កីឡាជាតិ
ជាតិ
កម្ពុជា​ដណ្តើមបាន​មេដាយមាស​ចំនួន​៨​ហើយពី​ការប្រកួត​នៅ ថៃ​
25, Mar 2016 , 10:11 am        
រូបភាព
ដោយ:
 
​បន្ទាប់ពី​ប្រកួត​អស់​រយៈពេល​៦​ថ្ងៃ​កន្លងមក​គិត​ត្រឹម​ម៉ោង​៤ ថ្ងៃទី​២៤ ខែមីនា នេះ  អត្ត​ព​លិ​ក​កម្ពុជា​ទទួល​មេដាយមាស​ចំនួន​៨ លើ​ប្រភេទ​កីឡា​វាយ​សី  វាយ​កូនឃ្លី​លើ​តុ និង​ក្រុមបាល់ទាត់ U-19 ពី​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់ Goodwill Mekong Games លើក​ទី​១២  ដែល​រៀបចំ​នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។  

 
​ក្រុម​កីឡាករ​កីឡាការិនី​កម្ពុជា ទទួលបាន​មេដាយមាស​ចំនួន​៧​ពី​ព្រឹត្តិការណ៍ 12th Good will Mekong Game បើ​គិត​ត្រឹម​ម៉ោង​៤ ថ្ងៃទី​២៤ ខែមីនា នេះ ក្នុងនោះ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ រកបាន​មេដាយមាស​ចំនួន​១ បន្ទាប់ពី​យកឈ្នះ​ក្រុម U-19 ឡាវ ៥-១ ថ្ងៃនេះ​។ មុននឹង​ឈ្នះ​ក្រុម​ឡាវ​នេះ U-19 កម្ពុជា បាន​បំបាក់ U-19 មី​យ៉ាន់​ម៉ា ៧-០ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ និង​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ U-19 ថៃ ៣-៣ កាលពី​ថ្ងៃ​អង្គារ​ទី​២២ ខែមីនា​។​
 
​សម្រាប់​ការប្រកួត​កីឡា​វាយ​សី កម្ពុជា បានឈ្នះ​មេដាយមាស​ចំនួន​៤ នៅលើ​វិញ្ញាសា​វាយ​ទោល​នារី វាយ​ទោល​បុរស វាយ​គូ​បុរស និង​វាយ​គូ​ចម្រុះ​។ ចំណែក​ការប្រកួត​វាយ​កូនឃ្លី​លើ​តុ​ជា​គូទ​ទួលបាន​មេដាយមាស​១​បន្ថែមទៀត​បន្ទាប់ពី​យ​ក​ឈ្នះ​ឡាវ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​សម្រេចបាន​ដោយ​កីឡាករ សឹ​ន តុលា និង​សំណាង​វិ​រៈ​បុត្រ​។   
 
 
​បន្ថែម​លើ​នេះ កាលពី​ថ្ងៃទី​២៣ ខែមីនា ម្សិលមិញ​នេះ កម្ពុជា​បាន​យកឈ្នះ​មេដាយមាស​ចំនួន​២​លើ​វិញ្ញាសា​វាយ​កូនឃ្លី​លើ​តុ​ជា​ក្រុម និង​ការប្រកួត​កីឡា​ប៉េតង់​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​។​
 
​ជាមួយគ្នានេះ ក្រៅពី​មេដាយមាស កម្ពុជា ក៏​ដណ្តើមបាន​មេដាយប្រាក់​៣ និង​សំរឹទ្ធ​២​ផងដែរ​។ ក្នុងនោះ​វិញ្ញាសា​វាយ​កូនឃ្លី​លើ​តុ​ឯកត្តជន​រកបាន​មេដាយប្រាក់​១ ដោយ​កីឡាករ សំណាង វិ​រ​:​បុត្រ ក្រោយពី​ចាញ់​ឡាវ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​, វិញ្ញាសា​វាយ​គូ​ចម្រុះ​លើ​ការប្រកួត​ប៉េតង់​១ និង​វិញ្ញាសា​វាយ​សី​ជា​គូ​ផ្នែក​នារី​១​។  ចំណែក​មេដាយ​សំរឹទ្ធ​២ បានមកពី​វិញ្ញាសា​ប្រកួត​ប៉េតង់​វាយ​គូ​ចម្រុះ​១ និង​ក្រុមកីឡា​សី​ប៉ា​ក់តា​ក្រ​១ ក្រោយពី​ឈ្នះ​ម្ចាស់ផ្ទះ​ថៃ​២​សិត​។​
 
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់ Goodwill Mekong Games ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំឆ្នាំ​មួយ​រវាង​ប្រទេស​ដែល​នៅជាប់​ដង​ទន្លេមេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​ថៃ នេះ​ជា​លើក​ទី​១២​ហើយ​សម្រាប់​ការប្រកួត​នេះ​៕  
    

Tag:
 Goodwill Mekong Games
© រក្សាសិទ្ធិដោយ thmeythmey.com