កីឡាជាតិ
ជាតិ
ការប្រកួត «​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​»​ជា​យុទ្ធនា​ការពង្រឹង​អ្នកខ្លាំង​សម្រាប់​ស៊ី​ហ្គេម​
23, Mar 2016 , 9:59 pm        
រូបភាព
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នា​សន្និសីទ​សារព័ត៌មាន​«​ការប្រកួត​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត ២០១៦» កាលពី​ថ្ងៃទី​២២ ខែមីនា នៅ​ទីស្នាក់ការ NOCC បាន​មានប្រសាសន៍ថា ដោយសារ​កម្ពុជា​ទទួល​បាន​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ NOCC បានសម្រេច​ដាក់​កីឡា​ដែលជា​អត្តសញ្ញាណ​ជាតិ​«​អុកចត្រង្គ​» ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លក្ខណៈពិសេស​។​



​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានសម្រេច​ដាក់​កីឡា​ដែលជា​អត្តសញ្ញាណ​ជាតិ​    ​«​អុកចត្រង្គ​»​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ខ្លាំង​ឡើង ជាពិសេស​ដើម្បី​អភិវឌ្ឍន៍ និង​អភិរក្ស​កីឡា​មួយ​នេះ​ឲ្យ​មាន​ភាព​គង់វង្ស និង​ដើម្បី​ឲ្យ​កីឡា​មួយ​នេះ​ជ្រួល​ជ្រាប​ទៅ​ប្រទេស​ដ៏​ទៃ​ផ្សេងៗ​ទៀត​។ នេះ​បើ​យោងតាម លោក វ៉ា​ត់ ចំរើន នា​សន្និសីទ​សារព័ត៌មាន​«​ការប្រកួត​កីឡា​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត ២០១៦» កាលពី​ថ្ងៃទី​២២ ខែមីនា នៅ​ទីស្នាក់ការ NOCC​។



​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ការដាក់បញ្ចូល​កីឡា​អុកចត្រង្គ​នេះ​វា​ច្បាប់​របស់​ស៊ី​ហ្គេម ប៉ុន្តែ​មិនមែន​ដាក់​ឲ្យ​ប្រកួត​ទូទៅ​នោះទេ ជាការ​ប្រកួត​លក្ខណៈពិសេស​ដោយឡែក​សម្រាប់​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់ថា​៖«​នៅក្នុង​ច្បាប់​របស់​ស៊ី​ហ្គេម​ម្ចាស់ផ្ទះ​មាន​សិទ្ធ​ដាក់​កីឡា​ប្រពៃណី​របស់ខ្លួន​ដាច់ដោយឡែក ដូច្នេះ​យើង​ដាក់​កីឡា​អុកចត្រង្គ​នេះ​មួយ ឫ​ឯ​ក្បាច់គុន​បុរាណ​ខ្មែរ ឫ​គុន​ខ្មែរ​នោះ​យើង​នឹងដាក់​ប្រកួត​ក្នុង​កម្មវិធី​ធំ​តែម្តង​។ កីឡា​អុកចត្រង្គ​នេះ យើង​ដាក់​ក្នុង​កម្មវិធី​ប្រកួត ប៉ុន្តែ​ជា​កម្មវិធី​ប្រកួត​ពិសេស មិនមែនជា​ការប្រកួត​ទូទៅ​នោះទេ​»​។



​លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បន្ថែមថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក ហ៊ុន ម៉ា​នី ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុងការ​រៀម​ចំ​កម្មវិធី​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៦ ដែល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹងដាក់​ឲ្យ​មានការ​ប្រកួត និង​សម្តែង​កីឡា​វប្បធម៌ ប្រពៃណី ចំនួន​២​ប្រភេទ គឺ អុកចត្រង្គ និង​ក្បាច់គុន​ល្បុក្កតោ​។ គិត​ត្រឹម​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ មាន​កីឡាករ​ទូទាំងប្រទេស​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​ចំនួន​ជាង ៦០​នាក់ ប៉ុន្តែ​លោក​សង្ឃឹមថា នឹង​ទទួលបាន​អ្នកចូលរួម​ជាង​១០០​នាក់​សម្រាប់​ឆ្នាំនេះ​។ ក្នុងចំណោម​៦០​នាក់​នោះ​ក៏មាន​វត្តមាន​អតីត​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៥ ផងដែរ​។ កីឡាករ​ទាំងនេះ​នឹង​ចាប់ផ្តើម​ធ្វើការ​ប្រកួត​ជម្រុះ​៤​ថ្ងៃ នៅ​ទីស្នាក់ការ NOCC ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែមេសា ខណ់ៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្តទៅ​នៅមុខ​ប្រាសាទអង្គរវត្ត ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា​។



