ជាតិ
សង្គមជាតិ
មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍​កំពុង​បង្ក​ភាពអនាធិបតេយ្យ​ក្នុង​តំបន់​អង្គរ?
22, Mar 2016 , 2:24 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ ក្រុម​មគ្គុទ្ទេសក៍​ទាំង​មាន​អាជ្ញា​បណ្ណ និង​គ្មាន​អាជ្ញា​បណ្ណ ឫ​ហៅ​មគ្គុទ្ទេសក៍​សេះ​ហោះ នៅក្រោម​ដើម​ពោធិ៍​មុខ​ប្រាសាទអង្គរវត្ត កំពុង​បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​តំបន់​អង្គរ។ ពួកគេ​ទាំងនោះ បាន​ឈរ​ចាប់​ភ្ញៀវ ដែល​មកជា​លក្ខណៈ​ឯកជន ហើយជារឿយៗ តែ​ងបង្កជម្លោះ​នឹង​ភ្ញៀវទេសចរ​ដោយ​ប្រការផ្សេងៗ ។



ជាច្រើន​ឆ្នាំ​មកហើយ ដែល​កើតមាន​ក្រុម​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍។ ប៉ុន្តែ​គេ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ពី​អាជ្ញាធរ ទៅលើ​ក្រុម​ទាំង​នោះឡើយ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​កើតមាន​បញ្ហា​មួយចំនួន​ដល់​ភ្ញៀវទេសចរ។ បញ្ហា​រួមមាន ការបង្ខំ​ភ្ញៀវ​ដើរ​ជាមួយ កាប់​ភ្ញៀវ​ស៊ី (តម្លៃ​ពេល​និយាយ​ផ្សេង ពេល​ទារ​ផ្សេង​ក្នុងតម្លៃ​ខ្ពស់) ជាពិសេស​នោះ មគ្គុទ្ទេសក៍​ដែល​គ្មាន​អាជ្ញា​បណ្ណ ពួកគេ​មិនបាន​ស៊ីជម្រៅ​ទៅនឹង​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​អង្គរ​នោះទេ គឺ​ពួកគេ​ចេះតែ​និយាយតៗគ្នា​តែប៉ុណ្ណោះ។

ការ​បើកដៃ​ឲ្យ​មាន​មគ្គុទ្ទេសក៍​គ្មាន​អាជ្ញា​បណ្ណ​មាន​សិទ្ធិ​នាំ​ភ្ញៀវ​ដើរ គឺ​មិនមាន​ភាពស្មើគ្នា។ មគ្គុទ្ទេសក៍​មាន​អាជ្ញា​បណ្ណ ខំ​រក​ទីផ្សារ​ខ្លួនឯង ដើម្បី​ឲ្យ​បាន​ក្លាយជា​មគ្គុទ្ទេសក៍​ពេញសិទ្ធិ​នៅក្នុង​ក្រុមហ៊ុន​ទេសចរណ៍។ ចំណែក​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍ ដែល​គ្មាន​អាជ្ញា​បណ្ណ មិនបាន​ឆ្លងកាត់​សាលា​បណ្តុះបណ្តាល និង​ឈរ​ចាប់​ភ្ញៀវ​រញ៉េរញ៉ៃ ដែល​បង្ក​ភាព​អ​សណ្តាប់ធ្នាប់​នៅមុខ​អង្គរ។ នេះ​ជាការ​យល់ឃើញ​របស់លោក រស់ សណ្តាន ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ជនជាតិខ្មែរ​និយាយ​ភាសា​រុស្ស៊ី។ លោក សណ្តាន បន្តថា​សកម្មភាព​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍ បានធ្វើ​ឲ្យ​មាន​រូបភាព​មិនល្អ និង​ប៉ះពាល់​ដល់​មគ្គុទ្ទេសក៍​ផ្សេងទៀត។

