អន្តរជាតិ
សត្វ​សមុទ្រ​ដែល​រស់រាន​ពី​គ្រោះ​រលក​យក្ស​ស៊ូណាមិ​ត្រូវ​បានដាក់​បង្ហាញ​នៅ​សួន​ត្រី​ក្នុង​ស​.​រ​.​អា​
29, Mar 2016 , 7:39 am        
រូបភាព
ដោយ: VOA
​ញូ​វ​ផត (​ស​.​រ​.​អា​)៖ នៅក្នុង​ខែមីនា​កាលពី​ប្រាំ​ឆ្នាំមុន ប្រទេស​ជប៉ុន​បាន​រង​ការ​រង្គោះរង្គើ​ដោយ​គ្រោះ​រញ្ជួយ​ដី​យ៉ាង​ធំ​បំផុត​ដែល​មិន​ធ្លាប់​កើតមាន​មកលើ​ប្រទេស​ដី​កោះ​មួយ​នេះ​។ គ្រោះ​រញ្ជួយ​ដី​នោះ ដែល​បង្ក​ឲ្យ​កើតមាន​រលក​យក្ស​ស៊ូណាមិ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៥.០០០​នាក់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រេ​អា​ក់ទ័រ​នុយក្លេអ៊ែរ​មួយចំនួនទៀត​។ នៅ​ស្រប​ពេលដែល​ទឹកបាន​ហូរ​ត្រឡប់​ទៅ​សមុទ្រ​វិញ វា​ក៏បាន​បោកបក់​នាំយក​កម្ទេចកម្ទី​រាប់សិប​លាន​តោន​មក​ទើរ​លើ​ច្រាំង​របស់​ស​.​រ​.​អា​ផងដែរ ចាប់តាំងពី​ពេលនោះ​មក​។ នៅពេលដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​ទៅលើ​កម្ទេចកម្ទី​ទាំងនោះ ពួកគេ​បាន​រកឃើញ​សត្វ​ត្រី​ក៏ដូចជា​ពូជ​សត្វ​សមុទ្រ​ដទៃទៀត ដែលមាន​លក្ខណៈ​មិនធម្មតា និង​អាចមាន​គ្រោះថ្នាក់​ទៀតផង​។​



​កម្ទេចកម្ទី​សល់​ពីរ​លក​យក្ស​ស៊ូណាមិ​ពី​ប្រទេស​ជប៉ុន​បានចាប់ផ្តើម​បោកបក់​មកលើ​តំបន់ឆ្នេរ​ភាគ​ខាងលិច​របស់ ស​.​រ​.​អា នៅក្នុង​ឆ្នាំ ២០១២ ហើយ​កម្ទេចកម្ទី​ទាំងនោះ​នៅតែ​បន្ត​បោកបក់​មកជា​បន្តបន្ទាប់​។ ប៉ុន្តែ​ពពួកសត្វ​មានជីវិត​មួយចំនួន​ក៏បាន​បោកបក់​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មកជា​មួយ​ដែរ​។ សត្វ​ត្រី និង​ពូជ​សត្វ​សមុទ្រ​ដទៃទៀត​ពី​ដែនទឹក​ប្រទេស​ជប៉ុន បាន​រសាត់​មកជា​មួយ​កម្ទេចកម្ទី​ធំៗ​មួយចំនួន​ដែល​អណ្តែត​លើទឹក​។ សត្វ​សមុទ្រ​ទាំងនោះ​មួយចំនួន​ត្រូវបាន​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ នៅឯ​សួន​ត្រី Oregon Coast Aquarium ទី​ដែល​នាង Evonne Mochon Collura ធ្វើជា​ជំនួយការ​នៃ​អ្នកគ្រប់គ្រង​សួន​ត្រី​មួយ​នេះ​។​

​នាង Mochon Collura បាន​និយាយថា​៖ «​ពួក​ត្រី​ទាំងនេះ​កំពុងតែ​ហែល​យ៉ាង​ព្រងើយ​នៅក្នុង​គុម្ព​សា​រ៉ា​យ​សមុទ្រ​នាពេលនេះ​»​។​

