ពីនេះ ពីនោះ
ជំងឺ​សង្គម ពេលណា​ទើប​ដោះស្រាយ​?
25, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កិច្ចសន្យា​សង្គម គឺ​ដើម្បី​ផ្ទេរសិទ្ធិ​សម្រេច ការដឹកនាំ ការគ្រប់គ្រង និង​ការធានា​សុខ​សុវត្ថិភាព ទៅ​ឲ្យ​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយក្រុម​ជា​អ្នកទទួលខុសត្រូវ​។ ការផ្ទេរសិទ្ធិ​មូលដ្ឋាន​ដែល​ផ្ដល់​ឲ្យ​ដោយ​ធម្មជាតិ​នេះ នាំ​ឲ្យ​បង្កើតជា​ស្ថាប័ន​ដឹកនាំ​រដ្ឋ​មួយ នោះ​ហៅថា​រដ្ឋ ដែលមាន​អ្នកគ្រប់គ្រង អ្នកការពារ មានច្បាប់ ដើម្បី​ធានា​សន្តិសុខ​នៅក្នុង​សង្គម ដោះស្រាយ​បញ្ហា​សង្គម​។



​ប៉ុន្តែ​ការផ្ទេរសិទ្ធិ​នេះ​មិនមែន​មានន័យថា ផ្ដល់​ឲ្យ​ទាំងស្រុង​នោះទេ តែ​ជា​កិច្ចសន្យា​ដែល​តម្រូវ​ភាគី​ទាំងសងខាង​គឺ​រដ្ឋ និង​រាស្ត្រ​ត្រូវតែ​បំពេញ​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។ បើជា​ការបំពេញ​ឲ្យ​គ្នា នោះ​គឺ​មានន័យថា រដ្ឋ និង​រាស្ត្រ​ត្រូវតែមាន​សហប្រតិបត្តិកា​រណ៍​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​ធាតុ របស់​រដ្ឋ​។

​យ៉ាងណា​ម៉ិ​ញ តួនាទី​របស់​ចៅក្រម និង​មន្ត្រី​ទាំងឡាយ​របស់​រដ្ឋ ស្មើនឹង​សន្លាក់​ដែល​ត​ភ្ជាប់​ឆ្អឹង គឺមាន​តំណែង​តួនាទី​របស់​មន្ត្រី​តាំងពី​ថ្នាក់ក្រោម​ជាតិ រហូតដល់​ថ្នាក់ជាតិ ដើម្បី​មើល​ការខុសត្រូវ​ត្រូវ​បញ្ហា​ជាតិ បញ្ហា​សង្គម​។ បញ្ហា​សង្គម​តូច​ដោះស្រាយ​តាម​តូច បញ្ហា​ធំ​ដោះ​តាម​ធំ ហើយ​បើ​បញ្ហា​នោះ​កើតឡើង​ប៉ះចំ​ស្ថាប័ន​ណា ស្ថាប័ន​នោះ​ត្រូវតែ​ចេញមុខ​ដោះស្រាយ មន្ត្រី​រដ្ឋ​ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ​ទៅតាម​មុខនាទី​របស់ខ្លួន ព្យាយាម​ដោះស្រាយ​ឲ្យ​អស់ពី​សមត្ថភាព​។ ប៉ុន្តែ​ហេតុអ្វី​បានជា​មន្ត្រី​មួយចំនួនធំ​ចូលចិត្ត​ទុក​បញ្ហា​ទាំងនេះ  ឲ្យ​ក្លាយជា​ជំងឺមហារីក ដែល​ពិបាក​ព្យាបាល​ទៅវិញ​?

​ទីប្រឹក្សា​ស្មើនឹង​ការចងចាំ ចុះ​ហេតុអ្វី​មាន​ទីប្រឹក្សា​មួយចំនួន ចូលចិត្ត​ផ្ដល់យោបល់​ឲ្យ​ចៅហ្វាយ​របស់ខ្លួន ធ្វើបាប​រាស្ត្រ បំផ្លាញ​រដ្ឋ​ទៅវិញ​។ ចំណែក​ការលំបាក​របស់​រាស្ត្រ គឺ​ស្មើនឹង​ជំងឺរបស់​រដ្ឋ ចុះ​ហេតុអ្វី​មន្ត្រី​រដ្ឋ​នៅ​បន្តធ្វើ​មិនឃើញ​? សង្គ្រាមស៊ីវិល ស្មើនឹង​សេចក្ដីស្លាប់​របស់​រដ្ឋ ព្រោះ​សង្គ្រាមស៊ីវិល វា​ជា​ដំណើរ​ដែល​ប្រជាជាតិ​នៅក្នុង​រដ្ឋ​ខ្លួន ធាតុ​របស់​រដ្ឋ សម្លាប់​គ្នាឯង​។ ប៉ុន្តែ​អ្នកនយោបាយ​ចូលចិត្ត​បង្កើត​ជម្លោះ​នយោបាយ ជម្លោះ​មនោគមវិជ្ជា​នយោបាយ​ទៅវិញ​។

​បុគ្គល​មួយរូប​ដែល​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់ខ្លួន និង​ត្រូវបាន​បង្កើតឡើង​ដោយ​ឯកភាពគ្នា​រវាង​មនុស្ស​ក្នុងសង្គម ប្រៀប​បានជា​អាទិទេព​នៅ​លើ​ផែនដី តែ​មិនមែនជា​អាទិទេព​។  ចំណែកឯ អំណាច​កំពូល​របស់​រដ្ឋ គឺ​ស្មើនឹង​ព្រលឹង​របស់​រដ្ឋ​។ ប្រសិនបើ​រដ្ឋ មួយ​គ្មាន​អំណាច​នោះទេ ការស្លាប់​រស់ របស់​រដ្ឋ​ក៏ត្រូវ​ប្រឈម​ជាមួយ​ហានិភ័យ​គ្រប់ពេលវេលា​ផងដែរ​។ យ៉ាងណា​ម៉ិ​ញ ជំងឺ​របស់​សង្គម​បើសិន​មិន​ព្រម​ដោះស្រាយ​ដោយ​ការទទួលខុសត្រូវ​លើ​គ្រប់​វិស័យ​ទេ  ហេតុ​និង​ផល​គឺ​នៅតែ​ដដែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com