អន្តរជាតិ
គុយបា​-​អាមេរិក​៖ ពីស​ត្រូវ​ចាស់​មកជា​ដៃគូ​របស់​អាមេរិក​?
21, Mar 2016 , 9:19 pm        
រូបភាព
​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា អមដំណើរ​ដោយ​ស្ត្រី​ទីមួយ និង​កូនស្រី​របស់លោក​ទាំងពី​រ​ទៅកាន់​គុយបា បើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​អាមេរិក​ជាមួយ​គុយបា​។ មរតក​នយោបាយ​ការបរទេស​ចុងក្រោយ​និង​សំខាន់បំផុត​សម្រាប់​លោក ក្នុងការ​ប្តូរ​ពីស​ត្រូវ​មកជា​មិត្ត និង​បង្ខិត​ឲ្យ​អាមេរិក​កាន់តែ​ជិត​គុយបា​ផង​។ ប៉ុន្តែ​នៅមាន​ឧបសគ្គ​ច្រើនណាស់​ដែល​រារាំង​បំណង​របស់​ប្រ​ធា​ធិបតី​ស្បែក​ខ្មៅ​រូបនេះ ហើយ​លោក​នៅសល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ក្នុង​តំណែង​ជា​ប្រធានាធិបតី​។



​ថ្មីៗ​សូម​លើកឡើង​ពី​ប្រវត្តិ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​រហូតដល់​មានការ​ភ្ជាប់​ចំណង​ការទូត និង​ដំណើរ​ទស្សនកិច្ច​របស់​លោក អូ​បា​ម៉ា​៖

១.​ប្រវត្តិ​ទំនាក់ទំនង​គុយបា​-​អាមេរិក​
​សហរដ្ឋអាមេរិក និង​ប្រទេស​គុយបា បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅក្នុង​ឆ្នាំ ១៩៦១ ដោយ​សហរដ្ឋអាមេរិក​បាន​បិទ​ស្ថានទូត​ខ្លួន​ប្រចាំ​ទីក្រុង​ហា​វ៉ា​ណា និង​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស គុយបា​។ ការ​កាត់​ផ្តាច់ចំណង​ការទូត​នេះ​កើតឡើង​២​ឆ្នាំ ក្រោយ​មេដឹកនាំ​បដិវត្តន៍​គុយបា លោក ហ្វី​ដែល កា​ស្ត្រូ បាន​ដណ្តើម​អំណាច ដោយ​ផ្តួលរំលំ​របប​ដឹកនាំ​លោក Fulgencio Batista ដែល​គាំទ្រ​ដោយ​អាមេរិក​។

​ក្រោយ​ចលនា​បដិវត្តន៍​គុយបា​បាន​ក្លាយជា​រដ្ឋ​សង្គមនិយម​រណប​សហ​ភាព​សូ​វៀត ហើយ​រាល់​ក្រុមហ៊ុន​ឯកជន​របស់​អាមេរិក​បាន​ក្លាយជា​ក្រុមហ៊ុន​គុយបា​ដោយ​គោលនយោបាយ​ជាតូបនីយកម្ម​របស់លោក ហ្វី​ដែល កា​ស្ត្រូ ហើយ​ទំនាក់ទំនង​ប្រទេស​ទាំង​កាន់តែ​វិ​វ​ត្តិ​ន៍​ទៅរក​ភាពល្អក់​ករក​ខ្លាំង​ក្រោយ​សហរដ្ឋអាមេរិក បរាជ័យ​ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​របប​ដឹកនាំ​លោក កា​ស្ត្រូ​នៅក្នុង​ឆ្នាំ ១៩៦១ ។