​លោក Tom Banse និយាយថា​៖ «​ពួកវា​មើលទៅ​ដូច​មាន​អារម្មណ៍​កំពុង​នៅក្នុង​កន្លែង​ដែល​ពួកគេ​ធ្លាប់​រស់នៅ​អញ្ចឹង​។ ចូរ​មើលទៅ​ពួកវា​ចុះ ពួកវា​មើលទៅ​រាង​ចម្លែក​បន្តិច​។ មើលទៅ​មិន​ដូច​ត្រី​នៅ​តំបន់​ត្រូពិច​ប៉ុន្មាន​ទេ ប៉ុន្តែ​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ ហើយ​មើលទៅ​មាន​សុខ​ភាពល្អ​ទៀត​»​។​

​នាង Mochon Collura បាន​បន្តថា​៖ «​ពួកវា​មាន​បណ្តុំ​ខ្សែ​ឆ្នូត​ដ៏​ស្អាត​លើ​ដងខ្លួន​របស់​វា គឺ​បណ្តុំ​ខ្សែ​ឆ្នូត​វែង​បញ្ឈរ​ត្រង់ ដែល​ប្តូរ​ពី​ពណ៌​ទឹកប្រាក់ ទៅ​ពណ៌​ខ្មៅ​»​។​

​តាម​លក្ខណៈ​សណ្ឋាន​រប​ស់​ពួកវា ត្រី​សមុទ្រ​ទាំងនោះ​ត្រូវបាន​ហៅថា ប្រភេទ​ត្រី Beakfish ដែលមាន​បណ្តុំ​ខ្សែ​ឆ្នូត​។​

​នៅក្នុង​អាងទឹក «Open Sea» ដែលមាន​ទំហំ​ធំ​ជាង មាន​សត្វ​សមុទ្រ​មួយចំនួន​ដែល​ទើបតែ​មកដល់​ថ្មី​។ ពួកវា​ជា​ប្រភេទ​ត្រី​រាង​មូល​វែង មាន​ទំហំ​ធំ ខ្លួន​ពណ៌​ទឹកប្រាក់ និង​មាន​កន្ទុយ​ញែក​ចេញពី​គ្នា​ពណ៌​លឿង​។​

​នាង Mochon Collura បាន​និយាយថា «...​អ្នកនឹង​ឃើញ​ហ្វូង​ត្រី​មាន​ចំនួន​តិចជាង​នេះ តែ​ពួកវា​មាន​ទំហំ​ធំ​ជាង ដែល​ពួកគេ​កំពុងតែ​ស្ថិតនៅ​កៀក​ជិតគ្នា​។ ត្រី​ទាំងនោះ​ជា​ប្រភេទ​ត្រី​ធូ​ណា​ពណ៌​លឿង​»​។​

​បុគ្គលិក​សួន​ត្រី​បាន​ជួយសង្គ្រោះ​សត្វ​ត្រី​ប្រភេទ Jacks ជាង​ដប់​ក្បាល និង​ត្រី​ប្រភេទ Beakfish មួយ​ក្បាល​ចេញពី ទូក​ដ៏​រិច​រិល​មួយ​កាលពី​ខែមេសា​ឆ្នាំមុន​។ បំណែក​ទូក​មាន​កញ្ចក់​ការពារ​ដែល​បាន​លិច​ពាក់កណ្តាល និង​គ្រប់​ដណ្តប់​ដោយសា​រ៉ា​យ​សមុទ្រ គឺជា​ផ្នែក​ខាងមុខ​នៃ​ទូក​នេសាទ​ដែលមាន​ប្រវែង​ប្រហែល​១៥ ម៉ែត្រ​។ បំណែក​នេះ​ហាក់ដូចជា​បាន​អណ្តែត​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ និង​រលក​យក្ស​ស៊ូណាមិ​នៅក្នុង​ឆ្នាំ​២០១១ ហើយ​បាន​នាំមក​ជាមួយ​នូវ​ត្រី​មានជីវិត​នៅក្នុង​នោះ​។​

