផល​នៃ​ការ​ប្រជែង​គ្នា​នេះ​។ តែ​ខ្ញុំ​អាច​ថា វា​ជា​ពេលវេលា​ប្រកួតប្រជែង​គ្នា​ខ្លាំងបំផុត​ដើម្បី​ទទួលបាន​ការជ្រើសតាំង​ពី​បក្ស​រវាង​បេក្ខជន​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពីមុន​សោះ​។​

​លោក សៅ ផល និស្ស័យ​៖ សំណួរ​ចុងក្រោយ​របស់ខ្ញុំ ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍​នានា​របស់លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ។  ដោយសារ​កន្លងមក​សុន្ទរកថា​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងពេល​ជជែក​ដេញដោល​គ្នា​ក្នុង​បក្ស​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​និង​ថ្កោលទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ ដូចជា រឿង​ហាម​ប្រជាជន​ម៉ូ​ស្លី​ម មិន​ឲ្យ​ចូលមក​សហរដ្ឋអាមេរិក ពេល​លោក​ក្លាយជា​ប្រធានាធិបតី​ជាដើម​។ បញ្ហា​នៅត្រង់ថា  វា​ជា​សិទ្ធិសេរីភាព​បញ្ចេញមតិ និង ក្រមសីលធម៌​សម្រាប់​បេក្ខជន​។ តើ​មានប​ញ្ញ​តិ​ដែល​កំណត់​ឲ្យ​បេក្ខជន​ប្រធានាធិបតី​គួរ​និយាយ​អ្វី ឬ​ហាម​មិន​ឲ្យ​និយាយ​អ្វី​ដែរឬទេ​?

​លោក Jay R. Raman៖ អ្នកនយោបាយ​នៅ​អាមេរិក​ទាំងអស់​សុទ្ធតែ​ដឹង​ច្បាស់​ថា ពាក្យសម្តី​របស់​ពួកគេ​នឹងត្រូវ​ប្រជាជន​ច្រើនសន្ធឹក​សន្ធាប់ មិន​ត្រឹមតែ​ក្នុងស្រុក​ទេ តែ​នៅ​ទូទាំង​ពិភពលោក លឺ​និង​ត្រូវគេ​វាយតម្លៃ​។ អ្វី​ដែ​អ្នកនយោបាយ​គ្រប់គ្នា​ប្រឹងប្រែង​ធ្វើ​នោះ គឺ​ធ្វើយ៉ាងណា​និយាយ​ឲ្យ​ច្បាស់ និង​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​នូវ​អ្វីដែល​ខ្លួន​ចង់​និយាយ​។ ទាក់ទង​សំណួរ​ដែល​លោក​សួរ​ខ្ញុំ គឺ​ទុក​ឲ្យ​អ្នក​រិះគន់ គេ​រិះគន់​ចុះ ហើយ​ឲ្យ​អ្នកគាំទ្រ​គេ បន្ត​គាំទ្រ​ទៀត​ចុះ​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ ចង់​និយាយ វា​ជា​ចំណុច​ល្អ​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រជាជន​ជា​អ្នកគាំទ្រ​អាច​យល់ស្រប ឬ​មិន​យល់ស្រប​ជាមួយ​សម្តី​អ្នកនយោបាយ ហើយ​គេ​ក៏​អាច​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​របស់ខ្លួន​តា​ម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ឬ​តាម​ការជជែក​ពិភាក្សា​ជាដើម​។ ជាការ​ពិត យើង​នឹង​មិនមាន​បេក្ខជន​ដែល​ល្អឥតខ្ចោះ​ដែល​អាចបំពេញ​ចិត្ត​មនុស្ស​គ្រប់គ្នា ហើយ​និយាយ​អ្វី​ឲ្យ​គ្រប់គ្នា​ត្រូវចិត្ត​នោះទេ​៕




Tag:
 ស្ថានទូត​អាមេរិក​
  Jay Raman
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com