​អ្វីដែល​ធ្ងន់ធ្ងរ​នោះ​គឺថា ១​ឆ្នាំក្រោយ​បរាជ័យ​ក្នុងការ​ផ្តួល​រលំ​របប​ដឹកនាំ​គុយបា វិបត្តិ​មី​ស៊ី​ល​គុយបា​បានកើត​ឡើង ដែល​ស្ទើរតែ​ធ្វើអោយ​សង្គ្រាម​នុយក្លេអ៊ែរ​កើតឡើង​ទៅហើយ​។  ប៉ុន្តែ​ពិភពលោក​បាន​រួច​ផុតពី​គ្រោះមហន្តរាយ​មនុស្សជាតិ ដោយ​មេដឹកនាំ​អាមេរិក ច​ន កែ​ណ្ណឺ​ឌី និង​មេដឹកនាំ​សូ​វៀត នី​គី គ្រូ​ឆេវ បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​មួយ​ដោយ​អាមេរិក​សន្យាថា​មិន​ឈ្លានពាន​គុយបា​ទៀតឡើយ ហើយ​អាមេរិក​សម្រេច​ដក​នុយ​ក្លេ​អ៊ែរ​ពី​តួ​ក​គី​។ សហភាពសូវៀត​ក៏​ឯកភាព​ដក​កាំជ្រួច​នុយក្លេអ៊ែរ​ពី​គុយបា​ដូចគ្នា​ដែរ​។

​ប៉ុន្តែ​ស្របពេល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​អាមេរិក​និង​គុយបា​ត្រូវបាន​កាត់ផ្តាច់ សភា​សហរដ្ឋអាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​និង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​គុយបា ដែល​ធ្វើអោយ​ប្រទេស​នេះ​ប្រឈមមុខ​វិបត្តិ​ខ្វះខាត​ផលិតផល​ប្រើប្រាស់ ហើយ​សេដ្ឋកិច្ច​រីកលូតលាស់​ទៅមុខ​យឺតយ៉ាវ​បំផុត​។​

២. គុយបា​ពីស​ត្រូវ​ក្លាយជា​មិត្ត​......?
​ជាង ៥​ទសវត្សរ៍​ក្រោយ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត សហរដ្ឋអាមេរិក​បាន​សម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ជាថ្មី​ជាមួយ​សត្រូវ​ចាស់​របស់ខ្លួន​នៅ​តំបន់​អាមេរិក​ឡាទីន គុយបា នា​ខែ ធ្នូ ឆ្នាំ ២០១៤ ។ មុន​មានការ​ឈានទៅដល់​ការឯកភាព​គ្នា​បង្កើត​ចំណង​ការទូត​ឡើងវិញ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជជែក​ពិភាក្សា​ពី​ទំនាក់ទំនង​និង​ការដោះលែង​អ្នកទោស​ជាមួយ​ប្រមុខរដ្ឋ​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​ឡើងកាន់តំណែង​ក្រោយ​ឆ្នាំ​២០០៦ ក្រោយ​បងប្រុស​លោក ហ្វី​ដែល កា​ស្ត្រូ ចុះ​ចេញពី​តំណែង​ដោយ​បញ្ហា​សុខភាព​។ ក្រោយ​ពិភាក្សាគ្នា​អស់​ពេល​យូរ​គួរសម មេដឹកនាំ​គុយបា សម្រេច​ដោះលែង​ជនជាតិ​អាមេរិក​ពីរ​នាក់ ជា​ថ្នូរ​និង​ការដោះលែង​ប្រជាជន​គុយបា បីនាក់​ដោយ​អាជ្ញាធរ​អាមេរិក​។ ភ្លាមៗ​នោះដែរ លោក អូ​បា​ម៉ា មិនមាន​ស្ទាក់ស្ទើរ​ក្នុងការ​បង្កើត​ចំណង​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា​ឡើងវិញ ដោយ​ទុក​កិច្ច​ការអោយ​រដ្ឋមន្ត្រីការបរទេស ច​ន ឃឺ​រី ចាត់ចែង​ការងារ​បន្ទាប់ និង​បើក​ស្ថានទូត​អាមេរិក​ឡើយ​វិញ​នៅ​គុយបា​។ ការផ្លាស់ប្តូរ​ពីស​ត្រូវ​មកជា​មិត្ត​នៅពេលនេះ​បានធ្វើអោយ​ពិភពលោក​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​បណ្តា​ប្រទេស​ភាគច្រើន​នៅ​តំបន់​អាមេរិក​ឡាទីន​បានបង្ហាញ​ការ​សាទរ​ចំពោះ​ការបង្កើត​ចំណង​ការទូតរ​ឡើងវិញ​វាង​ប្រទេស​ទាំងពីរ​ផង​។