«​យើង​មិនដឹងថា ពួក​ត្រី​ទាំងនោះ​មាន​អាយុ​ប៉ុន្មាន​ទេ​។ យើង​ក៏​មិនដឹងថា ពួកវា​ស្ថិតនៅក្នុង​តួ​ទូក​នោះ​យូរ​ប៉ុណ្ណា​ដែរ​។ ពួកវា​ប្រហែលជា​បាន​ជាប់​នៅក្នុង​តួ​ទូក​នោះ នៅពេលដែល​ពួកវា​នៅ​តូច​នៅឡើយ​»​។​

​នាង Mochon Collura និយាយថា តាម​ការធ្វើ​តេស្ត​ឌី​អ៊ិន​អេ (DNA) ទៅលើ​ពួក​ត្រី​ដែល​កំពុង​លូតលាស់​ពេញ​រូបរាង គេ​បាន​រកឃើញ​កំណត់​វិជ្ជមាន​ថា ពួក​ត្រី​ទាំងនោះ​មាន​ប្រភពដើម​ពី​តំបន់​ដែនសមុទ្រ​អាស៊ី​នៅ​ភាគ​ខាងកើត​។ ត្រី​ទាំងនោះ​ប្រហែលជា​អាច​រស់រានមានជីវិត​បាន​ដោយ​ការ​ចឹក​ស៊ី​រុក្ខជាតិ​សមុទ្រ​ដែល​ដុះ​នៅក្នុង​ទូក​ឬ​ស៊ី​អ្វីៗ​ដែល​ត្រូវបាន​បោកបក់​ចូលក្នុង​ទូក​នោះ​។​

​ពួក​ត្រី​ដែល​បានធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​មក​ទីនេះ​ត្រូវបាន​ទុក​ដោយឡែក​អស់​រយៈពេល​ប្រាំ​មួយខែ មុនពេល​ត្រូវបាន​វិនិច្ឆ័យ​ថា ពួកវា​ជា​ត្រី​មាន​សុវត្ថិភាព និង​សមស្រប​សម្រាប់​ការដាក់​បង្ហាញ​នេះ​។ អ្នក​ទៅ​ទស្សនា​សួន​ត្រី​នេះ គឺ​លោក Nicole Chason មកពី​ក្រុង Portland រដ្ឋ Oregon មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ដឹង​ពី​រឿងរ៉ាវ​របស់​ពពួក​ត្រី​ទាំងនេះ​។​

«​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ដែល​ដឹងថា​ត្រី​ទាំងនេះ​អាចធ្វើ​ដំណើរ​មកដល់​ទី​នេះ​បាន​។ ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹង​សប្បាយរីករាយ​នៅទីនេះ ហើយ​ពួកវា​ទទួល​ការយកចិត្តទុកដាក់​ដូច​ភ្ញៀវ​មក​ទស្សនា​សួន​ត្រី​នេះដែរ​»​។​

​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​ជីវ​វិទូ​ផ្នែក​ភាវៈ​ក្រោម​ទឹក​នៅ​តំបន់ឆ្នេរ​ភាគ​ខាងលិច បន្ត​ឃ្លាំមើល​កម្ទេចកម្ទី​ពី​រលក​យក្ស​ស៊ូណាមិ និង​ពពួកសត្វ​ដែលរ​សាត់អណ្តែត​មកជា​មួយ​។​

​លោក John Chapman គឺជា​អ្នកជំនាញ​ផ្នែក​ភាវៈ​ក្រោម​ទឹក​នៅឯ​មហាវិទ្យាល័យ​រដ្ឋ Oregon​។ លោក​និយាយថា ដែនទឹក​នៅ​តំបន់ឆ្នេរ​ភាគ​ពាយព្យ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប្រហែល​មាន​សភាព​ត្រជាក់​ខ្លាំង​សម្រាប់​សត្វ​ត្រី​ទាំងនោះ​បង្កាត់​ពូជ​។ ប៉ុន្តែ លោក​បាន​និយាយ​តាម​បណ្តាញ​ទំនាក់ទំនង Skype ថា មាន​ប្រភេទ​សត្វ​ដែលមាន​លទ្ធភាព​លុកលុយ​ជាច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​។​
«​បាទ​! មាន​ពពួក​ភាវៈ​ដែលមាន​សណ្ឋាន​មិនល្អ​នៅក្នុង​កម្ទេចកម្ទី​ទាំងនោះ​»​។​