លោក សណ្តាន បន្ថែមថា៖ «បើ​និយាយ​ពី​រឿង​ស្លែ​វិញ វា​ដុះ​ជិត២ម៉ែត្រ​ហើយ។ វា​យូរយារ​មកហើយ​អា​រឿង​ហ្នឹង នៅតែ​ខាង​ប៉ូលិស នៅតែ​ខាង​មន្ទីរជំនាញ​ធ្វើ​អត់​បាន ព្រោះថា​នៅពេល​ចុះទៅ​ចាប់ អត់​ឃើញ តែ​ពេល​ប៉ូលិស​ត្រឡប់មកវិញ គឺ​ចេញ​មគ្គុទ្ទេសក៍​នោះមក​វិញ។ ចឹ​ង​ខ្ញុំ​គិតថា ប្រហែល​មាន​អ្នកណា​គេ​ឲ្យ​ព័ត៌មាន ឫ​ក៏មាន​អ្នកណា​គេ​ខ្សឹប​ដាក់​មេក្រូ​ប្រាប់...»។ លោក សណ្តាន ស្នើ​ឲ្យ​មានការ​ដោះស្រាយ និង​រឹតបន្តឹង​លើ​បញ្ហា​នេះ ដើម្បី​លុបបំបាត់​មគ្គុទ្ទេសក៍​កាប់​ភ្ញៀវ និង​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍​ឲ្យ​អស់ពី​តំបន់​អង្គរ។


ដូចគ្នានេះ លោក យឿ​ង វ៉ាន់​យុង ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន-កម្ពុជា ក៏​មិន​គាំទ្រ​ឲ្យ​មាន​មគ្គុទ្ទេសក៍​គ្មាន​អាជ្ញា​បណ្ណ​ក្នុង​តំបន់​អង្គរ​ផងដែរ។ យ៉ាងណា លោក យុង យល់ថា វិស័យ​ទេសចរណ៍ គឺជា​ទីផ្សារសេរី ដែល​ពេលខ្លះ​មាន​ក្រុម​មគ្គុទ្ទេសក៍ ឈរ​ចាប់​ភ្ញៀវ​ដោយ​ខ្លួនឯង ដោយ​មិនបាន​ជ្រកកោន​ក្រោម​ស្លាក​ក្រុមហ៊ុន​ទេសចរណ៍។ លោក យុង​បន្ថែម «វា​ពិបាក​ដែរ ក្រុមហ៊ុន​ទេសចរណ៍​ខ្លះ​ទាល់តែ​ប្រើ​ខ្សែ​ទើបបាន​ចូល ទើប​មាន​មគ្គុទ្ទេសក៍​ខ្លះ គាត់​សម្រេចចិត្ត​រក​ភ្ញៀវ​ដោយ​ខ្លួនឯង»។ ត្រង់ចំណុច​នេះ​លោក យុង ចង់​សំដៅ​តែ​មគ្គុទ្ទេសក៍​ដែលមាន​អាជ្ញា​បណ្ណ​តែប៉ុណ្ណោះ សម្រាប់​មគ្គុទ្ទេសក៍​ដែល​គ្មាន​អាជ្ញា​បណ្ណ ដែល​លោក យុង ហៅថា មគ្គុទ្ទេសក៍​សេះ​ហោះ ឫ​មគ្គុទ្ទេសក៍​ងងឹត​នោះ លោក​ថា មិនគួរ​ឲ្យ​មាននៅ​តំបន់​អង្គរ​នោះទេ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប ក៏​មិន​គាំទ្រ​ឲ្យ​មាន​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍​នោះដែរ។ លោក ផាវ ព្រឿ​ន អះអាងថា មគ្គុទ្ទេសក៍​ដែល​គ្មាន​អាជ្ញា​បណ្ណ គឺ​មិនមាន​ចំណេះដឹង​ខាង​ប្រវត្តិសាស្ត្រ​ត្រឹមត្រូវ ចង់​មិន​ចង់ គឺ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​វប្បធម៌​ជាតិ​មួយចំណែក​ទៅហើយ។ លោក​បន្តថា៖« គាត់​ចេះតែ​និយាយ​ឲ្យ​តែ​បាន​លុយ មិន​ច្បាស់​ពី​ប្រវត្តិសាស្ត្រ ហើយ​វា​អាចធ្វើ​ឲ្យ​មគ្គុទ្ទេសក៍​ផ្សេង​បាត់​អាជីព។ ខ្ញុំ​គិតថា មិនគួរ​ឲ្យ​មាន​ទេ វា​បង្ហាញ​ពី​ការគ្រប់គ្រង​មិនបាន​ល្អ ដែល​កន្លែង​បេតិកភណ្ឌ​ពិភពលោក​ទាំងមូល បណ្តោយ​ឲ្យ​មាន​ករណីនេះ​កើតឡើង។ ខ្ញុំ​សង្ឃឹមថា មន្ទីរ​គួរ​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា ជាមួយ​ខាង​ប៉ូលិស ដើម្បី​ដោះស្រាយ​រឿងនេះ មិនត្រូវ​បណ្តោយ​ទៀត​ទេ»។