​តាមពិតទៅ​សញ្ញា​ដែល​បញ្ជាក់​ពី​ការប្រែប្រួល​នៃ​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ហា​វ៉ា​ណា​កើតឡើង​តាំងពី​ពេល​លោក អូ​បា​ម៉ា ឡើងកាន់តំណែង​ក្នុង​ឆ្នាំ ២០០៩ នៅពេលនោះ​រដ្ឋាភិបាល​អាមេរិក​បានសម្រេច​បញ្ច​ប់​ការហាមឃាត់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​គុយបា​។ មួយវិញទៀត​កាលពី​ឆ្នាំ ២០១៣​ក្នុង​កម្មវិធី​បុណ្យសព​អតីត​មេដឹកនាំ​អាហ្វ្រិក​ខាងត្បូង​លោក នេ​ល​សុន មិន​ដេ​ឡា លោក អូ​បា​ម៉ា បាន​ចាប់ដៃ​និង​ជជែក​ជាមួយ​មេដឹកនាំ​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ថែម​ទៀតផង​។

​នៅក្នុង​ខែមេសា​ឆ្នាំ ២០១៥ ក្រោយ​ប្រកាស​ស្តារ​ចំណង​ការទូត មេដឹកនាំ​ទាំងពីរ​បាន​ចាប់ដៃគ្នា​ជាថ្មី​នៅ​ប្រទេស​ប៉ា​ណា​ម៉ា នៅពេលដែល​លោក ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​។ តាមពិតទៅ  ការជួយ​ឲ្យ​សត្រូវ​ចាស់​សម័យ​សង្គ្រាមត្រជាក់​ប្រែ​មកជា​មិត្ត គួរ​អរគុណ សម្តេច​ប៉ាប​បុរី​វ៉ា​ទី​កង់ ហ្វ្រ​ង់​ស៊ី​ស និង​ប្រទេស​កាណាដា ។​

៣. មរតក​នយោបាយ​ការបរទេស​លោក អូ​បា​ម៉ា ចំពោះ​គុយបា ប្រឈម​ឧបសគ្គ​ច្រើន​
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ស្រី្ត​ទីមួយ ទៅកាន់​គុយបា​ថ្ងៃ ទី​២០ ខែមីនា​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​ដែល​មិន​ធ្លាប់មាន​ពីមុន​ក្នុង​រយៈពេល ជិត​៩០​ឆ្នាំកន្លងមក​។ លោក អូ​បា​ម៉ា រំពឹង​ក្នុង​ចិត្ត​ថា មរតក​នយោបាយ​ការបរទេស​និង​ការប្រឹងប្រែង​របស់លោក​នឹង​អាច​ផ្សះផ្សា​និង​លុបចោល​រាល់​អតីតកាល​ល្អក់​ករក ហើយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​មិត្តភាព​ស្អិតល្មួត​នៃ​គុយបា​និង​អាមេរិក​ផង​។ លោក​នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​គុយបា លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ក្នុងពេល​លោក​ស្ថិតនៅ​គុយបា​ផងដែរ​។​

​តាមពិតទៅ ប្រធានាធិបតី​អាមេរិក​មុនៗ​ក៏​ប្រឹងប្រែង​ដូចគ្នា​ដែរ ពោលគឺ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ផ្តួលរំលំ​របប​ដឹកនាំ​ផ្តាច់ការ​គ្រួសារ​ត្រកូល​កា​ស្ត្រូ​នៅ​គុយបា​។ អាមេរិក​ប្រើប្រាស់​ទាំង​ចលនា​រដ្ឋប្រហារ ទណ្ឌកម្មសេដ្ឋកិច្ច ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ជា​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គុយបា រង្គោះរង្គើ ប៉ុន្តែ​ចុងក្រោយ​បរាជ័យ​រហូត​។