​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បានប្រកាសថា សម្រាប់​ការប្រកួត​ឆ្នាំនេះ​មាន​លក្ខណៈខុស​ប្លែង​ពី​ឆ្នាំមុន​ដោយមាន​ការកែប្រែ​លក្ខខណ្ឌ​ប្រកួត​មួយចំនួន​ឲ្យ​ស្របតាម​ចំណង់​ចំ​ណួ​ល​ចិត្ត​របស់​អ្នកលេង ហើយ​សម្រាប់​ប្រាក់​លើកទឹកចិត្ត​ក៏មាន​ខុសប្លែក​ផងដែរ​។ លោក​រៀបរាប់ថា​៖«​ចំណុច​សំខាន់​ក្នុងឆ្នាំនេះ​គឺ​យើង​មានការ​កែប្រែ​បទបញ្ជា​ការប្រកួត​មួយចំនួន​ឲ្យ​ត្រូវ​ទៅនឹង​ចំណង់​ចំណូលចិត្ត​របស់​បងប្អូន​អ្នកលេង ព្រោះ​របៀប​លេងអុក​របស់​យើង​មាន​ក្បួនខ្នាត​ត្រឹមត្រូវ មានការ​សរសេរ​ឯក​សារ​ពី​ក្រសួង​វិចិត្រសិល្បៈ​គោល ប៉ុន្តែ​យើង​បាន​បំ​ឡែ​ង​វា​ទៅជា​ល្បែង​កីឡា មានន័យថា យើង​បានកំណត់​ពេលវេលា​នៃ​ការ​ឈ្នះ​ចាញ់​ទោះបីជា​អាប់​ក្រឡា​ក៏ដោយ​»​។

​សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ម្ចាស់​ជើងឯក​ទទួលបាន ១២​លាន​រៀល ឫ​ឯ​ម្ចាស់​ជើងឯក​រង​ទទួលបាន ៨​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន ៤​លាន​រៀល ប៉ុន្តែ​សម្រាប់​រង្វាន់​លើកទឹកចិត្ត​នេះ​ត្រូវ​លោក វ៉ា​ត់ ចំរើន អះអាងថា នឹង​អាចមាន​ការកែប្រែ ព្រោះ​ចំនួន​វា​ជា​ទឹកប្រាក់​កំពុងស្ថិត​ក្នុង​ដៃ ព្រោះ លោក នឹង​ខិតខំ​ស្វែងរក​អ្នក​ជួយ​បន្ថែមទៀត​។



​ទន្ទឹម​នឹងមាន​អ្នកចូលរួម​យ៉ាង​ផុសផុល​សម្រាប់​ការចុះ​ចូលរួម​ប្រកួត​របស់​កីឡាករ​ក៏ដោយ ប៉ុន្តែ លោក​អនុរដ្ឋលេខាធិការ​រូបនេះ បាន​អំពាវនាវ​រកប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​បន្ថែម​ផងដែរ ដោយ​លោក​បាន​បញ្ជាក់ថា ប្រសិនបើ ឯកឧត្តម លោក​ឧកញ៉ា អស់លោក លោកស្រី ទាំង​អស់ចង់​ជួយឧបត្ថម្ភ​មេត្តា​ទាក់ទង​ទៅខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ផ្ទាល់ ជាពិសេស​លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត​ទាំងអស់​ដែលមាន​សមត្ថភាព​សូម​ទៅ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ទាំងអស់គ្នា ការធ្វើ​បែបនេះ​ក្នុង​គោលបំណង ដើម្បី​កុំ​ឲ្យ​មានការ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​អុកចត្រង្គ​៕ 


Tag:
 ​អុកចត្រង្គ
  អង្គ​សង្ក្រាន្ត
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com