តាម​ការបញ្ជាក់​ពី ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប គឺ​ធ្លាប់មាន​ការចោទប្រកាន់​ថា​ខាង​ប៉ូលិស ជា​អ្នក​ឃុបឃិត​លើ​ការអនុញ្ញាត​ឲ្យ​មាន​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍ ឫ​មគ្គុទ្ទេសក៍​គ្មាន​អាជ្ញា​បណ្ណ មាន​សិទ្ធិ​នាំ​ភ្ញៀវ​ដើរ​ក្នុង​តំបន់​អង្គរ ប៉ុន្តែ​លោក ព្រឿ​ន យល់ថា វា​កើតឡើង​ដោយសារ​ការ​គេចវេស​របស់​មគ្គុទ្ទេសក៍​ច្រើនជាង។ ផ្ទុយ​ពីនេះ លោក រស់ សណ្តាន បែរជា​គិតថា វា​បណ្តាលមកពី​ការឃុបឃិត​គ្នា រវាង​មគ្គុទ្ទេសក៍ ជាមួយ​ក្រុម​អ្នក​ឆែក​សំបុត្រ ប៉ូលិស​បេតិកភណ្ឌ និង​ប៉ូលិស​ទេសចរណ៍ ជា​អ្នក​បោះដៃ​ឲ្យ​គ្នា។

ក្រុម​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍​ខ្លះ​ស្លៀក​ឯកសណ្ឋាន​ជា​មគ្គុទ្ទេសក៍ និង​ខ្លះទៀត​ដែល​គ្មាន​អាជ្ញា​បណ្ណ គឺ​ស្លៀកពាក់​ធម្មតា។ ខេត្តសៀមរាប មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ​ជាង៣ពាន់​នាក់ ហើយ​ក្រុម​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍​មាន​ប្រមាណ​ជាង១០នាក់ ដោយ​មិន​រាប់បញ្ចូល​អ្នក​ចល័ត​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​អង្គរ មាននៅ​កន្លែង​អុជ​ធូប​ជាដើម​នោះទេ។ បើ​យោងតាម​ការអះអាង​រប​ស់​មគ្គុទ្ទេសក៍​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក្រុម​មគ្គុទ្ទេសក៍​ក្រោម​ដើម​ពោធិ៍​ទាំង​មាន​អាជ្ញា​បណ្ណ និង​គ្មាន ត្រូវ​បង់​កំរៃ​ដល់​ប៉ូលិស​ក្នុង​មួយថ្ងៃ ២ដុល្លារ​ជាប្រចាំ​ជា​ថ្នូរ​នឹង​ការ​មាន​សិទ្ធិ​ឈរ​ចាប់​ភ្ញៀវ​នៅមុខ​អង្គរ បើទោះជា​ថ្ងៃ​ខ្លះ ពួកគេ​គ្មាន​ភ្ញៀវ​ដើរ​ក៏ដោយចុះ៕








Tag:
 មគ្គុទ្ទេសក៍ទេសចរណ៍
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com