កីឡាជាតិ
ជាតិ
គ្រូ​ជម្រើសជាតិ​អត់​រើស​កីឡាករ ឬ​កីឡាករ​អត់​រើស​ជម្រើសជាតិ​?
22, Mar 2016 , 1:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon អវត្តមាន​កីឡាករ​ឆ្នើមៗ ដូចជា ចាន់ វឌ្ឍនាកា ស៊ូ យ៉ា​ទី ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង Muscat ប្រទេស​អូ​ម៉​ង់ សម្រាប់​ការ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ ។



​ក្នុងចំណោម​បញ្ជី​ឈ្មោះ​ទាំង​៣០​នាក់ ក្នុងនោះ​មាន ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូបង្វឹក​៨​នាក់ រួមទាំង​កីឡាករ​២២​នាក់ គ្មាន​ឡើយ​វត្តមាន​របស់​កីឡាករ​បឹងកេត​អង្គរ​៤​រូប គឺ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា អ្នកចាំទី ស៊ូ យ៉ា​ទី ខ្សែការពារ ទូច បញ្ច​រ៉ុង ខ្សែការពារ រស់ សំអឿន និង​ខ្សែការពារ​ភ្នំពេញ​ក្រោ​ន កុក បូរី​ស​។​

​អាចទៅរួច​ដែរឬទេ ដែល​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon ដក​កីឡាករ​ឆ្នើមៗ ចេញពី​ជម្រើស​? អ្វីៗ​អាច​កើតឡើង​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ខ្សែការពារ ទូច បញ្ច​រ៉ុង បាន​បំភ្លឺថា រូបគេ​ពិតជា​មិនត្រូវ​ជាប់​ក្នុង​ជម្រើស​របស់​គ្រូ ប៉ុន្តែ​គេ​គោរព​តាម​នូវ​រាល់​ការសម្រេចចិត្ត​។​

​ជាមួយគ្នា​ផងដែរ លោក Lee បានផ្តល់​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​កីឡា​អន​ឡាញ We Are Football មុនពេល​ចេញដំណើរ​ថា ក្រុម​លោក​បាន​បាត់បង់​កីឡាករ​សំខាន់ៗ​មួយចំនួន ដែល​ពួកគេ​គ្មាន​ទំនួល​ខុសត្រូវ​សម្រាប់​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​លោក​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​នោះឡើយ​។​

We Are Football បាន​ដកស្រង់​សម្តី​គ្រូបង្វឹក​កូរ៉េខាងត្បូង​ថា​៖ «​ខ្ញុំ​សូម​និយាយថា​កីឡាករ​ទាំងអស់​គួរតែមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការលេង​ឲ្យ​ក្រុម​ជម្រើសជាតិ ដោយ​ខ្ញុំ​មិន​ចង់​បញ្ចេញ​ឈ្មោះថា​នរណា​ខ្លះ​នោះទេ បើទោះបីជា​វា​មាន​ប្រាប់​ខែ​បន្តិចបន្តួច​ក៏ដោយ តែ​នេះ​គឺជា​កាតា​ព្វ​កិច្ច​។ ក្នុងនោះ​ក្រុម​គ្រូ​ក៏បាន​ព្យាយាម​ទាក់ទង​ទៅ ពួកគេ​ជាច្រើន​ដង​ប៉ុន្តែ​ពុំបាន​ទទួលដំណឹង​សោះ​អ្វី​ឡើយ​»​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្លិប​បឹងកេត​អង្គរ បាន​និយាយថា​៖ ««​ខ្ញុំ​មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​ខ្ញុំ​បើក​ហ្វេ​ស​ប៊ុ​ក​ឃើញ​គេ​បង្ហោះ​មក​ថា ចាន់ វ​ឌ្ឍា​នា​កា អវត្តមាន​ក្នុង​ក្រុម​ជម្រើសជាតិ​កាលពី​ព្រឹក​មិញ​នេះ​»​។ 

​ទោះបីជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ដែល​ទើប​បញ្ចប់​បេសកកម្ម​ដោយ​ជោគជ័យ​ជាមួយ​ក្រុម Cambodia All Stars រូបនេះ មិនមាន​ការបកស្រាយ​អ្វី​បន្ថែម​នោះឡើយ ដោយ​លោក​បាន​ចាត់ទុកថា ជា​រឿង​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ។​