​នៅក្នុង​កម្ទេចកម្ទី​ទាំងនោះ​រួមមាន​ទាំង ផ្កាយ​សមុទ្រ សា​រ៉ា​យ​សមុទ្រ និង​បរាសិត ដែល​អាច​វាទី​យក​កន្លែង​របស់​ពពួក​ភាវៈ​ដែលមាន​តាំងពីដើម​មក​។​

​សំណាងល្អ ទំហំ​នៃ​កម្ទេចកម្ទី​ដែល​គេ​សង្ស័យថា​មកពី​រលក​យក្ស​ស៊ូណាមិ ដែល​បោក​មក​ទើរ​លើ​តំបន់ឆ្នេរ​ភាគ​ពាយព្យ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​ថមថយ​កាលពី​ឆ្នាំមុន​។ អ្វីដែល​នៅ​សេសសល់​នៅ​ទីនោះ​កំពុងតែ​ធ្វើ​ឲ្យ​មានការ​លំបាក​នៅក្នុង​កា​រ​ញែក​ឲ្យ​ដាច់​ពី​សំណល់​ដទៃទៀត​នៅក្នុង​មហាសមុទ្រ​។ លោក Chapman និយាយថា តំបន់​នេះ​ហាក់ដូចជា​មានសំណាង​ខ្លាំងណាស់​។​

«​យើង​មិនមាន​ចម្លើយ​ចុងក្រោយ ដែលថា​យើង​បានគេច​ផុតពី​គ្រោះអាក្រក់​មួយ​នៅឡើយ​ទេ​។ យើង​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​នៅពេលនេះ​។ ប៉ុន្តែ ខ្ញុំ​គិតថា តាម​ការប៉ាន់ស្មាន​ត្រួសៗ​យើង​ប្រហែលជា​បានគេច​ផុត​ហើយ​»​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា ពេលខ្លះ​ពពួកសត្វ​ដែល​វាយលុក​លើ​ភាវៈ​ដទៃ​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​បង្កលក្ខណៈ​សម្បត្តិ​របស់​ពួកវា​ឲ្យ​បាន​គ្រប់គ្រាន់​។ ដូច្នេះ អ្នកវិទ្យាសាស្ត្រ​ផ្នែក​ភាវៈ​ក្រោម​ទឹកនឹង​មានការ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​។ មធ្យោបាយ​ចម្បង​មួយ​នៃ​ការតាមដាន​នោះ​គឺ ការដាក់​លោហៈធាតុ ឬ​បន្ទះ​ផ្លា​ស្ទិ​ច​នៅក្នុង​ទឹក​ដើម្បី​ឲ្យ​ឃើញថា តើ​មាន​អ្វីខ្លះ​លូតលាស់​នៅលើ​លោហៈ ឬ​បន្ទះ​ផ្លា​ស្ទិ​ច​ទាំងនោះ​។ បន្ថែម​ពីលើ​នេះ​ទៀត អ្នកសង្កេតការណ៍​ដែល​បានទទួល​ការហ្វឹកហ្វឺន​កំពុងធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ទៀត​ទាត់​ទៅលើ​ភាវៈ​រស់ក្នុង​សមុទ្រ ដែល​ស្ថិតនៅ​ខុស​ទីតាំង​នៅតាម​បណ្តោយ​ឆ្នេរ ឬ​គំនរ​ផ្សេងៗ​។ រដ្ឋាភិបាល​ជប៉ុន​បាន​ឧបត្ថម្ភ​ប្រាក់​បី​លាន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ការធ្វើ​គំរូ​ម៉ូ​ដែល​លើ​ការ​សាយភាយ​កម្ទេចកម្ទី​លើ​ផ្ទៃសមុទ្រ និង​ការត្រួតពិនិត្យ​តាម​បណ្តោយ​ឆ្នេរ​នៅ​ជុំវិញ​ជាយ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​៕

​ប្រែ​សម្រួល​ដោយ ណឹ​ម សុភ័ក្ត្រ​បញ្ញា​
សូមចុចទៅប្រភពដើម VOA ត្រង់នេះ




© រក្សាសិទ្ធិដោយ thmeythmey.com