​ត្រលប់​មកវិញ ទោះបី​ទស្សនកិច្ច​របស់លោក អូ​បា​ម៉ា សំខាន់​យ៉ាងណាក្តី ឧបសគ្គ​ច្រើនណាស់​ដែល​រារាំង​ការ​ឆ្ពោះទៅមុខ​នៃ​ទំនាក់ទំនង​រដ្ឋ​ទាំងពីរ​។  កន្លងមក អាមេរិក​បានសម្រេច ដក​គុយបា​ចេញពី​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវជន អនុញ្ញាត​ឲ្យ​មានការ​ហោះហើរ​ទៅ​គុយបា និង​ប្រជាជន​អាមេរិក​ទៅ​កំសាន្ត​នៅ​គុយបា បាន​។  ហើយ​ក្រុង​វ៉ាស៊ីនតោន ក៏​បើកផ្លូវ​ឲ្យ​មានការ​ចរាចរណ៍​ដឹកទំនិញ​តាម​សមុទ្រ ហើយ​អ្នកជំនួញ​អាមេរិក​អាចដាក់​ទុន​រកស៊ី​នៅ​គុយបា បាន​ចំពោះ​ជំនួញ​ធុន​តូច​។ 

​តែ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​គុយបា នៅតែ​បញ្ហា​ចម្បង និង​ជា​ឧស​គ្គ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​គុយបា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។  បណ្តា​អ្នក​សាធារណរដ្ឋ​បង្ហាញ​ការយល់ឃើញ​ផ្ទុយស្រឡះ​ពី​លោក អូ​បា​ម៉ា ចំពោះ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​គុយបា​ពេលនេះ ព្រោះ​វា​មិនបាន​បង្ហាញថា​អាមេរិក​យកចិត្ត​ទុក​ពី​សិទ្ធិមនុស្ស​ទេ ។ ខណៈដែល លោក អូ​បា​ម៉ា រំពឹងថា ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយបា នឹង​ជួយ​ឲ្យ​គុយបា ផ្លាស់ប្តូរ​ទៅរក​សង្គម​មួយ​ដែល​បើកចំហរ គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​នយោបាយ​កំណែទម្រង់សេដ្ឋកិច្ច​ជាដើម អ្នក​សាធារណរដ្ឋ​យល់ថា វា​មិនមែនជា​នយោបាយ​សមស្រប​សម្រាប់​គុយបា ទេ​។​

​លោក មាន​ពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ដើម្បី​អនុវត្ត​គោលនយោបាយ​របស់ខ្លួន​ដែល​នៅ​មិនទាន់​សម្រេចបាន​។ គេ​មិនដឹងថា​អ្នកណា​នឹង​ឡើងកាន់តំណែង​ប្រធានាធិបតី​ថ្មី​ឡើយ​។ បើសិន​មកពី​បក្ស​ប្រជាជន​ធិបតេយ្យ​ដូចជា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មិនមែនជា​បញ្ហា​ចោទ​ឡើយ​។ តែ​បើសិនជា​ប្រធានាធិបតី​ថ្មី​មកពី​បក្ស​សាធារណរដ្ឋ​វិញ​នោះ នយោបាយ​អាមេរិក​ចំពោះ​គុយបា​នឹង​ផ្លាស់ប្តូរ​ជាក់​ជាមិនខាន​។

​ចំណែក​ភាគី គុយបា​វិញ​ហាក់​នៅតែ​ប្រុងប្រយ័ត្ន ចំពោះ​នយោបាយ​ងាក​មករក​គុយបា​នេះដែរ​។ មេដឹកនាំ​គុយ​បាន​ខ្លាច​ថា បញ្ហា​នឹង​កើតមានឡើង ហើយ​អាមេរិក​នឹង​ឆ្លៀតឱកាស​ផ្តួលរំលំ​របប​ដឹកនាំ​បច្ចុប្បន្ន​ទៀត​៕


Tag:
 គុយបា​
  អាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com