​លោក​បាន​បន្ថែមថា បញ្ហា​នេះ​វា​មិនមែនជា​ទំនួល​ខុសត្រូវ​របស់លោក​នោះទេ ព្រោះ​បញ្ហា​នេះ​ជា​ទំនួល​ខុសត្រូវ​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ដោយសារ​លោក​បានប្រគល់​កូនក្រុម​របស់គាត់​ឲ្យ​ទៅ​គ្រូ​ជម្រើសជាតិ​ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម African All Stars នៅ​កីឡដ្ឋាន RSN មកម្ល៉េះ​។​

​អវត្តមាន​របស់ ចាន់ វឌ្ឍន​កា កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​មុន បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មាន​អារម្មណ៍​មិន​សុខ​ស្រួល​នោះឡើយ​។ អ្នកខ្លះ បាន​ភ្ជាប់​ករណី​អវត្តមាន​នេះ ដោយសារតែ​ការចេញដំណើរ​ទៅ​អូ​ម៉​ង់ ធ្វើឡើង​ចំ​ថ្ងៃ​ដែល​លោក ចាន់ ចេស្តា ជា​ឪពុក ឡើងកាន់តំណែង​ជា​អភិបាល​ខេត្តកំពត ជា​ផ្លូវការ​។​

​សម្រាប់​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល E កម្ពុជា ត្រូវ​ប៉ះ​ស៊ី​រី នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នៅ​កីឡដ្ឋាន Al-Seeb Stadium របស់​ប្រទេស​អូ​ម៉​ង់ ដែលជា​ទឹកដី​កណ្តាល​។ កម្ពុជា បាន​ចាញ់​ទាំង​៧​ប្រកួត ក្នុងនោះ​ចាញ់​ស៊ី​រី ៦-០ នៅលើ​ទឹកដី​ខ្លួនឯង​។

​នៅក្នុង​ពូ​ល E នេះ ជប៉ុន​ឈរលើ​កំពូល​តារាង ស៊ី​រី លេខ​២ សិង្ហ​បុរី លេខ​៣ អា​ហ្វ​ហ្គា​នី​ស្ថាន​លេខ​៤ ហើយ​កម្ពុជា​នៅ​បាត​តារាង​។ ទោះបីជា​ធ្លាក់​ចេញពី​យុទ្ធនាការ World Cup ក៏ដោយ ប៉ុន្តែ​ក្រុម​កម្ពុជា​នៅមាន​ឱកាស​សម្រាប់​ការប្រកួត​ជម្រុះ​វគ្គ Playoff ក្នុង​ព្រឹត្តិការណ៍ Asian Cup ឆ្នាំ​២០១៩ ។​

​ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូបង្វឹក​៖ លោក ឆាំង ពិសិដ្ឋ (​អ្នកចាត់ការ​ក្រុម​) លោក Lee Tae Hoon (​គ្រូបង្វឹក​) លោក អ៊ុង កន យ៉ា​និ​ត លោក ហោ សុខ​ហេង លោក អ៊ុំ សាវង្ស (​គ្រូ​ជំនួយ​) លោក សួង ភី​រម្យ (​គ្រូ​ចាំទី​) លោក ហៃ សា​គី​រី លោក ស្រ៊ាង ប៊ុណ្ណា (​គ្រូពេទ្យ​)​។​

​កីឡាករ​៖ សឿ​យ វិសាល​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ហួយ ផល្លី​ន​, សំអឿន ពិដោរ​, ណុប តុលា​, នេន សុធា​រ័ត្ន​, សុក សំណាង (​ព្រះខ័ន​រាជ​ស្វាយរៀង​) អ៊ុំ សេរីរ​ត្ន័​, ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​, ឡេង មករា​, សុខ សុវណ្ណ​, ឃួន ឡា​បូ​រ៉ាវី​, ឈុន សុធា​រ័ត្ន​, ហុង ផេង (​បឹងកេត​អង្គរ​), ប្រាក់ មុន្នី​ភា​រុណ​, ទិ​ត្យ ឌី​ណា​, ស៊ុន វណ្ណ​ដេ​ត (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​) គួច សុគ​ម្ភៈ​, សុខ រិទ្ធី​, សុះ ស៊ូ​ហា​ណា​, ង​យ ស្រ៊ី​ន (​ណាហ្គា​វើ​ល​)៕


© រក្សាសិទ្ធិដោយ thmeythmey.com